ថៃ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​

​តាមរយៈ​ទំ​ព័រ​ផេ​ចក្រ​សួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បានឱ្យ​ដឹង​ថា​ ​អ្នកជំនាញ​ថៃ​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​សុំ​ចែករំលែក​បទពិសោធន៍​និង​ចំណេះដឹង​អំពី​ការ​ជួសជុល​និង​អភិរក្ស​ប្រាសាទ​ឥដ្ឋ​បុរាណ​ពី​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​។​

​តប​តាម​ការ​អញ្ជើញ​របស់​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​ថៃ​កាលពី​ថ្ងៃទី១៧​ ​ដល់​ថ្ងៃទី២១​ ​ខែមិថុនា​ ​ឆ្នាំ២០១៩កន្លងមក​ ​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ ​បុរាណ​ខ្មែរ​ចំនួន​បី​រូប​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ ​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តី​ពី​ ​“​ការ​ស្វែងយល់​អំពី​បច្ចេកទេស​បុរាណ​និង​ការប្រើ​សម្ភារៈ​បុរាណ​ ​ដើម្បី​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​តំបន់​អង្គរ​”​នៅ​ខេត្ត​ស្រះ​កែវ​ ​។​

​ក្នុង​សិក្ខាសាលា​នេះ​ ​អ្នកជំនាញ​ខ្មែរ​ទាំង​បី​រូប​មាន​៖​ ​លោក​ ​លី​ ​វណ្ណា​ ​បុរាណ​វិទូ​និង​ជា​ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​ ​លោក​ ​តាន់​ ​សុផល​ ​អ្នក​អភិរក្ស​ឥដ្ឋ​ ​និង​លោក​ ​ហួន​ ​សុខ​ជាតិ​ ​វិស្វករ​ ​បាន​ចែករំលែក​បទពិសោធន៍​ ​ចំណេះដឹង​អំពី​បច្ចេកទេស​បុរាណ​ ​និង​ការប្រើ​សម្ភារៈ​បុរាណ​ដើម្បី​ជួសជុល​ប្រាសាទបុរាណ​សាង​អំពី​ឥដ្ឋ​ដល់​អ្នកជំនាញ​ថៃ​ជាង៣០នាក់​ ​ដែល​កំពុង​បម្រើការ​ងារ​នៅក្នុង​វិស័យ​បេតិកភណ្ឌ​វប្បធម៌​ ​មក​ពី​ការិយាល័យ​ប្រចាំ​តំបន់​ទូទាំង​ប្រទេស​នៃ​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​។​

​លោក​ ​លី​ ​វណ្ណា​ ​បានឱ្យ​ដឹង​ថា​ ​សិក្ខាសាលា​នេះ​គឺ​ផ្តើម​ចេញពី​ការយល់ឃើញ​ថា​ ​ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទ​មួយ​ឱ្យ​រក្សា​បាន​នូវ​តម្លៃ​ដើម​ ​យើង​ត្រូវ​ប្រើ​បច្ចេកទេស​បុរាណ​និង​សម្ភារៈ​បុរាណ​គួបផ្សំ​ជាមួយនឹង​តម្រូវការ​ក្នុង​ពេល​ចាំបាច់​នៃ​ការប្រើ​បច្ចេកទេស​និង​សម្ភារៈ​ទំនើប​ដែល​មិន​ប៉ះពាល់​ដល់​លក្ខណៈ​សម្បត្តិ​បុរាណ​របស់​ប្រាសាទ​។​ ​នេះ​ក៏ដោយ​សារ​កន្លងមក​ ​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​នៅ​ប្រទេស​ថៃ​ប្រើ​បាយ​អរ​ដែល​ជា​ល្បាយ​បាន​មក​ពី​ការ​លាយ​បញ្ចូល​គ្នា​នៃ​ខ្សាច់​ ​កំបោរ​ ​និង​ស៊ី​ម៉ង់​តិ៍​ផត​ឡែ​នដ៍​ពណ៌ស​ដើម្បី​បិទ​ ​បៀក​ ​និង​ភ្ជាប់​ឥដ្ឋ​។​ ​ការប្រើ​ប្រភេទ​ល្បាយ​ស៊ី​ម៉ង់​តិ៍​ដូចនេះ​ ​មិន​ត្រូវគ្នា​ជាមួយ​ឥដ្ឋ​បុរាណ​ឡើយ​ ​ដោយសារ​សម្ភារៈសំណង់​ទាំងពីរ​ប្រភេទ​នេះ​មាន​លក្ខណៈ​រឹងមាំ​ខុសគ្នា​ខ្លាំង​ ​ម៉្យាងទៀត​ស៊ី​ម៉ង់​តិ៍​អាច​នាំមក​នូវ​ការ​កកើត​អំបិល​បំផ្លាញ​ដល់​ឥដ្ឋ​បុរាណ​នៃ​ប្រាសាទ​។​

​លោក​បុរាណ​វិទូ​រូប​នេះ​បន្ត​ថា​ ​កត្តា​នេះ​ហើយដែល​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​មាន​កង្វល់​យ៉ាង​ខ្លាំង​អំពី​បញ្ហា​នៃ​ការប្រើ​ស៊ី​ម៉ង់​តិ៍​ ​ហើយក៏​ងាក​មក​គិត​អំពី​ការ​រិះរក​មធ្យោបាយ​ប្រើ​បច្ចេកទេស​ជួសជុល​ប្រាសាទ​ឥដ្ឋ​តាម​បែប​បុរាណ​និង​ប្រើ​បាយ​អរ​បុរាណ​។​ល​។​ ​ទើប​នាយកដ្ឋាន​វិចិត្រ​សិល្បៈ​នៃ​ប្រទេស​ថៃ​ផ្តួចផ្តើម​គំនិត​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ​ដើម្បី​យក​បច្ចេក​បុរាណ​នេះ​ទៅ​អនុវត្ត​នៅក្នុង​គម្រោង​ជួសជុល​ប្រាសាទ​ខាវ​លួ​នដែល​ជា​ប្រាសាទ​ឥដ្ឋ​មួយ​មិនទាន់​ដឹង​កាលបរិច្ឆេទ​ច្បាស់លាស់​ស្ថិតនៅ​ក្នុង​ស្រុក​តា​ប្រា​យ៉ា​នៃ​ខេត្ត​សា​កែវ​ ​។​

​សូម​បញ្ជាក់​ថា​ ​នេះ​ជា​លើក​ទី១ដែល​អ្នកជំនាញ​អភិរក្ស​ប្រាសាទបុរាណ​ខ្មែរ​បាន​បំពេញបេសកកម្ម​ជា​ប្រវត្តិ​សាស្រ្ត​លើកដំបូង​និង​ជាទី​មោទនភាព​សម្រាប់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ធនធានមនុស្ស​ដ៏​មាន​សមត្ថភាព​ក្នុង​ការ​ផ្តល់​នូវ​ចំណេះដឹង​ ​បទពិសោធន៍​អំពី​ការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​ក្នុង​តំបន់​អង្គរ​ទៅកាន់​អន្តរជាតិ​៕​

Advertisement