កញ្ញា ឌួង ហ្សូរីដា ដឹកនាំមិត្តសិល្បករយកអំណោយ និងទឹកប្រាក់ជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា

នៅថ្ងៃទី 23 ខែធ្នូ ឆ្នាំ 2019 នេះ កញ្ញា ឌួង ហ្សូរីដា និងប្អូនស្រី ឌួង ហ្សូរីម៉ា ព្រមទាំងមិត្តសិល្បករដែលមកពីក្រុមបង្ហាញម៉ូដ Cambodia Super Model និងក្រុមសិល្បករគ្រួសារតារាកម្ពុជា បានចូលរួមចែករំលែកក្ដីស្រលាញ់ និង ប្រគល់អំណោយជូនដល់អង្គការ HHC និង កុមារខ្សោយសតិបញ្ញា។

ជាមួយការប្រឹង​ប្រែងរកថវិកាយកទៅប្រគល់ជូនអង្គការមួយនេះ កញ្ញា ឌួង ហ្សូរីដា បានប្រាប់ឡារ៉ែនថា នាងបានអំពាវនាវដល់សប្បុរសជនឱ្យបរិច្ចាគថវិកាជួយសាងសង់បន្ទប់ទឹក និងផ្ដល់ជាអង្ករ គ្រឿងឧបភោគបរិភោគ សរុបជាទឹកប្រាក់ប្រមាណជាង៥ពាន់ដុល្លារ ដើម្បីទៅទ្រទ្រង់ដល់អង្គការមួយនេះ ក្នុងនាមដែលនាងគឺជាទូតសុច្ឆន្ទៈ និង ចង់ឱ្យក្មេងៗទាំងនោះ មិនមានអារម្មណ៍ឯកោ។ កញ្ញាថា ក្មេងៗទាំងនោះពិតជាគួរឱ្យអាណិតណាស់ ដោយត្រូវដឹងក្ដីជាមួយនឹងស្មារតីមិនប្រក្រតី និងកាយសម្បទាមិនពេញលេញ ដែលត្រូវបានគេចាត់ទុកថាជាជនពិការដែរ។ នាងថាជំនួយ និងអំណោយដែលបានដឹកនាំយកទៅចាត់ចែងនោះមួយភាគធំបានពីលោកអគ្គនាយកបុរី វីអាយភី និង លោកស្រី និង មួយចំនួនបានពីការបរិច្ចាគពីក្រុមហ៊ុនរបស់នាង និង ពីសប្បុរសជនផ្សេងទៀត។ នាងបានថ្លែងអំណរគុណដល់សប្បុរសជន ជាពិសេសសិល្បកររបស់គ្រួសារតារាកម្ពុជា ដែលបានចំណាយពេលមកបង្កើតបរិយាសឱ្យក្មេងៗ បានសប្បាយរីករាយ និង ស្គាល់ពីភាពកក់ក្ដៅ។

ជាមួយគ្នានោះដែរ លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា បានផ្ដល់សម្ភាសប្រាប់ឡារ៉ែនថា ដើម្បីបំផុសឱ្យមានការយកចិត្តទុកដាក់ចំពោះកុមារពិការផ្នែកសតិបញ្ញា និង សរីរាង្គ ទើបលោកសម្រេចដឹកនាំសិល្បករជាសមាជិកប្រមាណជាង២០នាក់ឱ្យចូលរួម។ លោកថា ជាសកម្មភាពដែលគ្រួសារតារាកម្ពុជារមែងប្រកាន់ភ្ជាប់ ដើម្បីបំផុសអោយសិល្បករដែលជាសមាជិកឱ្យចែករំលែកក្ដីស្រលាញ់ និងជួយសង្គម។ លោកក៏គម្រោងនឹងចូលរួមក្នុងសកម្មភាពលើកស្ទួយជនពិការបែបនេះឱ្យបានឱ្យកាន់តែច្រើនផងដែរ៕

Advertisement