រឿង « ព្រលឹង» ភិន សុដាលីស លះបង់ខ្លាំងដល់ម្លឹង​….

ផលិតកម្មមហាហង្សបានដាក់សម្ពោធរឿង”ព្រលឹង” ដែលជាស្នាដៃទី២ក្នុងឆ្នាំ២០១៩នេះ នៅយប់ថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2019 យ៉ាងកក្រើករោងភាពយន្ដ Major Cineplex AEon សែនសុខ ដោយមានតារាសិល្បៈ ក្នុង និងក្រៅផលិតកម្មចូលរួមយ៉ាងច្រើនកុះករ។កម្មវិធីដ៏អឹមអធមនេះ បានប្រកាសឡើងមានរៀបចំជាកម្រាលព្រំក្រហម និងប្រកាសឱ្យតួសម្ដែងនីមួយៗដើរលើកម្រាលព្រំ និងឡើងថ្លែងអារម្មណ៍យ៉ាងមានកិត្តិយសនៅក្នុងពិធី។

នៅក្នុងកម្មវិធីនោះផងដែរ តារាសម្ដែងឯកស្រី ភិន សុដាលីស ក៏បានបង្ហាញវត្តមានយ៉ាងទាក់ចិត្តតែម្ដង និងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានយ៉ាងរីករាយ។ នាងបានប្រាប់សារព័ត៌មានឡារ៉ែនថា ការថតរឿង « ព្រឹលឹង » នាងសម្ដែងជាតួឯកស្រី ហើយក៏ជាលើកដំបូងផងដែរ បានសម្ដែងជាមួយតារាកំប្លែង នាយ គ្រឿន។ ផលលំបាកសម្រាប់នាងក្នុងការថតគឺជាការលះបង់ចំពោះផ្ទៃរឿងទាំងមូលតែម្ដង ដោយនាងត្រូវសម្រាកនៅក្នុងព្រៃស្ងាត់ជាមួយក្រុមការងារទាំងយប់ជាច្រើនថ្ងៃ ហើយត្រូវសម្ដែងតែពេលយប់ទៀត។ បើទោះជានារីដែលខ្លាចសត្វកាចសាហាវ ឬខ្លាចព្រលឹងវិញ្ញាណ ក៏ត្រូវតែលះបង់គ្រប់យ៉ាង ហើយប្រឹងតស៊ូសម្ដែងឱ្យទាល់តែចប់ផងដែរ។ នាងបញ្ជាក់ថា ខណៈពេលថតរឿងនេះ គឺនាងបន់ស្រន់គ្រប់បែបយ៉ាងអស់ហើយ សូមកុំឱ្យជួបព្រលឹង ឬអភូតហេតុពិតៗឱ្យសោះ ព្រោះនេះគ្រាន់តែជាការសម្ដែង តែសូមកុំឱ្យខុសមាត់ក នាំឱ្យម្ចាស់ទឹក​ម្ចាស់ដីប្រកែប្រកាន់។

យ៉ាងណាមិញ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មបានថ្លែងបញ្ជាក់ថា ភាពយន្តរឿង”ព្រលឹង” ត្រូវបានផលិតមួយឆ្នាំគត់ ទម្រាំបានបញ្ចាំង ដោយលោករំពឹងយ៉ាងខ្លាំង ថាភាពយន្តនេះ នឹងទទួលជោគជ័យ មិនខុសពីរឿង”ផ្ទះចុងភូមិ” ព្រោះសម្អាងថា ជារឿងមានរូបភាពភ្លឺច្បាស់ សំលេងងស្ដង់ដារ និងមានគុណភាពេញលក្ខណៈជាភាពយន្ត ហើយឈុតឆាករន្ធត់តាំងពីដើមដល់ចប់ គឺទាក់ចិត្ត។ លោកថាមួយរឿងនេះ លោកស្រលាញ់ពេញចិត្តគ្រប់ជំហាន ពោលគឺតាំងពីដំណាក់កាលចេញផលិត ទើបក្នុងពេលប្រកាសសម្ពោធ លោកធ្វើធំដុំ ដោយបានទាំងជូនស្រោមសំបុត្រដល់តារាមួយរូបៗ ដែលជាតួអង្គសម្ដែង អមដោយបាច់ផ្កា ដើម្បីលើកទឹកចិត្តផងដែរ។

គួរបញ្ជាក់បន្ថែមថា រឿង «ព្រលឹង » មានដាក់បញ្ចាំងនៅគ្រប់រោងភាពយន្ដទាំងអស់ក្នុងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី 4 ខែកក្កដា នេះតទៅហើយ។

Advertisement