Katy Perry រងការរិះគន់ធ្ងន់ពីក្រុមអភិរក្សសត្វខ្លាឃ្មុំ Koala

កំពូលតារាចម្រៀងស្រី Katy Perry ថ្មីៗនេះបានរៀបចំការប្រគំតន្រ្តីរបស់ខ្លួននៅប្រទេសអូស្ត្រាលី ហើយនាងបានធ្វើជាវីដេអូផ្សព្វផ្សាយមួយសម្រាប់អ្នកគាំទ្រនាង ដើម្បីឱ្យពួកគេមានឱកាសក្នុងការឈ្នះនូវសំបុត្រចូលទស្សនាឥតគិតថ្លៃជាច្រើនសន្លឹក ដែលនៅក្នុងស្ប៉តពាណិជ្ជកម្មនេះ គេសង្កេតឃើញមានគំនិតនៃការប្រើសត្វសុនខមកធ្វើជាឈុតឆាកកំប្លែងទាក់ទាញម៉្យាង ប៉ុន្ដែជាអកុសល តារាស្រីរូបនេះបានប្រើពាក្យមួយឃ្លាដែលបញ្ជាទៅសត្វសុនខរបស់ខ្លួនថា “ទៅប្រមាញ់ខ្លាឃុំ Koala មួយក្បាលមក” ដែលធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ក្រុមអ្នកអភិរក្សសត្វខ្លាឃ្មុំតូចល្អិតដ៏គួរឱ្យស្រឡាញ់នេះ រួមទាំងក្រុមពេទ្យសត្វដែលស្រឡាញ់ខ្លាឃ្មុំ Koala នេះផងដែរ។

ក្នុងគោលបំណងដែលចង់ឱ្យប្រិយមិត្តទស្សនិកជនបានដឹងថា នាងបានមកប្រគំតន្ត្រីនៅប្រទេសអូស្ត្រាលីនោះ នាងលើកឡើងនូវពាក្យថា Koala ដែលជាសត្វនិមិត្តសញ្ញារបស់ប្រទេសអូស្ត្រាលី មកបញ្ចូលក្នុងការធ្វើវីដេអូផ្សព្វផ្សាយ តែមិនគប្បីនាងប្រើឃ្លាជ្រុលហួសបែបដូច្នោះឡើយ តែក្នុងខណៈនេះក្រុមការងាររបស់នាងបានព្យាយាមលុបវីដេអូត្រង់ឈុតឆាកនោះ និងកាត់ចោលនូវពាក្យមួយឃ្លានោះទាំងស្រុងហើយ។

ក្រុមមូលនិធិ Australia Koala Foundation បានលើកឡើងថា “ក្នុងមួយឆ្នាំៗ មានសត្វខ្លាឃ្មុំតូច Koala ចំនួនជាង 100 ក្បាលត្រូវសត្វសុនខខាំសម្លាប់នៅក្នុងរដ្ឋ Queensland អ៊ីចឹងហើយទើបពួកយើងត្រូវមកពិភក្សាជាមួយតារាចម្រៀងស្រីរូបនេះ និងត្រូវចំណាយពេលវេលាជាមួយនាងនៅក្នុងសួនសត្វព្រៃ ដើម្បីពន្យល់នាងឱ្យបានយល់ថា មូលហេតុអ្វីបានជានាងមិនស័ក្ដសមនឹងមកប្រគំតន្ត្រីនៅក្នុងប្រទេសអូស្ត្រាលីនេះ”។

រីឯខាងឃោសនារបស់ក្រុមហ៊ុន Myer ក៏បានពិចារណាចំពោះបញ្ហាដែលបានលើកឡើងនេះដែរ និងក៏បានកាត់ចោលនូវពាក្យដែលតារាស្រី Katy Perry និយាយដល់សត្វខ្លាឃ្មុំ Koala ចោលផងដែរ ហើយនៅទីបំផុតក៏បង្ហោះវីដេអូថ្មីដែលបានកាត់តហើយនោះសាជាថ្មីម្ដងទៀតផងដែរ៕

Advertisement