ជេស៊ី រំពឹងអាជីពថ្មីទទួលបានជោគជ័័យ

កញ្ញា ទៀង ម៉ីលិ ត្រូវបានគេចាត់ទុកថា ជាតារាសិល្បៈមួយរូបកំពុងមានមហិច្ឆតាក្នុងអាជីពសិល្បៈ   ខណៈមហាជនទើបតែបានឃើញនាងសម្ដែងក្នុងរឿង «អូនជាកែវភ្នែកបង» ដែលបានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ9  ស្រាប់តែថ្មីៗនេះនាងបានបង្ហាញខ្លួនក្នុងនាមជាតារាចម្រៀងក្នុងក្រុម Girls Girls បន្ថែមទៀត។

បើតាមការឱ្យដឹង កញ្ញាទៀង ម៉ីលិ ហៅ ជេស៊ី បានប្រាប់ថា ក្រុមតារាចម្រៀងGirls Girls មានសមាជិកស្រីបួននាក់ ដែលមានកញ្ញាព្រះកាយច័ន្ទ ជាប្រធានក្រុម។ នាងបន្ដថា ក្រុមចម្រៀងនេះបានបង្កើតឡើងជាច្រើនខែមកហើយ និងព្រោះតែសម្ងំបង្កើតបទ Original Song និងក្បាច់រាំល្អៗសម្រាប់បម្រើដល់អារម្មណ៍មហាជននោះ  ទើបតម្រូវឱ្យពួកគេសម្រេចចិត្ដឡើងបង្ហាញសមត្ថភាពលើឆាកតន្រ្ដីកាលពីពេលថ្មីៗនេះ។

ជេស៊ី បញ្ជាក់ថា មូលហេតុដែលនាងចង់ងាកមកចាប់អាជីពចម្រៀង គឺដោយសារតែនាងមើលឃើញថា អាជីពចម្រៀងមានឱកាសទទួលបានភាពល្បីល្បាញឆាប់ជាងការសម្ដែង។ ម្យ៉ាងបច្ចុប្បន្នតារាចម្រៀងស្រីដែលបង្កើតជាក្រុមហាក់មានកម្រិតតិចតួចនៅឡើយ  ដូច្នេះធ្វើឱ្យក្រុមនាងមានក្ដីរំពឹងច្រើនក្នុងការទាញយកប្រជាប្រិយភាពពីមហាជន។ នាង ប្រាប់ទៀតថា ខណៈដែលក្រុមចម្រៀងនាងឡើងសម្ដែងសមត្ថភាពលើឆាកប្រគំតន្រ្ដីតាមស្ថានីយទូរទស្សន៍ទើបតែបានចំនួន3កន្លែង មាន MYTV  CTN និង SEA TV នោះ ក៏ស្រាប់តែទទួលបានការចាប់អារម្មណ៍ពីបណ្ដាអ្នករៀបចំកម្មវិធីប្រគំតន្រ្ដីធំៗរបស់ក្រុមហ៊ុនទាំងនោះភ្លាមតែម្តង។ តែទោះយ៉ាងណាក្រុមរបស់នាងពុំទាន់សម្រេចចិត្ដទទួលយកការងារមួយណានៅឡើយ។

ជេស៊ី បញ្ជាក់ថា៖ «មូលហេតុដែលយើងពុំទាន់ទទួលការងារទាំងនោះ ព្រោះតែយើងចង់បង្កើតបទថ្មីៗ និងក្បាច់រាំឱ្យបានច្រើនជាងនេះបន្ដិចទៀត និងជាពិសេសយើងត្រូវការពង្រឹងសមត្ថភាពឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីឱ្យពេលចេញទៅ គឺទទួលបានការគាំទ្រច្រើនតែម្តង ជាជាងប្រញាប់បានបង្ហាញខ្លួនទៅតាមបណ្ដាខេត្ដនានាមែន ប៉ុន្ដែទទួលបានការរិះគន់មកវិញ»។
ទោះជាយ៉ាងណាតារាចម្រៀងរូបនេះបញ្ជាក់ថា ទោះបីជានាងស្រឡាញ់អាជីពសម្ដែងខ្លាំងក៏ដោយ ប៉ុន្ដែបើការច្រៀងមានភាពមមាញឹកខ្លាំង នាងអាចនឹងឈានទៅដល់ការផ្អាកអាជីពសម្ដែងទុកមួយអន្លើសិនក៏អាចថាបានដែរ៕

Advertisement