«ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» នេះជាការវាយឫកឬមិនមែន?

មួយរយៈចុងក្រោយនេះគេមើលឃើញថា VJ អាណូ ចាប់ផ្ដើមបង្ហាញវត្ដមានក្នុងវិស័យសិល្បៈវិញហើយ ជាមួយគ្នានេះដែរនាងបាននិយាយថា «ចង់ហៅ ណូ ថតទាល់តែប្រាប់កន្លះខែមុន» គ្រាន់តែស្ដាប់ឮពាក្យនេះភ្លាម ធ្វើឱ្យកើតមានការងឿងឆ្ងល់មួយឡើងថា ហេតុអ្វីបានជាអាណូ ចាំបាច់មានក្រឹត្យក្រមអីបែបហ្នឹង?។

ចាប់តាំងពី VJ អាណូ ប្រកាសខ្លួនថានាងវិលត្រឡប់ចូលសិល្បៈវិញនោះ មួយរយៈចុងក្រោយនេះនាងទទួលបានការងារយ៉ាងច្រើនមានទាំងការថតខារ៉ាអូខេ និងមានផលិតកម្មចង់បាននាងថតចំនួន4រឿងក្នុងអំឡុងខែសីហាខាងមុខនេះ។ តើនេះបណ្ដាលមកពីនាងទទួលបានការងារសិល្បៈច្រើនហើយឬ បានជានាងប្រើពាក្យពេចន៍បែបនេះ?

កញ្ញា សួន ភក្ដី ហៅ VJ អាណូ បានលើកឡើងថា ការបញ្ជាក់បែបនេះមិនមែនសម្ដែងចេញឱ្យឃើញពីការបដិសេធ ឬជាការវាយឫកអ្វីទេ តែផ្ទុយទៅវិញនាងគ្រាន់តែចង់ប្រាប់ដំណឹងដល់អ្នកដឹកនាំរឿង ឬអ្នករៀបចំកម្មវិធីឱ្យដឹង ងាយស្រួលនាងរៀបផែនការការងារតែប៉ុណ្ណោះ ព្រោះសព្វថ្ងៃក្រៅពីការងារសិល្បៈ នាងក៏រវល់ជាមួយការរកស៊ីផងដែរ។ អាណូ បន្ដថា៖«សព្វថ្ងៃនេះមុខរបរលក់បាយរបស់ខ្ញុំដាច់ខ្លាំងដែលនឹកស្មានមិនដល់ ពេលខ្លះទាមទារឱ្យខ្ញុំត្រូវនៅប្រចាំដើម្បីមើលការខុសត្រូវក្នុងហាង ដូច្នេះហើយទើបខ្ញុំចង់ដឹងមុន ងាយស្រួលឱ្យខ្ញុំរៀបចំរបរមុខរកស៊ីកុំឱ្យប៉ះជាមួយការងារសិល្បៈ»។

VJ អាណូ បញ្ជាក់ថា រហូតមកដល់ពេលនេះនាងអាចលក់បាយបានជាមធ្យមប្រមាណ350ប្រអប់តាមរយៈការកុម្ម៉ង់ទិញតាមទូរស័ព្ទ។ នាងបន្ដថា ដំបូងនាងគ្រាន់តែចង់លក់តាម Online ឬសម្រាប់តែអ្នកសិល្បៈកុម៉្មង់សម្រាប់យកទៅហូបពេលធ្វើការងារសិល្បៈប៉ុណ្ណោះ ប៉ុន្ដែក្រោយពីការលក់ដាច់ខ្លាំងនាងក៏ត្រូវការបង្កើតទីតាំងឱ្យច្បាស់លាស់។ រហូតមកដល់ពេលនេះនាងមានហាងចំនួនពីរហើយ គឺនៅភ្នំពេញក្រោយរដ្ឋសភាចាស់មួយកន្លែង និងនៅខេត្ដសៀមរាបមួយកន្លែង។ ដូច្នេះនាងចង់ពង្រឹងមុខរបររកស៊ីឱ្យបានរឹងមាំស្របគ្នាទៅជាមួយការងារសិល្បៈដែរ។

អាណូ បានប្រាប់បន្ថែមថា៖ «ទោះជាការងារសិល្បៈលំបាក ពិសេសធ្វើឱ្យខ្ញុំពិបាកបែងចែកពេលវេលាក៏ដោយ តែខ្ញុំក៏មិនអាចបោះបង់វាចោលបានដែរ ព្រោះមានតែអាជីពនេះហើយដែលធ្វើឱ្យខ្ញុំមានប្រជាប្រិយភាព និងបង្កើនទំនុកចិត្ដក្នុងរបររកស៊ីរបស់ខ្ញុំ»៕

Advertisement