មហោស្រពភាពយន្តខ្លីចតុមុខត្រៀមប្រកាសបើក ២ ថ្ងៃទៀត

មហោស្រពភាពយន្តខ្លីចតុមុខ(CSFF) ត្រូវបានចាប់បដិសន្ធិឡើងដើម្បីអបអរដល់ភាពយន្តខ្លី មកពីជុំវិញ​ពិភពលោក។​ ​ដើម្បីស្វាគមន៍រដូវកាលថ្មី CSFF បានបើកប្រកាសទទួលរឿងប្រកួតដល់ សមិទ្ធិកររឿងខ្លី ចាប់តាំងពី ដើមខែមីនា រហូតដល់ពាក់កណ្តាលខែកក្កដា។ មហោស្រពនៅតែរាប់បញ្ចូលភាពយន្តខ្លីកម្ពុជា ដើម្បីលើកទឹកចិត្តដល់ យុវសមិទ្ធិករ យើង ឱ្យបង្ហាញទេពកោសល្យរបស់ខ្លួន។ CSFF ឆ្នាំទី៨នេះនឹងត្រូវបានរៀបចំដោយ ក្រុម«ភាពយន្តឈូករ័ត្ន» ឬជាភាសា អង់គ្លេសហៅថា Sunflower Film Alliance (SFA)។

CSFF បានរៀបចំកម្មវិធីសន្និសីទសារព័ត៌មានរបស់ខ្លួនកាលពីព្រឹកថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ឆ្នាំ២០១៩ នៅឯមជ្ឈមណ្ឌល ធនធានសោតទស្សន៏បុប្ផាណា ដែលមានការចូលរួមពីប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ លោក ហ៊ុយ សុជាតិ ប្រធានមហោស្រពឆ្នាំ២០១៩លោក ស៊ុំ ស៊ីថែន តំណាងគណៈ មេប្រយោគលោក ជៀប សុវិជ្ជា និងអ្នកឧបត្ថម្ភ ដៃគូសហការផ្សេងៗ និងសមិទ្ធិករភាពយន្តជាច្រើនរូប។

កម្មវិធីសន្និសីទសារព័ត៌មាននេះដែរ មហោស្រពធ្វើឡើងក្នុងគោលបំណង ចែករំលែកព័ត៌មានសំខាន់ៗ និង​លក្ខណៈ ពិសេសរបស់មហោស្រពនៅឆ្នាំនេះផ្ទាល់ ទៅកាន់ដៃគូសហការ ក៏ដូចជាទស្សនិកជន ដែលតែងតែគាំទ្រ និងទន្ទឹង រងចាំពីមហោស្រពកន្លងមក។

លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំនេះបានលើកឡើងថា៖ «ឆ្នាំនេះ មហោស្រពមានលក្ខណៈពិសេស៣ ដែលក្នុងនោះរួមមាន៖

១. ការប្រកួតភាពយន្តឯកសារខ្លី
ឆ្នាំនះ ក្រៅពីរឿងប្រឌិតខ្មែរទាំង១២រឿង នៅមានភាពយន្តឯកសារខ្លីខ្មែរ២រឿង និងបរទេស៤រឿងទៀត។ នេះមិនរាប់បញ្ចូលទាំង ភាពយន្តឯកសារ១៣រឿង ដែលផលិតក្រោមកម្មវិធី«តោះថតឯកសារនៅកម្ពុជា»របស់ក្រុម «ភាពយន្តឈូករ័ត្ន»ផ្ទាល់ផង។

២. រង្វាន់ច្រើនមុខ
🏆 ភាពយន្តខ្លីឆ្នើមរបស់កម្ពុជា – ១ ០០០ដុល្លារ ជាសាច់ប្រាក់ ​(cash award) ឧបត្ថម្ភដោយគម្រោងអភិវឌ្ឍ«សម្បួរមាស ​6A-261» និងជាសេវាកម្មក្រោយថត ​(post-production award)ពីផលិតកម្ម «កងចក្រ»សម្រាប់កែសម្រួល និងត្រៀម ដាក់មហោស្រពក្រៅស្រុក តាមស្តង់ដារអន្តរជាតិ
🏆 ភាពយន្តខ្លីឆ្នើមបន្ទាប់របស់កម្ពុជា – ៥០០ដុល្លារ
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីក្នុងស្រុក – ៣០០​ ដុល្លារ
🏆 រង្វាន់ទស្សនិកជន ដល់ភាពយន្តខ្លីអន្តរជាតិ – ៣០០ ដុល្លារ
🏆 រង្វាន់«សិក្ខាសាលាភាពយន្តឯកសារតាមខេត្ត» – ៥០០ដុល្លារ
🏆 រង្វាន់«ជំរំភាពយន្តឯកសារ» – ៥០០ដុល្លារ

៣. កម្មវិធីពិសេស
ភាពយន្តខ្លីទាំងអស់នឹងត្រូវធ្វើការចាក់បញ្ចាំងនៅតែសាលសន្និសីទចតុម្មុខតែមួយគត់។ ពិធីបើកមហោស្រព នាថ្ងៃទី៥កញ្ញា នឹងមានចាក់បញ្ចាំងរឿង«១លានឆ្នាំ» ដែលដឹកនាំដោយកញ្ញាសាន ដានេច និងផលិតដោយលោកជូ ដេវី។ ជារឿង ទទួលបានពានរង្វាន់ជាច្រើនពីទី្វបអាស៊ី និងអឺរ៉ុប។ លើសពីនេះ មហោស្រពឆ្នាំនេះមានរៀបចំសិក្ខាសាលាផលិត ភាពយន្តខ្លី និងកម្មវិធីជជែកពីអត្ថបទភាពយន្តខ្លីដែលទាក់ទាញ។

រីឯ លោក ហ៊ុយ សុជាតិ ប្រធានការិយាល័យរដ្ឋបាល នៃនាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌វិញ បានលើកឡើងថា៖ «ខ្ញុំពិតជាកោតសសើរដល់ការខិតខំរបស់ក្រុម«ភាពយន្តឈូករ័ត្ន» ក៏ដូចជាគណៈកម្មការ មហោស្រព។ ឆ្នាំនះជាឆ្នាំពិសេស ព្រោះថា ក្រុមពួកគាត់បានចុះបណ្តុះបណ្តាលដល់យុវជន តាមខេត្តទៀតលើផ្នែកភាពយន្តឯកសារខ្លី ដែលជាខ្លឹមសារសំខាន់សម្រាប់ទស្សនិកជនយើងដែរ។»

មហោស្រពធំនេះផ្ទាល់ នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាចាប់ពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៨ឆ្នាំនេះ នៅឯ​សាលសន្និសីទ ចតុម្មុខ ក្បែរមាត់ទន្លេ។ សម្រាប់បច្ចុប្បន្នភាពបន្ថែម សូមចូលមើលទំព័រហ្វេសប៊ុក ឬគេហទំព័ររបស់យើងខ្ញុំ៖
https://csff.co ឬ https://www.facebook.com/CSFF.co/
ចូលរួមគាំទ្រភាពយន្តខ្លី ទាំងអស់គ្នា!

Advertisement