ដួង ហ្សូរីដា ខឹងកូនក្រុមបង្ហាញម៉ូដ Cambodia Super Model ចង់ដើរចេញពេលដុះស្លាប

ភ្នំពេញៈ  ទំនងជា​អត់​ទ្រាំ​នឹង​ដំណឹង​ក្រុម​តារា​ម៉ូដែល​​ជា​ច្រើន​ដួង​គ្រោង​​ដើរ​ចេញ​ពី​ក្រុម​បង្ហាញ​ម៉ូដ​ Cambodia Super Model ដែល​​ពិធីការិនី​កញ្ញា ដួង ហ្សូ​រី​ដា ជា​ប្រធាន​ក្រុម​ ​និង​​អ្នកគ្រប់​​គ្រង​​​​​​នោះ ក៏​បាន​​ចេញ​សារ​ប្រតិកម្ម​​ខ្លាំង​បោះ​ពាក្យ​សម្ដី​ថា ​«កាល​មិន​ទាន់​​ល្បី​រត់​រក បាន​ល្បី​រត់​ចេញ​»។

ពី​គណនី​ហ្វេស​ប៊ុក​កញ្ញា បាន​​បង្ហោះសារ​​​ប្រតិកម្ម​យ៉ាង​វែង​​​អន្លាយ​​ថា៖ «កាល​មិន​ទាន់​ល្បី មក​សុំ​ជ្រក​ក្រោម​ដំបូល​ក្រុម ដំបូល​ក្រុមហ៊ុន មិន​​សូវ​ខ្វល់​ពី​តម្លៃ​​ឈ្នួល​​ការងារ​​ទេ ធ្វើ​ម៉េច​ឲ្យ​តែបាន​ចេញ​មុខ​ក្នុង​ក្រុម​ជាមួយបងៗតារា​បង្ហាញ​ម៉ូត​ល្បី​នៃ Cam​bo​dia Super Models ដល់​​តែ​ពេល​ក្រុម​ហ៊ុន​ប្រូ​ម៉ូត​ឲ្យ​​ឡើង​ល្បី​បញ្ចូ​ន​​ឈ្មោះ​ឲ្យ​ធ្វើ MC តាម​ប៉ុស្តិ៍​ប​ញ្ចូ​ន​​ឈ្មោះ​ឲ្យ​​ខាង​ខ្សែ​ភាពយន្ត ដល់​ពេល​គេ​ល្បី មាន​​​​អ្នក​ខ្លះ​ក៏​នៅ​រក្សា​ធាតុ​ដើម តែ​អ្នក​​ខ្លះ​ក៏​ដុះ​ស្លាប ហើរ​ទៅ​បាត់​ដោយ​ភ្លេច​កំណើត»។ កញ្ញា​​​​បាន​គាស់​កកាយ​​ដំណើរ​​ចាប់​​​ផ្តើម​សិល្បៈ​របស់​កូន​ក្រុម​ថា៖​ ​«មាន​អ្នក​ខ្លះ​ភ្លេច​គិត​ថា ​ពេល​​មិន​ទាន់​ល្បី រក​តែ​លុយ​ជិះ​ម៉ូតូ​​​ដុប​​មក​បើក​លុយ មិនបាន​ផង ម្តាយ​​ឈឺ​ផង សុំ​ឲ្យ​​បង​ ហ្សូ​ ជួយ​រក​ការ​ងារ​ឲ្យ​ធ្វើ ឲ្យ​តែ​បាន​​លុយ​ឲ្យ​​ម៉ែ​បង់​ថ្លៃ​ពេទ្យ តែ​ដល់​ឥឡូវ​​ឡើង​កូដ បែរ​ជា​បំភ្លេច​ក្រុម​​ហើយ​ព្យាយាម​ឲ្យ​​ខ្លួនឯង​លេច​ធ្លោ​តែ​ម្នា​ក់​ឯ​ង ដោយ​ការ​គ្រប់គ្រង​របស់​ក្រុម​ផ្សេង»។

