មហោស្រពភាពយន្តខ្លីចតុមុខ 2017 ពន្យារពេលរង់ចាំផលិតករវ័យក្មេង

នៅព្រឹកថ្ងៃទី30 ខែមិថុនា ឆ្នាំ2017 គណៈកម្មការមហោស្រពភាពយន្តខ្លីចតុមុខ សហការជាមួយក្រុម កុនខ្មែរ កូនខ្មែរ បានបើកពិធីសម្ពោធការប្រកួតមហោស្រពភាពយន្តខ្លីចតុមុខ ( CSFF ) នៅបរិវេណមជ្ឈមណ្ឌល Bophana ដែលមានការចូលរួមពីវត្តមានវាគ្មិនកិត្តិយសដូចជា លោក ជា សុភាព អ្នកគ្រប់គ្រង និងជាតំណាងមជ្ឈមណ្ឌល Bophana លោក ស៊ុំ ស៊ីថែន អ្នកតំណាងកុនខ្មែរកូនខ្មែរ លោក ជា សុខ ហី ប្រធានមហោស្រពកុនខ្លីចតុមុខ លោក សៅ សុខនី ប្រធានគ្រប់គ្រងរោងភាពយន្ដ Major Cineplex និងវត្តមានឯកឧត្តម ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។

ដោយសារតែមានការទាមទារសុំពេលវេលាបន្ថែមក្នុងការផលិតកុនខ្លីសម្រាប់ដាក់ប្រកួតនៅក្នុងកម្មវិធីខាងលើនេះ លោក ជា សុខ ហី បានថ្លែងប្រាប់អ្នកយកព័ត៌មាន ឡារ៉ែន ថា ” មហោស្រពភាពយន្ដខ្លីចតុមុខសម្រេចពន្យារពេលទទួលពាក្យសុំចូលរួមប្រកួត ដោយលើកពីថ្ងៃទី15 ខែកក្កដា ឆ្នាំ2017 ទៅបញ្ចប់ការទទួលពាក្យត្រឹមថ្ងៃទី15 ខែសីហា ឆ្នាំ2017 វិញ ព្រោះដោយសារមានការទទូចទាមទារពេលវេលាបន្ថែមពីផលិតករវ័យក្មេង ហើយរហូតមកដល់ពេលនេះ គឺខាងក្រុមការងារយើងទទួលបានកុនខ្លីចំនួន 18 ហើយជាកុនក្នុងស្រុក និង 3030រឿងជាកុនអន្ដរជាតិ ដូច្នោះការប្រកួតមាន 2 ជម្រើសសម្រាប់ផលិតករវ័យក្មេង អាចប្រកួតក្នុងស្រុក និងឆាកអន្ដរជាតិបានអាស្រ័យចំណង់ចិត្តរបស់ពួកគាត់”។

ប្រធានមហោស្រពកុនខ្លីចតុមុខបានបន្ថែមទៀតថា “សម្រាប់អ្នកឈ្នះរង្វាន់ជយលាភីលេខ 1 និងទទួលបានទឹកប្រាក់រង្វាន់4 លានរៀល និងពានរង្វាន់មាសផងដែរ ហើយនៅក្នុងនោះគឺយើងសម្រេចយកកុនខ្លីខ្មែរចំនួន 20 រឿង និងបរទេស 80 រឿងដើម្បីបន្ដទៅវគ្គផ្ដាច់ព្រ័ត្រ ហើយអ្នកដែលទទួលបានជយលាភីនឹងទទួលបានឱកាសទៅសិក្សាការផលិតភាពយន្ដវគ្គខ្លីនៅបរទេសទៀតផង” ។

នៅក្នុងនោះឯកឧត្តម ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា “ដើម្បីឱ្យការប្រកួតភាពយន្តខ្លីចតុមុខបន្ដធ្វើទៀតបាន លុះត្រាតែគណៈកម្មការកាត់សេចក្ដីទាំងអស់នៅក្នុងកម្មវិធីនេះមានតម្លាភាពច្បាស់លាស់ ទើបយុវផលិតករមានទឹកចិត្តបន្ដចូលផលិត និងដាក់ប្រកួតនៅក្នុងកម្មវិធីនេះ”។

ជាចុងក្រោយឯកឧត្តម ជា ចន្ទបរិបូរណ៍ បានអំពាវនាវចំពោះផលិតករវ័យក្មេងទាំងឡាយ និងលើកទឹកចិត្តឱ្យចូលរួមប្រកួតក្នុងកម្មវិធីមហោស្រពភាពយន្តខ្លីចតុមុខ ថា “រាល់ភាពយន្តទាំងអស់ដែលបានដាក់ប្រកួតក្នុងស្រុក ហើយជាប់ជាជម្រើសនៅក្នុងកម្មវីធីនេះ យើងនឹងស្នើសុំយកទៅចាក់បញ្ចាំងនៅក្នុងទូរទស្សន៍ជាតិកម្ពុជា(ទទក) ដើម្បីបង្ហាញពីសមត្ថភាពយុវជនយើងអាចធ្វើបាន និងជំរុញការលើកទឹកចិត្ត ហើយយើងនឹងរៀបចំលើសពីឆ្នាំមុន ដោយក្រសួងព័ត៌មានដែលគាំទ្រកម្មវិធីនេះ គឺរៀបចំកម្មវិធីអញ្ជើញផលិតកររបស់រឿងនីមួយៗ និងបកស្រាយអំពីស្នាដៃខ្លួន និងចាក់បញ្ចាំងតែម្ដង”៕

Advertisement