តារាចម្រៀង នូ ស៊ឹប ក្រ ហើយធ្លាក់ខ្លួនឈឺក្នុងបន្ទប់ជួលទៀត

តារាចម្រៀងជើងចាស់នៅក្នុងអំឡុងទសវត្សរ៍ទី90 គឺលោក នូ ស៊ឹប កំពុងធ្លាក់ខ្លួនឈឺជាទម្ងន់ ព្រមទាំងខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ និងកំពុងសម្រាកនៅក្នុងបន្ទប់ជួលនៅម្ដុំភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាមួយក្មួយ និងចៅ។

លោក នូ ស៊ឹប បានរៀបរាប់ប្រាប់សារព័តមានកាលពីពេលកន្លងទៅថា លោកមានជំងឺលើសឈាម និងមានដុះដុំសាច់ ហើយធ្វើទុក្ខខ្លាំងនៅពេលដែលសម្ពាធឈាមឡើង និងត្រូវផឹកថ្នាំព្យាបាលតាមវេជ្ជបញ្ជា។ លោកបន្ដថា អាការបានធូរស្បើយត្រឹមតែ10 នាទីប៉ុណ្ណោះ ហើយនឹងធ្វើទុក្ខឡើងវិញនៅពេលអស់ជាតិថ្នាំ មិនតែប៉ុណ្ណោះ លោកត្រូវទៅជួបពេទ្យហើយចាក់ថ្នាំព្យាបាលជំងឺ និងថ្នាំបន្ថែមកម្លាំងជារៀងរាល់ថ្ងៃទៀតផង។ រីឯការងារសិល្បៈវិញនោះ លោកបានបន្ដថា អស់រយៈពេលមួយឆ្នាំជាងហើយដែលលោកគ្មានការងារធ្វើ និងគ្មាននរណាហៅលោកច្រៀងឡើយ គឺសម្ងំនៅក្នុងតែបន្ទប់ជួល ហើយរង់ចាំក្មួយយកអាហារមកឱ្យលោកតែប៉ុណ្ណោះ។

តាមស្ថានភាពសុខភាពនាពេលបច្ចុប្បន្ននេះ តារាចម្រៀងជើងចាស់ខាងលើបានបញ្ជាក់ទៀតថា លោកមិនអាចធ្វើការឡើងច្រៀងតាមការប្រគំតន្ត្រីធំៗ ឬឡើងឆាកនៅក្នុងរយៈពេលយូរៗបានទេ លោកបានត្រឹមតែថតសំឡេងជូនផលិតកម្មដែលលោកធ្លាប់ស្គាល់គ្នាប៉ុណ្ណោះ ដូច្នោះហើយដោយមានភាពខ្វះខាតខ្លាំង ទើបបានជាលោក នូ ស៊ឹប សូមអំពាវនាវដល់សប្បុរសជនទាំងឡាយ មេត្តាជួយឧបត្ថម្ភលោកជាថវិកាខ្លះដើម្បីសម្រួលក្នុងការព្យាបាលជំងឺ និងជីវភាពរស់នៅប្រចាំថ្ងៃផង។

ជាចុងក្រោយ តារាវ័យ 70ឆ្នាំរូបនេះបានថ្លែងអំណរគុណដល់សប្បុរសជនទាំងឡាយ ទាំងក្នុងស្រុក និងក្រៅស្រុកដែលបានជូនថវិកាខ្លះកន្លងមកជួយដល់លោក ហើយព្រមទាំងពោលថា លោកវ័យចំណាស់នេះហើយ គឺពិបាកក្នុងការស្វែងរកការងារធ្វើណាស់ ប៉ុន្ដែមានតែសប្បុរសជននេះហើយដែលជាអ្នកមានគុណរបស់លោក៕

Advertisement