Zayn Malik ត្រូវឃាត់ខ្លួននៅព្រលានយន្ដហោះអាមេរិកអស់ 3ម៉ោង

តារាចម្រៀង Zayn Malik ជាអតីតសមាជិកក្រុមចម្រៀង One Direction ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថា ជាបុរសម្នាក់មានសញ្ជាតិមូស្លីម ដែលមានឈ្មោះល្បីល្បាញនៅក្នុងពិភពសិល្បៈកម្សាន្តរបស់ឧស្សាហកម្មចម្រៀងអាមេរិក ដែលមានប្រភពមកពីអង់គ្លេស ។

Zayn Malik បានព្យាយាមពន្យល់លម្អិតអំពីជំនឿរបស់សាសនាមូស្លីម ខណៈលោកត្រូវបានឃាត់ខ្លួននៅព្រលានយន្ដហោះមួយ នៅសហរដ្ឋអាមេរិក អស់រយៈពេល 3 ម៉ោង។ នេះជាលើកដំបូងនៅក្នុងជីវិតលោក បន្ទាប់ពីលោកបានមកកាន់ទឹកដីសហរដ្ឋអាមេរិកជាមួយក្រុមតារាចម្រៀងប្រុស One Direction ចាប់តាំងពីអាយុ 17 ឆ្នាំមក។ ទន្ទឹមនឹងនោះតារាចម្រៀងវ័យ 24 ឆ្នាំរូបនេះ បានអះអាងប្រាប់ថា លោកត្រូវបានគេសួររកអត្តសញ្ញាណប័ណ្ណ និងសាសនារបស់លោក នៅព្រលានយន្ដហោះ និងបើទោះបីជាយ៉ាងណាក៏ដោយ ក៏ខាងមន្ត្រីប៉ូលិសនៅតែទាមទារស្គាល់ពីប្រវត្តិ និងវប្បធម៌របស់លោកដដែល។

តារាចម្រៀង Zayn Malik បានបញ្ជាក់ប្រាប់ Evening Standard ថា៖ “ពីដំបូងពួកគេបានមកប្រាប់ខ្ញុំថា ខ្ញុំមានបញ្ហារឿងឈ្មោះ ហើយពេលទៅដល់អាមេរិក ពួកគេបានឃាត់ខ្ញុំទុកអស់រយៈពេល 3ម៉ោង និងសួរសំណួរជាច្រើន ដែលហាក់បីដូចជាចង់មានការរើសអើងជាតិសាសន៍ចំពោះខ្ញុំ”។

ក្នុងដំណើរនោះក្រៅពីរូបលោក ក៏នៅមានមិត្តរួមក្រុម One Direction ផ្សេងទៀតដូចជា៖ Liam Payne, Harry Styles, Louis Tomlinson និង Niall Horan ផងដែរ ប៉ុន្តែមិនមានអ្នកណាត្រូវបានឃាត់ខ្លួន ដូចរូបលោកទេ៕

Advertisement