ជា សុគន្ធា រំពឹងទទួលបានប្រជាប្រិយភាពបន្ថែមទៀតពីរឿង «រាជបុរី Comeback»

រឿង «រាជបុរី Comeback» កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន គ្រាដែលរឿងនេះគ្រោងនឹងចាក់បញ្ចាំងនៅខែកក្កដា ខាងមុខ។ ជាមួយគ្នានេះតារាសម្ដែង ជា សុគន្ធា ក៏កំពុងតែរំពឹងថា ក្រោយពីរឿងនេះចាក់បញ្ចាំងនាងនឹងអាចទទួលបានប្រជាប្រិយភាពបន្ថែមទៀតផងដែរ។

បើទោះជារឿង «រាជបុរីComeback» គេពុំទាន់បានដឹងថា គុណភាពនៃការផលិតរបស់អ្នកដឹកនាំរឿងអាចប្រកួតប្រជែងនៅក្នុងទីផ្សារភាពយន្ដបានឬយ៉ាងណាក៏ដោយ តែរឿងនេះត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍តាមរយៈការលើកយកជីវិតពិតមួយចំនួនរបស់តារាចម្រៀងរាជបុរី ដែលបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍។

កញ្ញា ជា សុគន្ធា សម្ដែងជាតួអង្គមេជួញដូរគ្រឿងញៀននៅក្នុងរឿងនេះក៏បានសម្ដែងនូវក្ដីរីករាយជាខ្លាំងគ្រាដែលរឿងនេះជិតដាក់បញ្ចាំង។ នាងបន្ដថា៖ «រឿងនេះកំពុងតែមានចំណាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ដូច្នេះខ្ញុំជឿថា ក្រោយពីរឿងនេះចាក់បញ្ចាំងមហាជនជាច្រើន នឹងអាចស្គាល់ខ្ញុំកាន់តែច្បាស់តាមរយៈតួអង្គមេជួញដូរគ្រឿងញៀន ព្រោះតាមរយៈតួអង្គនេះនឹងធ្វើឱ្យអ្នកទស្សនាឃ្នាន់ខ្នាញ់ និងស្អប់តួអង្គដែលខ្ញុំសម្ដែងនោះជាមិនខាន»។

ជា សុគន្ធា ហៅស្រី ពេជ្រ ជាតារាសម្ដែងទើបតែចូលប្រឡូកក្នុងអាជីពសិល្បៈប្រមាណជា 2ឆ្នាំប៉ុណ្ណោះ  តែនាងអាចចាប់យកការគាំទ្រពីមហាជនបានយ៉ាងលឿនតាមរយៈការសម្ដែងរឿងអប់រំ និងការថតស្ប៉តមួយចំនួនផងដែរ។

កញ្ញា ជា សុគន្ធា  បន្ដថា នាងបានប្រឹងប្រែងសម្ដែងនៅក្នុងរឿងនេះខ្លាំងណាស់ ព្រោះនាងពេញចិត្ដយ៉ាងខ្លាំងនូវតំណែងតួអង្គជាមេជួញដូរគ្រឿងញៀន។ នាងអះអាងថា ទោះជានាងមានបទពិសោធតិចតួចពិតមែន តែតាមរយៈការមើលតិចនិកសម្ដែងពីរៀមច្បង គឺកញ្ញាឌុច លីដា  នាងមានទំនុកចិត្ដយ៉ាងខ្លាំងថា នាងធ្វើបានល្អនៅក្នុងរឿងនេះ។

ពាក់ព័ន្ធនឹងប្រជាប្រិយភាពរបស់កញ្ញាជា សុគន្ធា វិញត្រូវបាននាងបញ្ជាក់ថា មានអារម្មណ៍សប្បាយចិត្ដជាមួយការងារសិល្បៈរបស់ខ្លួន ខុសពីគ្រាដែលចូលសិល្បៈដំបូងៗនាងហាក់ដូចជាអស់សង្ឃឹមជាខ្លាំង។ នាងបន្ដថា៖ «ពេលខ្ញុំចូលសិល្បៈដំបូងៗមិនដែលនឹកស្មានថាមានថ្ងៃនេះទេ ព្រោះមិនស្គាល់នរណាម្នាក់សោះ ប៉ុន្ដែក្រោយពីបានចូលរួមចំណែកក្នុងកិច្ចការសង្គម និងព្យាយាមបង្ហាញវត្ដមានជាច្រើនក្នុងសង្គមសិល្បៈរួចមក ក៏ទទួលបានការលើកទឹកចិត្ដពីរៀមច្បងជាច្រើន»៕

Advertisement