ហេង ស្រី​ពេជ្រ ឡើង​កូដ​ការងារ​សម្តែង តែ​ត្អូញត្អែរ​រឿង​គូ​អនាគត

តារា​សម្តែង​ដែល​លេចមុខ​ស្ទើរគ្រប់​រឿង​ជា​តួអង្គ​បែប​អ្នកមាន​ លោកស្រី​ លោកជំទាវ​ ព្រោះ​មានសាច់​ឈាម​ស័ក្តិសម​ សាច់​ទ្រ​លុត​ទ្រលន់​ ហេង​ ស្រីពេជ្រ​ កាន់តែ​លេចធ្លោ​នឹង​ការងារ​សិល្បៈ​ បន្ទាប់ពី​តារា​ស្រី​រូប​នេះ​ ទទួល​បាន​ឱកាស​សម្តែង​ជាច្រើន​បន្តបន្ទាប់​។ ទោះជាយ៉ាងណា​ នាង​នៅតែ​ប្រកាស​ថា​ មិន​មាន​បុរស​ណា​ម្នាក់​ ដែល​ធ្វើ​ឱ្យ​នាង​បាក់ចិត្ត​ស្រឡាញ់​នៅឡើយ​ទេ​។

ដូច​ប្រិយមិត្ត​អ្នកអាន​បាន​ស្គាល់​ហើយ​ថា​ តារា​ស្រី​ ហេង​ ស្រីពេជ្រ​ នៅតែ​មានសន្ទុះ​ការងារ​ថ្មី​ៗនៅក្នុង​ទីផ្សារ​សម្តែង​ បើ​ទោះជា​នាង​ហែល​ការងារ​នេះ​យូរឆ្នាំ​បែប​ណា​ ក៏​គេ​នៅតែ​មើលឃើញ​ថា​ បណ្តា​ផលិតករ​តាម​ផលិត​កម្ម​ល្បី​ៗជាច្រើន​នៅតែ​ធ្វើការ​ទំនាក់ទំនង​យក​នាង​មក​ចូលរួម​សម្តែង​។ ជា​ការពិត​ណាស់​ អស់​រយៈពេល​ជាង​7ខែ​មក​ហើយ​នៅក្នុង​ឆ្នាំ2019នេះ​ តារា​បាន​សាច់​ប្រកបដោយ​ដើមទ្រូង​ធំ​ល្អ​ ហេង​ ស្រីពេជ្រ​ បាន​ចុះ​កុងត្រា​ថត​រឿង​ប៉ុន្មាន​រឿង​ដែរ​ ដោយ​នាង​បញ្ជាក់​ថា​ រវល់​ច្រើន​នឹង​ការងារ​សម្តែង​ស្ទើរ​រក​ពេលសម្រាក​គ្មាន​ ប៉ុន្តែ​ក៏​មិន​មាន​សល់​ធនធាន​អ្វី​ច្រើន​ដូច​គេ​ដែរ​ ព្រោះតែ​ត្រូវ​ចំណាយ​គ្រប់សព្វ​ និង​ត្រូវ​រ៉ាប់រង​ជួយ​គ្រួសារ​ផង​ដែរ​។ ស្រីពេជ្រ​ ដែល​តស៊ូ​ការងារ​ដើម្បី​គ្រួសារ​ ហើយក៏​ប្រាថ្នា​តែ​បុរស​ល្អមើល​ថែ​នោះ​បានឱ្យ​ដឹង​ថា​ នាង​ចង់​ងាក​មក​បន្ថែម​អាជីព​ជាពិធី​ការិនី​មួយទៀត​ បន្ទាប់ពី​ធ្វើ​កិច្ចការ​នេះ​បាន​ប៉ុន្មាន​ដង​។

ទោះបីជា​ការងារ​សម្ដែង​ហាក់​ជោគជ័យ​ខ្លាំង​ក៏​ពិតមែន​ ក៏​តារា​ស្រី​រូប​នេះ​នៅតែ​ត្អូញត្អែរ​ថា​ នៅ​មិន​មាន​ស្នេហា​គ្រាន់​បាន​ផ្អែមល្ហែម​ដូច​គេ​សោះ​។នាង​ទទួលស្គាល់​ថា​ រហូតមកដល់​ពេលនេះ​ក៏​មាន​បុរស​ខ្លះ​ទាក់ទង​មក​ដែរ​ ប៉ុន្តែ​មិន​មាន​បុរស​ណា​ប្រាកដប្រជា​សោះ​ បាន​ត្រឹម​លេប​ខាយ​សម្តី​តែ​ប៉ុណ្ណោះ​។ នាង​ថា​ វ័យ​ក៏​កាន់តែ​ច្រើន​គួរសម​ មិត្ត​ភក្កិ​ គ្រួសារ​ក៏​សួរ​ច្រើន​អំពី​រឿង​គូ​អនាគត​ ប៉ុន្តែ​មិន​ដឹង​ថា​ឆ្លើយ​យ៉ាងម៉េច​ បាន​ត្រឹមតែ​អៀន​។ នាង​ថ្លែង​ថា​ ប្រហែលជា​គ្មាន​បុរស​ណា​ក្លាហាន​ ស្មោះស្ម័គ្រ​ និង​ព្រម​ទទួលយក​នាង​ យក​មក​ធ្វើជា​គូ​អនាគត​ពិតប្រាកដ​ទេ​មើលទៅ​។

យ៉ាងណាមិញ​តារា​ស្រី​ដែល​ត្រូវប៉ាន់​តួ​ម្ដាយ​និង​តួ​លោកជំទាវ​រូប​នេះ​ បាន​អះអាង​ថា​ មិន​ខុស​អី​ពី​ក្តី​ប្រាថ្នា​របស់​នារី​ទូទៅ​នោះ​ទេ​ គឺ​សុំ​ឱ្យ​គេ​ស្រឡាញ់​នាង​ស្មោះ​ ពិតប្រាកដ​ ស្រឡាញ់​ក្រុម​គ្រួសារ​នាង​ និង​មាន​ចរិត​ថ្លៃថ្នូរ​ ឯទ្រព្យសម្បត្តិ​ ឬអ្វី​ផ្សេងទៀត​នោះ​ គឺជា​រឿង​ក្រោយ​ប៉ុណ្ណោះ​។ នាង​បន្ត​ថា​ មួយទៀត​ដែល​នាង​ចង់បាន​ដែរ​នោះ​ គឺ​សូមកុំ​ប្រកាន់​ថា​នាង​ ជា​អ្នក​សិល្បៈ​ ហើយ​បើក​សិទ្ធិ​សេរីភាព​ឱ្យ​នាង​ប្រឡូក​ក្នុង​ការងារ​សិល្បៈ​ សុំ​តែ​ស្រឡាញ់​នាង​ពិតប្រាកដ​ គឺ​បាន​ហើយ​៕

Advertisement