តារា​សម្ដែង​ ​ឡុង​ ​សុខ​ហៀង​ ​បង្ហើប​មហិ​ច្ច​តា​ពង្រីក​សកម្មភាព​រ៉ៃ​អង្គាស​ជំនួយ​ដល់​ទុរគត​ជន​

​តារា​សម្ដែង​ ​ឡុង​ ​សុខ​ហៀង​ ​ប្រកាស​ពី​មហិ​ច្ច​តា​របស់​ខ្លួន​ ​នឹង​ត្រៀម​បង្កើត​ជាស​មា​គម​ស្របច្បាប់​ក្នុង​ពេល​ឆាប់​ៗ​ ​ដើម្បី​ងាយស្រួល​ក្នុង​ការពង្រីក​សកម្មភាព​រ៉ៃ​អង្គាស​លុយ​ជួយ​ទុរគត​ជន​ដែល​ខ្វះខាត​ឱ្យ​បាន​កាន់តែ​ច្រើន​។​​

​គេ​កត់សម្គាល់​ឃើញថា​ ​ក្នុង​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​ដែល​ជាតា​រា​សម្ដែង​មួយ​រូប​និង​ជា​ប្រធាន​ក្លិប​សិល្បៈ​ ​បាន​វាយលុក​សកម្មភាព​រ៉ៃ​អង្គាស​ប្រមែប្រមូល​ថវិកា​ជួយ​ដល់​ជន​ខ្វះខាត​នៅ​លើ​បណ្ដាញ​ហ្វេ​សប៊ុ​ក​យ៉ាង​ខ្លាំង​ ​ដោយ​លោក​ក៏បាន​ដឹកនាំ​សិល្ប​ក​រក្មេងៗ​និង​សប្បុរសជន​គ្រប់ទិសទី​ ​ឱ្យ​ចូលរួម​ ​និង​បរិច្ចាគ​ក្នុង​សកម្មភាព​សប្បុរសធម៌​យ៉ាង​ខ្លាំង​។​

​រៀបរាប់​ប្រាប់​សារព័ត៌មាន​ ​ឡា​រ៉ែ​ន​ ​លោក​ ​ឡុង​ ​សុខ​ហៀង​ ​និយាយ​ថា​ ​បើ​តាមតែ​លោក​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន​ ​ជាពិសេស​គឺ​ការងារ​បណ្ដុះបណ្ដាល​សិស្ស​ឱ្យ​មាន​ជំនាញ​សិល្បៈ​ ​និង​ដឹកនាំ​ឱ្យ​ចេញ​ថត​នៅ​តាម​ផលិតកម្ម​នានា​ ​ក៏ដូចជា​រវល់​ក្នុង​ការផ្សាយ​លក់​ផលិតផល​ ​គឺ​លោក​មិន​គួរ​ចំណាយពេល​រ៉ៃ​អង្គាស​ថវិកា​នោះ​ទេ​ ​ប៉ុន្តែ​បណ្ដាលមកពី​លោក​ចេះតែ​ចិត្ត​មិន​ដាច់​ ​នៅពេល​មាន​គេ​ទាក់ទង​មក​អោយ​ជួយ​អ្នកនេះ​ជួយ​អ្នកនោះ​ ​ហើយ​លោក​ក៏​ឃើញ​ពី​ការ​លំបាក​នោះ​ដោយ​ផ្ទាល់​ភ្នែក​ ​ទើប​លោក​ចេះតែ​ប្រកូកប្រកាស​ ​ហើយ​ដឹកនាំ​តា​រា​ក្មេង​ៗ​ ​និង​សប្បុរសជន​ចុះទៅ​ប្រគល់​អំណោយ​ដោយ​ផ្ទាល់ដៃ​។​ ​

​លោក​បន្ដ​បញ្ជាក់​ថា​ ​ខ្លួន​មានលទ្ធភាព​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជួយ​ដល់​ជន​ខ្វះខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ ​ប៉ុន្តែ​អ្វី​ដែល​លោក​មាន​កម្លាំងចិត្ត​ ​គឺ​ដោយសារតែ​កម្លាំង​ទឹកចិត្ត​ពី​សប្បុរសជន​ ​ដែល​ធ្វើ​ឱ្យ​លោក​ដែល​គ្រាន់តែ​ជា​អ្នកនាំសារ​ពី​ទុរគត​ជន​ ​ទទួល​បាន​ថវិកា​ច្រើន​ជា​ហូរហែរ​ក្នុង​កិច្ចការ​នេះ​។​ ​គោលបំណង​ដែល​លោក​កាន់តែ​សកម្ម​ក្នុង​កិច្ចការ​នេះ​ ​គឺ​ដើម្បី​បំផុស​ទឹកចិត្ត​សិល្ប​ក​រក្មេងៗ​ ​ជាពិសេស​គឺ​សប្បុរសជន​ ​ឱ្យ​កាន់តែ​មាន​សកម្មភាព​បរិច្ចាគ​ ​និង​ដើម្បី​បណ្ដុះ​ទឹកចិត្ត​អាណិត​ស្រលាញ់​ដល់​អ្នក​ខ្វះខាត​ឱ្យ​បាន​ច្រើន​នៅក្នុង​សង្គម​។​

​តារា​សម្ដែង​រូប​នេះ​បាន​បន្ត​ថា​ ​ក្នុង​ពេល​ខាងមុខ​ ​លោក​នឹង​រត់​ច្បាប់​បង្កើត​ជាស​មា​គម​ ​ដើម្បី​អាច​ចុះ​ធ្វើសកម្មភាព​រៃអង្គាស​នានា​ ​ឱ្យ​បាន​កាន់តែ​ល្អ​ ​ជួយ​ដល់​ក្រុម​ទុរគត​ជន​ខ្វះខាត​។​ ​ក្នុង​នោះ​ក៍​ដើម្បី​ងាយស្រួល​ចាប់ដៃ​ជាមួយ​ស្ថាប័ន​នេះ​ស្ថាប័ន​នោះ​ ​ក្នុង​ពេល​ចង់​ធ្វើសកម្មភាព​ជួយ​សង្គម​ ​ងាយស្រួល​ក្នុង​ការពង្រីក​សកម្មភាព​ផង​ដែរ​។​ ​លោក​ប្រកាស​ជំហរ​ថា​ ​នឹង​មិនឈប់​សកម្មភាព​រ៉ៃ​អង្គាស​ ​និង​ចុះ​ជួយ​ដល់​ជន​ខ្វះខាត​នោះ​ទេ​ ​ដោយ​លោក​ប្រកាស​ជំហរ​សុខចិត្ត​បោះចោល​ការងារ​បាន​លុយ​ ​តែ​នឹង​យកពេល​កៀរគរ​ម្ចាស់​ជំនួយ​ជួយ​ដល់​ខ្វះខាត​ ​ដែល​បាន​ស្នើ​មក​ឱ្យ​អស់ពី​លទ្ធភាព​នោះ​ផង​៕​

Advertisement