ពៅ លីដា បដិសេធការចេញទៅក្រៅ ព្រោះខ្លាចបាត់ទីផ្សារក្នុងស្រុក

កាលពីឆ្នាំ2016 កន្លងទៅ កញ្ញាពៅ លីដា បានខិតខំពង្រីកទីផ្សារនៅក្រៅប្រទេសជាខ្លាំងដើម្បីទទួលបានការគាំទ្រពីប្រជាជនខ្មែរដែលរស់នៅបរទេស តែថ្មីៗនេះស្រាប់តែនាងបានបង្ហាញពីការផ្លាស់ប្ដូរចិត្ដថា ទោះជាមានការអញ្ជើញពីអ្នកឧបត្ថម្ភកម្មវិធីពីក្រៅប្រទេសក្តី ក៏នាងអត់ទៅដែរ។

ការបញ្ជាក់របស់កញ្ញា ពៅ លីដា នេះបានធ្វើឱ្យប្រិយមិត្ដទាំងឡាយមានចម្ងល់ជាខ្លាំងថា តើនាងធ្លាប់មានបញ្ហាអ្វីនៅទីនោះទេដឹង? បានជាបដិសេធនូវការអញ្ជើញទៅក្រៅប្រទេសបែបនេះ ព្រោះកន្លងមកមានអ្នកសិល្បៈជាច្រើនតែងប្រាថ្នាចង់ទៅក្រៅប្រទេសម្ដងហើយម្ដងទៀត ព្រោះគេគិតថាជាឱកាសក្នុងការរកប្រាក់បានច្រើន។

កញ្ញា ពៅ លីដា បញ្ជាក់ប្រាប់ថា នាងគ្មានបញ្ហាអ្វីឡើយ ដំណើរការចេញទៅក្រៅប្រទេសកាលពីឆ្នាំ2016 កន្លងទៅមានភាពល្អប្រសើរ ទទួលបានការគាំទ្រ និងអាណិតស្រឡាញ់ពីសំណាក់បងប្អូនប្រជាជនខ្មែររស់នៅទីនោះច្រើនណាស់ រហូតធ្វើឱ្យនាងចងចាំអនុស្សាវរីយ៍ល្អៗជាច្រើនទៀតផង។ នាងបន្ដថា៖ «មូលហេតុដែលខ្ញុំផ្អាកការចេញទៅសម្ដែងក្រៅប្រទេស ព្រោះខ្ញុំគិតថាខ្ញុំបានចេញទៅក្រៅប្រទេសច្រើនសមល្មមឱ្យពុកម៉ែ បងប្អូនគាត់ស្គាល់យើងហើយ។ ផ្ទុយទៅវិញខ្ញុំក៏បារម្ភចំពោះទីផ្សារក្នុងស្រុកដូចគ្នា ខណៈដែលកាលពីចុងឆ្នាំ2016 ខ្ញុំត្រូវចេញទៅអាមេរិកផង និងទៅជប៉ុនផងហូតដល់ធ្វើឱ្យបាត់ឱកាសការងារនៅក្នុងស្រុកអស់មួយចំនួនធំ»។

តារាសម្ដែងមានបទពិសោធក្រាស់ក្រែលរូបនេះបានបន្ដថា តាមពិតឱកាសនៃការរកប្រាក់ចំណូលនៅទីណាក៏ល្អដូចគ្នាដែរឱ្យតែទទួលបានការងារច្រើន មួយរយៈមុននាងសម្រុកទៅក្រៅប្រទេសព្រោះចង់ពង្រីកប្រជាប្រិយភាពនៅក្រៅប្រទេសបន្ថែម តែបច្ចុប្បន្នទីផ្សារសិល្បៈនៅក្នុងស្រុកក៏កំពុងតែមានភាពមមាញឹកខ្លាំងណាស់ដែរ ទើបធ្វើឱ្យនាងមិនចង់លែងឱកាសទាំងនេះចោលទៀតទេ។

ចូលមកដល់ពាក់កណ្ដាលឆ្នាំ2017 នេះ កញ្ញាពៅ លីដាទទួលបានឱកាសថតជាតួឯកនៅក្នុងរឿងភាគទូរទស្សន៍បានចំនួន 4រឿង ប៉ុន្ដែដោយសារតែអ្នកដឹកនាំតម្រូវឱ្យនាងចេញថតចំពេលវេលាតែមួយធ្វើឱ្យនាងត្រូវបោះបង់ចោលទៅវិញចំនួន 2 រឿង។

កញ្ញា ពៅ លីដា បញ្ជាក់ថា៖ «ខ្ញុំពិតជាមានអារម្មណ៍ស្ដាយណាស់ ប៉ុន្ដែវាពិតជាមានការលំបាកមែន ព្រោះបច្ចុប្បន្នរវល់ការងាររកស៊ីផង រវល់សិល្បៈផង ប្រសិនបើជ្រើសរើសយកការងារច្រើនក្នុងពេលតែមួយប្រហែលអាចនឹងធ្វើឱ្យគេមិនបានល្អ ដូច្នេះទើបសម្រេចយកតែពីររឿងសិន»៕

Advertisement