“ជំនោរ Art” ផ្សារភ្ជាប់សិល្បករ និងសាធារណជន ឱ្យស្វែងយល់ពីគ្នា

កណ្តាលក្រុងបាត់ដំបង តាមបណ្តោយផ្លូវលេខ 2កន្លះ មានការប្រមូលផ្តុំក្រុមវិចិត្រករ សិល្បករសហសម័យ ជាច្រើន​មកតាំងបង្ហាញផ្ទាំងគំនូរ គូរគំនូរ ព្រមទាំងបង្ហាញស្នាដៃសិល្បៈរបស់ខ្លួនជាសាធារណៈ ដោយបង្កើត​បាន​ជាទិដ្ឋភាពអ៊ូអរ ភ្ញាក់ផ្អើលដល់អ្នកទេសចរបរទេសនានាមកទស្សនាយ៉ាងច្រើនកុះករ។ ការរៀបចំស្នាដៃបង្ហាញនេះ រៀបចំឡើងដោយ​វិចិត្រករ និងជាសិល្បករ ផលិតករគំនូរជីវចល លោក ប៉ោយ ឈុនលី ជាមួយមិត្តសិល្បករ វិចិត្រករជាច្រើនផ្សេងទៀតក្នុងខេត្តបាត់ដំបង ដែលមានកេរ្តិ៍ឈ្នោះ​ និងមានសមត្ថភាពប្លែកៗពីគ្នា។លោក ប៉ោយ ឈុនលី ក៏បានផ្តល់សម្ភាស​ផងដែរ នៅក្នុងព្រឹត្តិការណ៍​តាំងពិព័រណ៍ជំនោរសិល្បៈក្នុងខេត្តបាត់ដំបងនេះថា៖ «ខ្ញុំតែងតែមានគោលបំណង​ផ្តល់អ្វីម្យ៉ាង​ដល់ខេត្តរបស់ខ្ញុំវិញ ជាការពិតណាស់​នេះជាការបង្ហាញសមត្ថភាពរបស់វិចិត្រករ​ ហើយយើងក៏ចង់ឱ្យ​អ្នកសិល្បៈចេះធ្វើការរួមគ្នាដើម្បីរីកចម្រើនជាមួយគ្នា»។ការរៀបចំ កម្មវិធីពិព័រណ៍សិល្ប:ចម្រុះ​របស់ “ជំនោរ ART” លើដងផ្លូវលេខ 2កន្លះ​ ក្នុងក្រុងបាត់ដំបង នេះបានធ្វើឡើងកាលពីថ្ងៃទី21-22 ខែធ្នូ ឆ្នាំ2019 ប្រកបដោយភាពជោគជ័យ ដោយ​ក្នុង​កម្មវិធី​មាន​ការចូលរួមពីសិល្បករ 70រូប ជាមួយការដាក់តាំងស្នាដៃជាង 400ផ្ទាំង ថែមទាំងមានការ​បង្ហាញសិល្បៈសម្តែងប្លែកៗដ៏ទាក់ទាញគួរឱ្យភ្ញាក់ផ្អើលតាំងពីម៉ោង 3រសៀលរហូតដល់ម៉ោង 9យប់។កម្មវិធីពិព័រណ៍សិល្ប:ចម្រុះ​របស់ “ជំនោរ ART” នេះ មានការគាំទ្រ និងចូលរួមទស្សនាពីមហាជនជាង 2,000នាក់ក្នុងរយៈពេល 2ថ្ងៃកន្លងទៅនេះ លោក ប៉ោយ ឈុនលី បានបញ្ជាក់ប្រាប់ថា គម្រោងនេះត្រូវបានលោកគិតទុកអស់រយៈពេល 5ឆ្នាំមកហើយ ហើយការរៀបគម្រោង​ 3ខែចុងក្រោយនេះទើបសម្រេចចេញជារូបរាង ដោយឥតមានអ្នកឧបត្ថម្ភទេ តែនេះជាការចូលរួម​គ្នា​ពីសិល្បករទាំងអស់។លោក ឈុនលី ប​ន្តថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះ​របស់ “ជំនោរ ART” នឹងត្រៀមខ្លួនបង្ហាញ​វត្តមានកាន់តែធំ និងពិសេសជាងឆ្នាំនេះទៀតនៅឆ្នាំក្រោយ។ ដោយសារសង្កេតឃើញការពេញនិយម​ ពិសេសទទួលបានការគាំទ្រគ្រប់មជ្ឈដ្ឋានបែបនេះ ទើបលោកយល់ថា កម្មវិធីពិព័រណ៍សិល្ប:ចម្រុះ​របស់ “ជំនោរ ART” នឹងមានឥទ្ធិពល​ក្នុងតំបន់អាស៊ីនៅថ្ងៃខាងមុខ ឱ្យតែមានការរួបរួមគ្នាពី​សិល្បករខ្មែរ ទាំងក្មេងចាស់ គ្រប់សម័យ ដើម្បីប្រយោជន៍ និងកេរ្តិ៍ឈ្មោះជាតិជាធំ៕

Advertisement