វ៉ាន់ វល័ក្ខ ក្រោយសុំបែកសង្សារ អង្គុយស្រណោះអនុស្សាវរីយ៍

បុរសម្នាក់ដែលកញ្ញា វ៉ាន់ វល័ក្ខ ធ្លាប់ស្រឡាញ់ស្មើនឹងជីវិតរយៈពេល6ឆ្នាំ ពេលនេះចំណងស្នេហ៍របស់ពួកគេទាំងពីរមកបានដល់ទីបញ្ចប់ហើយ។ វ៉ាន់ វល័ក្ខ ជាតារាសម្ដែងម្នាក់ដែលទស្សនិកជនបានស្គាល់នាងយ៉ាងច្បាស់តាមរយៈការបង្ហាញរូបភាពសិចស៊ីមួយចំនួន។ ពិសេសការសម្ដែងនៅក្នុងរឿងភាគតាមស្ថានីយទូរទស្សន៍ និងបច្ចុប្បន្ននេះត្រូវបានគេដឹងថា ចំណងស្នេហ៍ដ៏ផ្អែមល្ហែមរបស់នាងជាមួយនឹងសង្សារបណ្ដូលចិត្ដជាអ្នកជំនួញនោះបានសម្រេចចិត្ដចែកផ្លូវគ្នាដើរហើយ និងថែមទាំងមិនអាចងាកមករកផ្លូវផ្សះផ្សាគ្នាបានទឿតផង។

កញ្ញា វ៉ាន់ វល័ក្ខ ប្រាប់ថា នាងពិតជាបានបែកពីសង្សាររបស់នាងដែលធ្លាប់បានស្រឡាញ់គ្នាជាយូរឆ្នាំមកហើយនោះប្រាកដមែន។ នាងបន្ដថា ពួកយើងពុំមានជម្លោះអ្វីនឹងគ្នាទេ មូលហេតុដែលឈានទៅដល់ការបែកគ្នានេះគឺដោយសារតែយើងទាំងពីរអស់ចិត្ដនឹងគ្នារៀងៗខ្លួនដោយគិតថា ស្រឡាញ់គ្នាបន្ដទៀតក៏មិនមានការវិវឌ្ឍទៅរកផ្លូវល្អដែរ។

បើទោះជាមានការលើកឡើងថា នាងជាស្រីស្អាតស្ថិតក្នុងរង្វង់សិល្បៈតែងតែជួបបុរសប្លែកមុខជាច្រើន ដូច្នេះការបែកគ្នាជាមួយសង្សារលើកនេះអាចប្រហែលជាមកពីភ្លើងប្រចណ្ឌផងក៏មិនដឹង?  ប៉ុន្ដែចំពោះរឿងនេះត្រូវបានកញ្ញាវល័ក្ខអះអាងថា៖ «វាពុំមានរឿងដូច្នេះទេ ចាប់តាំងពីខ្ញុំស្គាល់គាត់មកខ្ញុំមិនដែលមានបំណងក្បត់ចិត្ដគាត់ទេ រយៈពេល6ឆ្នាំដែលយើងបានស្គាល់គ្នា យើងមានអនុស្សាវរីយ៏ជាមួយគ្នាច្រើនណាស់ ដូច្នេះវាមិនបានកើតឡើងព្រោះតែមានអ្នកទី 3 នោះទេ»។

វ៉ាន់ វល័ក្ខ បានបញ្ជាក់បន្ថែមថា នាងជាអ្នកសុំសង្សារបែកមុន ព្រោះនាងយល់ថា ទោះជារស់នៅមើលចិត្ដមើលថ្លើមគ្នាបន្ដទៀត ក៏នៅតែគ្មានអ្វីលើសពីហ្នឹងដែរ វាមិនអាចក្លាយទៅជាប្ដីប្រពន្ធនឹងគ្នាទេ ព្រោះយើងទាំងពីរមិនដែលចង់កសាងជីវិតបែបនោះឡើយ ដូច្នេះទើបសម្រេចចិត្ដផ្ដល់សេរីភាពឱ្យគ្នារៀងៗខ្លួនតែម្ដងទៅប្រសើរជាង។

ទោះបី វ៉ាន់ វល័ក្ខ ជាអ្នកសុំសង្សារបែកមុនក៏ដោយ ប៉ុន្ដែក្រោយពេលនៅម្នាក់ឯង នាងមានអារម្មណ៍ថា នៅនឹកស្រណោះរាល់អនុស្សាវរីយ៍ដែលធ្លាប់មានជាមួយគ្នា ព្រោះបុរសម្នាក់នោះជាមនុស្សល្អ ពុំដែលធ្លាប់ធ្វើឱ្យនាងពិបាកចិត្ដឡើយ៕

Advertisement