Ricky ទោះជាសិល្បៈរកលុយបានច្រើន ក៏ខ្ញុំមិនចោលក្លិបប្រដាល់ដែរ

Ricky បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងនាមជាពិធីករនៅក្នុងកម្មវិធីប្រគំតន្រ្ដីនៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍។ ទោះជាលោកកំពុងតែរវល់ជាមួយការងារសិល្បៈខ្លាំងក៏ដោយ ក៏តារាសិល្បៈមានដើមកំណើតពីកីឡាប្រដាល់តាមជាយដែនម្នាក់នេះ មិនព្រមបោះបង់ចោលសិល្បៈក្បាច់គុនប្រដាល់ដែរ។

រំឭកដល់បទ «ផ្ញើសង្សារផង» ជាបទដែលពេញនិយមក្នុងរង្វង់មួយឆ្នាំមុន យុវវ័យជាច្រើនប្រាកដជានៅចាំមុខលោក Ricky ជាមិនខាន។ ពិសេសមុនពេលលោកចូលប្រឡូកក្នុងវិស័យសិល្បៈ លោកធ្លាប់ធ្វើជាគ្រូបង្វឹកក្នុងក្លឹបប្រដាល់ «ខ្លារខិនមានរិទ្ធ»។ ពាក្យថា “ពេលវេលាជាមាសប្រាក់” វាពិតជាស័ក្កិសមណាស់សម្រាប់ជីវិតសិល្បៈរបស់ Ricky នៅពេលនេះ តែទោះជាយ៉ាងនេះក្ដី  ក៏លោកនៅតែចំណាយពេលជាមួយសិស្សប្រដាល់របស់ខ្លួនជាច្រើននាក់ដោយមិនព្រមបោះបង់ចោលពួកគេឡើយ។
លោក Ricky បានប្រាប់ថា បច្ចុប្បន្នលោកជាពិធីករប្រចាំកម្មវិធីនៃការប្រគំតន្រ្ដីរបស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ជាកម្មវិធីទទួលបានការគាំទ្រខ្លាំងពីអ្នកទស្សនា។    លោកបន្តថា ប្រសិនបើមានពេលគ្រប់គ្រាន់លោកនឹងអាចទទួលបានការងារច្រើនពីស្ថានីយទូរទស្សន៍បន្ថែមទៀត។

ទោះយ៉ាងណាពិធីកររូបនេះបានបញ្ជាក់ថា សព្វថ្ងៃលោកស្ទើរតែគ្មានពេលវេលាសម្រាកទេ ព្រោះក្រៅពីការងារជាមួយស្ថានីយទូរទស្សន៍ហើយ លោកទទួលការងារជាពិធីករខាងក្រៅបន្ថែមទៀត។ ក្រៅពីនេះលោកត្រូវចំណាយពេលជាច្រើននៅជាមួយក្លឹបប្រដាល់របស់ខ្លួន។

Ricky បញ្ជាក់ថា៖ «ខ្ញុំមិនអាចចោលក្លិបខ្ញុំបានទេ ទោះជាខ្ញុំរវល់ខ្លាំងក៏ដោយ ក៏ខ្ញុំនៅតែចំណាយពេលជាមួយវាដែរ  ព្រោះខ្ញុំដឹងថាកូនសិស្សខ្ញុំម្នាក់ៗពួកគាត់ស្រឡាញ់អាជីពនេះខ្លាំងណាស់»។លោកបន្ដថា ក្នុងមួយថ្ងៃលោកចំណាយពេលបង្ហាត់ក្បាច់ប្រដាល់ដល់សិស្សចំនួនពីរវេន គឺព្រឹក 2ម៉ោង  និងល្ងាច 2ម៉ោង។

តារាសិល្បៈរូបនេះបញ្ជាក់ថា ទោះជាលោកមិនទទួលបានថវិកាពីការបង្ហាត់ ហើយមានពេលខ្លះលោកថែមទាំងត្រូវចំណាយថវិកាផ្ទាល់ខ្លួនក្នុងការចាយវាយសម្រាប់សិស្សខ្លះក៏ដោយ  ប៉ុន្ដែក្លិបប្រដាល់នេះបានធ្វើឱ្យលោកសប្បាយចិត្ដជាខ្លាំង ព្រោះលោកបានបង្កើតធនធានកីឡាករជាច្រើនបញ្ចូលទៅក្នុងទីផ្សារក្បាច់គុនប្រដាល់។  អ្វីពិសេសជាងនេះគឺលោកអាចប្រើពេលបង្វឹកសិស្សជាពេលហាត់ប្រាណផ្ទាល់ខ្លួនផងដែរ។

គួរបញ្ជាក់ថា អតីតអ្នកប្រដាល់រូបនេះបានក្លាយជាអ្នកសិល្បៈដែលទទួលបានភាពជោគជ័យរហូតមកដល់ថ្ងៃនេះ ដោយសារតែមានចំណុចល្អ2យ៉ាងគឺ  ទី1ការស្រឡាញ់ និងការតាំងចិត្ដ ទី2ការទទួលបានបទពិសោធក្នុងការងារសិល្បៈ និងដំបូន្មានល្អៗពីលោក BIG៕

Advertisement