កែវ ស្រីនិច ចូលប្រឡូកវិញមួយប្រាវ ផលិតកម្មសាន់ដេជ្រោមជ្រែងភ្លាម!

អ្នកចូលចិត្ដបទ «ភ្នំពេញនឹកកំពង់ចាម» ដែលច្រៀងដោយលោក ប៊ុន ស័ក្តិ ប្រាកដជានៅចាំកញ្ញា កែវ ស្រីនិច ជាតារាសម្ដែងនៅក្នុងបទចម្រៀងនោះមិនខាន។ ថ្មីៗនេះនាងបានសម្ដែងនូវក្ដីសង្ឈឹមយ៉ាងខ្លាំងចំពោះអាជីពសិល្បៈបន្ទាប់ពីបានដកខ្លួនចេញមួយរយៈធំចេញពីវិថីនេះ។

កញ្ញា កែវ ស្រីនិច បានបញ្ជាក់ថា បន្ទាប់ពីឈប់សម្រាកអស់រយៈពេលជាច្រើនឆ្នាំ ធ្វើឱ្យនាងស្ទើរតែពុំហ៊ានត្រឡប់មកចាប់អាជីពសិល្បៈនេះវិញ ព្រោះនាងយល់ថា ខ្លួនមានអាយុច្រើន ម្យ៉ាងមានអ្នកសិល្បៈស្រករក្រោយជាច្រើនមានសមត្ថភាពចូលប្រឡូកក្នុងវិស័យនេះហើយផង។ នាងបន្ដថា៖ «ខ្ញុំមិននឹកស្មានថា មានយីអ៊ុនឡើងវិញសោះ ព្រោះក្រោយពីប្រឡូកបានជិតមួយឆ្នាំមក ក៏ត្រូវបានអ្នកគ្រប់គ្រងផលិតកម្មសាន់ដេ ហៅឱ្យមកជួយការងារនៅទីនេះដែលមានទាំងការថតខារ៉ាអូខេ និងគ្រប់គ្រងតារាម៉ូដែលជាដើម»។

តារាសម្ដែងរូបនេះបញ្ជាក់ថា ដោយសារតែនាងធ្លាប់មានអនុស្សាវរីយ៍ជាមួយផលិតកម្មសាន់ដេច្រើន ទើបបច្ចុប្បន្នអ្នកគ្រប់គ្រងនៅផលិតកម្មសាន់ដេ គាត់នឹកឃើញព្រមទាំងបានជួយឱ្យរូបនាងធ្វើជាអ្នកគ្រប់គ្រងលើតារាម៉ូដែល នៅពេលផលិតកម្មរៀបចំការប្រគំតន្រ្ដីនៅតាមបណ្ដាខេត្ដនានាម្តងៗ។ កែវ ស្រីនិច បន្ដថា បើទោះជាការវិវឌ្ឍនៃការងារពីតារាសម្ដែងមកជាអ្នករៀបចំតារាម៉ូដែល ហាក់ដូចជាលឿនសម្រាប់នាងក៏ដោយ ក៏នាងពុំជួបការលំបាកអ្វីដែរ ព្រោះនាងជាអ្នកសិល្បៈស្រាប់ ដូច្នេះនាងងាយយល់ពីអារម្មណ៍អ្នកសិល្បៈដូចគ្នាច្បាស់ណាស់។

តារាសម្ដែងរូបនេះបានសម្ដែងនូវអារម្មណ៍រីករាយទោះជាការងារនេះពុំមានកុងត្រាជាមួយគ្នាក៏ដោយ ដោយនាងបានបញ្ជាក់ថា៖ «ខ្ញុំត្រូវតែខំប្រឹងប្រែងចាប់យកការងារទាំងនេះ និងធ្វើវាឱ្យបានល្អ ព្រោះរូបសម្រស់យើងមិននៅស្ថិតស្ថេររហូតទេ ប្រសិនបើថ្ងៃណាមួយយើងសម្ដែងលែងបាន យើងក៏នៅមានការងារទាំងនេះជួយបង្កើនប្រាក់ចំណូលដែរ ដូច្នេះហើយទើបខ្ញុំកំពុងតែមានគម្រោងបើកហាងបាយមួយទៀតដើម្បីរកប្រាក់ចំណូលបន្ថែមក្រៅពីការងារសិល្បៈ»។ ជាមួយគ្នានេះដែរ ស្រីនិច ប្រាប់ថា ទោះជានាងចាប់យកការងារទាំងនោះក៏ពិតមែន ប៉ុន្ដែនាងក៏នៅតែទទួលយកការងារសម្ដែងដូចមុនដដែល ពោលការងារអ្វីក៏នាងធ្វើដែរឱ្យតែទាក់ទងនិងសិល្បៈ។

គួបញ្ជាក់ថា កញ្ញាកែវ ស្រីនិច ជាអតីតកញ្ញាឯកប្រ៊ីដស្ដុនដែលទទួលជយលាភីកាលឆ្នាំ 2009។ បន្ទាប់ពីនាងបានជាប់ចំណាត់ថ្នាក់លេខ1ហើយនោះ នាងបានចូលរួមសម្ដែងក្នុងខ្សែភាពយន្ដដែលចាក់បញ្ចាំងតាមស្ថានីយទូរទស្សន៍ជាច្រើន ដូចជារឿង «រលកក្រោមខ្សាច់»ជាដើម។ ក្រោយមកនាងបានធ្វើឱ្យមហាជនស្គាល់នាងកាន់តែច្បាស់ឡើង ខណៈនាងសម្ដែងនៅក្នុងបទចម្រៀងមួយបទមានចំណងជើងថា «ភ្នំពេញនឹកកំពង់ចាម»៕

Advertisement