មួយ​បទ​របស់​ ​ជុំ​ ​លី​ណូ​ ​ត្រូវ​បាន​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​លើក​សរសើរ​ផ្ដល់​កម្លាំងចិត្ត​

ថ្មី​ៗ​នេះ​បទចម្រៀង​បែប​អប់រំ​មនុស្ស​នៅក្នុង​សង្គម​ ​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ ​MV​ ​ជា​ផ្លូវការ​ ​និង​ទទួល​បានការ​គាំទ្រ​ច្រើន​ ​ពី​ប្រិយមិត្ត​អ្នកស្ដាប់​រួចមក​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​ក៏​ទទួល​បានការ​កោតសរសើរ​យ៉ាង​ពិសេស​ ​ពីសំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ​គឺ​សម្ដេច​តេជោ​ហ៊ុន​សែន​ ​ថា​ ​តារាចម្រៀង​រូប​នេះ​មាន​សំនៀងពីរោះ​ ​និង​ស្រដៀងគ្នា​ទៅ​នឹង​សំឡេង​របស់​តារាចម្រៀង​ ​ខេម​ ​ពោល​គឺ​ពីរោះ​ម្យ៉ាង​ម្នាក់​ ​ពេល​បកស្រាយ​បទចម្រៀង​។​

​ថ្លែង​ជា​សាធារណៈ​កាលពី​ពេល​កន្លងទៅ​ ​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​បាន​លើកឡើង​ថា​ ​សំឡេង​របស់​តារាចម្រៀង​លោក​ ​ជុំ​ ​លី​ណូ​ ​និង​តារាចម្រៀង​ ​ខេម​ ​មាន​លក្ខណៈ​ប្រហាក់​ប្រហែលគ្នា​ ​ជាពិសេស​ពេល​បកស្រាយ​បទ​ ​«​ទំនួញ​អក​ឈ្មោល​»​ ​និង​បទ​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​ដែល​ធ្វើឲ្យស​ម្ដេច​ ​មានការ​ពេញចិត្ត​ ​រាល់ពេល​អ្នក​ទាំងពីរ​បកស្រាយ​បទ​ចម្រៀង​ម្ដង​ៗ​។​

​តារាចម្រៀង​ ​ជុំ​ ​លី​ណូ​ ​បាន​សម្ដែង​នូវ​អារម្មណ៍​រំភើប​ ​សប្បាយរីករាយ​ជា​ពន់ពេក​ ​ដែល​ទទួល​បានការ​កោតសរសើរ​ ​ពី​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​។​ ​មួយវិញទៀត​ ​សម្រាប់​បទចម្រៀង​ដែល​មាន​ចំណងជើង​ថា​ ​«​ទឹកភ្នែក​ម្ដាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​មួយ​បទ​នេះ​ ​លោក​ ​ជុំ​ ​លី​ណូ​ ​បាន​ខិតខំ​សម្រិតសម្រាំង​ក៏ដូចជា​ផលិត​ឡើង​ ​ដើម្បី​អប់រំ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​នា​ពេល​បច្ចុប្បន្ន​ ​ឲ្យ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ ​ជាពិសេស​នោះ​គឺ​យល់ដឹង​ច្បាស់​ពី​ផល​អាក្រក់​របស់​គ្រឿងញៀន​ ​ដែល​អាច​បំផ្លាញ​មនុស្ស​ ​និង​ប្រទេសជាតិ​។​

​ដោយឡែក​ ​បន្ទាប់ពី​បទចម្រៀង​ ​«​ទឹកភ្នែក​ម្តាយ​ស្រក់​លើ​ខ្នោះដៃ​កូន​»​ ​បាន​ចេញ​ជា​ ​MV​ ​ហើយ​ ​លោក​នឹង​ផលិត​នូវ​ ​MV​ ​បទចម្រៀង​ ​«​ប្រាក់​រៀល​ចិត្តស្មោះ​»​ ​មួយ​បទ​ទៀត​ ​បន្ទាប់ពី​បទចម្រៀង​ទាំងពីរ​នេះ​ទទួល​បានការ​គាំទ្រ​ ​ហើយ​លោក​នឹង​ព្យាយាម​ផលិត​នូវ​បទចម្រៀង​ ​បែប​អប់រំ​មនុស្ស​ក្នុង​សង្គម​បន្ថែម​ទៀត​ឲ្យបាន​ច្រើន​៕​

Advertisement