ឈុន ស្រីមុំ៖ ខ្ញុំអាចឈរបានថ្ងៃនេះ គ្មានជំនួយពីនរណាទេ…

មួយរយៈចុងក្រោយនេះគេឧស្សាហ៍ឃើញតារាសម្ដែង ឈុន ស្រីមុំ មានវត្ដមានក្នុងការសម្ដែងភាពយន្ដឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5ញឹកញាប់ណាស់ សូម្បីតែរឿងដុំដែលមានចំណងជើងថា «នាងនាថបាត់ដំបង» ជាវណ្ណកម្មដំបូងដែលបានយកមកដាក់បញ្ចាំងក្នុងរោងភាពយន្ដក៏មានវត្ដមានរូបនាងដែរ។

ថ្វីដ្បិតតែនាងជាតារាទើបចូលប្រឡូកសិល្បៈនៅមិនទាន់មានបទពិសោធច្រើនដូចតារាដទៃមែន ប៉ុន្ដែមើលទៅទេពកោសល្យក្នុងការសម្ដែងរបស់នាងត្រូវបានមហាជនភាគច្រើនទទួលយកបាន និងមានការគាំទ្រ រហូតបច្ចុប្បន្ននាងក៏មានហ្វ៊ែនផ្ទាល់ខ្លួនដែលគាំទ្រលើការសម្ដែងរបស់នាងដែរ តែក្រោយពីគេបានដឹងថា នាងជាបងស្រីបង្កើតរបស់អ្នកគ្រប់គ្រងនៅក្នុងផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្ដី មកនោះ ក៏ស្រាប់តែមានការលើកឡើងថា ប្រសិនបើមិនមានការជួយជ្រោមជ្រែងពីប្អូនប្រុសទេ ប្រហែលជានាងគ្មានឱកាសបែបនេះឡើយ។

ជួបកញ្ញា ឈុន ស្រីមុំ នាងបានបកស្រាយប្រាប់ថា៖ «វាមិនមែនដូចអ្វីដែលគេបានលើកឡើងនោះទេ សម្រាប់ភក្ដី ប្អូនប្រុសរបស់ខ្ញុំវិញ កុំថាឡើយជួយជ្រោមជ្រែងខ្ញុំ សូម្បីតែខ្ញុំចូលសិល្បៈ ក៏គាត់មិនទាំងចង់ឱ្យខ្ញុំចូលប្រឡូកក្នុងអាជីពនេះផង»។ នាងបន្ដថា នាងហាក់មិនយល់ច្បាស់ពីអារម្មណ៍របស់ប្អូនប្រុសឡើយ ប៉ុន្ដែនាងអាចសន្និដ្ឋានបានថា ប្រហែលជាបណ្ដាលមកពីគាត់ខ្លាចនាងចូលប្រឡូកសិល្បៈហើយ ត្រូវរងការរិះគន់ពីរឿងមិនល្អណាមួយដែលអាចបណ្ដាលឱ្យប៉ះពាល់ដល់កិត្ដិយសគ្រួសារ។

ដោយឡែកពាក់ព័ន្ធនឹងការសម្ដែងរឿងភាគនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5ជាញឹកញាប់នោះត្រូវបាន ស្រីមុំ ប្រាប់ថា អ្វីៗដែលនាងទទួលបាន វាកើតចេញពីសមត្ថភាព និងទេពកោសល្យរបស់នាងសុទ្ធសាធ គ្មានការជួយពីនរណាទាំងអស់។ ប្រសិនបើគ្មានសមត្ថភាព ប្រហែលជាអ្នកដឹកនាំរឿងគេមិនត្រូវការទេ។ នាងបានបន្ដថា បើទោះជាមានការលើកឡើងបែបនេះក៏ដោយ ក៏នាងគ្មានអារម្មណ៍អាក់អន់ស្រពន់ចិត្ដអ្វីដែរ ព្រោះជាធម្មតា មានឪពុកជាចាងហ្វាងផលិតកម្ម និងប្អូនជាអ្នកប្រឡូកក្នុងវិស័យសិល្បៈយូរហើយ ហើយគេនាំគ្នានិយាយបែបហ្នឹង វាមិនមានអ្វីប្លែកទេ។

ទោះជាយ៉ាងណានាងបានសម្ដែងនូវមោទនភាពចំពោះខ្លួនឯងដែលអាចធ្វើបាន គ្រាដែលនាងមិនដែលធ្លាប់គិតថា នាងដើរលើផ្លូវនេះតែម្នាក់ឯងបែបនេះ ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះអំឡុងពេលនាងចូលសិល្បៈដំបូងក្រុមគ្រួសារពុំសូវជាគាំទ្រប៉ុន្មានឡើយ ដោយសារតែបារម្ភ។

ជាមួយគ្នានេះកញ្ញា ឈុន ស្រីមុំ ប្រាប់បន្ថែមទៀតថា កាលពីចូលសិល្បៈដំបូងៗគ្រួសារពិតជាមានការបារម្ភចំពោះនាងអំពីការចេញទៅថតទីឆ្ងាយៗ និងខ្លាចជួបរឿងមិនល្អពាក់ព័ន្ធនឹងស្នេហា ប៉ុន្ដែពេលនេះអ្នកផ្ទះរបស់នាងមានការទុកចិត្ដលើរូបនាងហើយ។ ម្យ៉ាងនាងក៏មានបទពិសោធច្រើនហើយក្នុងសង្គមសិល្បៈ បន្ទាប់ពីការចេញទៅសម្ដែងឆ្ងាយៗតែឯងញឹកញាប់មកនោះ៕

Advertisement