យ៉ាងណា​​​ប្រធាន​​ក្រុម​តារា​បង្ហាញ​​​ម៉ូដ​រូបនេះ​ ក៏​មិន​ភ្លេច​​​លើក​​សរសើរ​អ្នក​នៅ​តស៊ូ​ជាមួយ​ក្រុម​ដោយ​ថា​៖ «ក៏​អរគុណ​ដល់​សមាជិក​ក្រុម​របស់​យើង​ដទៃ​ទៀត​​ដែល​នៅតែ​ល្អ​នឹង​គ្នា​ទោះបី​​មានគ្រួសារ មាន​បាន ហើយ​ក្តី តែ​នៅ​តែ​រក្សា​កំណើត​ល្អ​របស់​ខ្លួន​ដដែល»។

កញ្ញា ឌួង ហ្សូរីដា​ បន្ត​​​ថា៖ «សួរ​ថា​​កាល​ដែល​លោក អ្នក មិន​ទាន់​​ល្បី មាន​អ្នក​​​ទាំង​អស់​ហ្នឹង​គេ​នឹក​ឃើញ​លោក​អត់? កុំ​ប្តូរ​ចរិត​លឿន​ពេក​ណា​ប្រ​យ័​ត្ន​ធ្លាក់​ក្តុក​មក​វិញ​ទៅ»។ ឆ្លើយ​ត​ប​នឹង​សារ​ប្រតិ​កម្ម​របស់​ប្រ​ធាន​ក្រុម​បង្ហាញ​ម៉ូដ Cambodia Super Model កញ្ញា ឌួង ហ្សូរីដា ​​​ក៏​មាន​អ្នក​ចូលរួម​បញ្ចេញ​​មតិ​ជា​ច្រើន​ ។ ដោយ​ពួកគេ​លើ​ក​ឡើងថា៖ «ធម្មតា​​ទេ​​ អ្នក​ខ្លះ​មិ​ន​ទា​ន់​នឹង​បាន​ក្លាយ​​ជា​អ្វី​ឲ្យ​អស្ចារ្យ​ផ​ង​ សម្ដី​​ឈ្លើយ​ភ្លេ​ច​កំណើត​បាត់​ទៅ​ហើ​យ»។ ​ខណៈ​​ខ្លះ​ទៀត​សរសេរ​​ក្នុង​ន័យ​គាំទ្រ​ប្រធាន​ក្រុម​​បង្ហាញ​ម៉ូដថា៖​ «​​ជុង​មិន​ដែល​ភ្លេច​កុក​ទេ មេអំបៅ​ភ្លេច​ខ្លួន​ជា​ដង្កូ​វ»។​

​ទន្ទឹម​នឹង​នេះ​​​ ក៏​ឃើញ​មាន​អ្នកនាង ចន ច័ន្ទ​លក្ខិណា ក៏​​ជា​​​សមាជិក​ក្នុង​ក្រុម​​បង្ហាញ​ម៉ូដ Cambodia Super Model ដែល​​គ្រប់​គ្រង​ដោយ​ កញ្ញា ឌួង ហ្សូរីដា នោះ ក៏​លើក​ឡើង​​ថា៖ «បែក​តែ​អ្នក​​ចង់​បែក និង ចង់​រក​ទី​ផ្សារ​ខ្លួនឯង​ដោយ​មិន​ចង់​នៅ​ក្រោម​ក្រុមហ៊ុន»។ ប្រធាន​ក្រុម​បង្ហាញម៉ូដ ដែល​ប្រតិកម្ម​​​​រឿង​កូន​​​ក្រុម​ដើរ​ចេញ​នោះ កញ្ញា ឌួង ហ្សូរីដា ក៏​មិន​បង្ហាញ​ដែរ​​ពី​ឈ្មោះ​​​អ្នក​ចង់​​បែក​​ពី​ក្រុម ​ប៉ុន្តែ​កញ្ញា​​ប្រាប់​ថា៖ «អ្វី​​​ដែល​ខ្ញុំ​​លើក​​​ឡើង​នោះ ក៏​មិន​មែ​ន​​​ចង់​​​ចង​ជើង​​តារា​ម្នាក់​​ណា​នៅ​​ក្នុង​ក្រុម​នោះ​ដែរ ព្រោះ​ជាទី​ផ្សារ​របស់​​គេ។ តែ​អ្វី​ដែល​ខ្ញុំ​តូច​ចិត្ត​និង​និ​យា​យ​​នេះ សូម​កុំ​ឲ្យ​តែ​ពួកគាត់​ភ្លេច​កំណើត​នោះ​ខ្ញុំ​ទទួល​យក​បាន​ហើយ​»៕

Advertisement