គង់ ច័ន្ទស្រីមុំ គ្រងតំណែងអ្នកតំណាងផលិតផលថែរក្សាសម្រស់«Vianne’» ម៉ាកល្បីបំផុតពីប្រទេសថៃ

ប្រិយមិត្តបានជ្រាបរួចមកហើយថា តារាសម្ដែងទទួលបានជោគជ័យ ទាំងការងារជំនួញ និងការងារសិល្បៈ អ្នកនាង គង់ ច័ន្ទស្រីមុំ ដែលនេះជាលើកដំបូងហើយដែលអ្នកនាងព្រមទទួលឈ្មោះ ជាឯកអគ្គរាជទូតសុឆន្ទៈ ដែលតំណែងនេះ អ្នកនាងបានបដិសេធអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ អ្នកនាងត្រូវបានមិត្តភក្តិរបស់ខ្លួនដែលបានរាប់អានគ្នា ជិត១០ឆ្នាំមកហើយនោះ បានបើកជំនួញថ្មី ជ្រើស រើសឲ្យធ្វើជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងផលិតផលថែរក្សាសុខភាព និងសម្រស់ម៉ាកល្បីបំផុតមកពីប្រទេសថៃ មាន ឈ្មោះថា «Vianne’» ។

តារាសម្ដែង នៅតែរក្សាសម្រស់បានក្មេងជាងវ័យ អ្នកនាង គង់ ច័ន្ទស្រីមុំ បានលើកឡើងថា មូលហេតុដែលនាងព្រមទទួល ធ្វើជាអ្នកតំណាងផលិតផលមួយនេះ ក៏ព្រោះម្ចាស់ក្រុមហ៊ុន នាំចូលផលិតផល គឺជាមិត្តភក្តិរបស់នាង និងប្ដី គឺលោក គឹម សីហា ដោយបានរាប់អានគ្នាអស់រយៈពេលជិត ១០ឆ្នាំមកហើយ ពោលគឺដោយសារតែមិត្តភាព ដែលមិនអាចកាត់ផ្ដាច់បាននេះហើយ ទើបជំរុញឲ្យនាងព្រម ទទួលការងារនេះ ទាំងដែលនាងមិនធ្លាប់ទាល់តែសោះ។

គង់ ច័ន្ទស្រីមុំ បន្តថា ទោះបីជាខ្លួនបានទទួលជាអ្នកតំណាងផលិតផល នាំចូលមកពីបរទេសក្ដី ប៉ុន្តែមិនប៉ះពាល់ ដល់ផលិតផល «ម៉ូម៉ូ» របស់ខ្លួន នោះទេ ព្រោះតែផលិតផលដែលនាងធ្វើជា ឯកអគ្គរាជទូតសុឆន្ទៈនេះ គឺជា ប្រភេទឱសថរក្សាសម្រស់ និងទ្រទ្រង់សុខភាពអ្នកប្រើប្រាស់ ចំណែកឯផលិតផល ម៉ូម៉ូ របស់នាងផ្ទាល់ គឺសម្រាប់កែសម្ផស្ស និងលាបពីខាងក្រៅប៉ុណ្ណោះ។

គង់ ច័ន្ទស្រីមុំ បានសង្កត់ធ្ងន់ថា ទោះបីជាការងារជាឯកអគ្គរាជទូតសុឆន្ទៈ តំណាងផលិតផលមួយ ជាការងារ លើកដំបូងរបស់នាងក្ដី ប៉ុន្តែនាងមិនខ្លាចការប្រកួតប្រជែង ក្នុងទីផ្សារផលិតផលឡើយ ព្រោះតែនាងមានទំនុក ចិត្តខ្ពស់ចំពោះខ្លួនឯង និងការដាក់យុទ្ធសាស្រ្តទីផ្សារច្បាស់លាស់ នៅក្នុងជំនួញមួយនេះ ខណៈដែលនាងធ្លាប់ ទទួលបានជោគជ័យ ជាច្រើនមកហើយ ក្នុងពិភពជំនួញ។

សូមបញ្ជាក់ថា សម្រាប់តារាសម្ដែង គង់ ច័ន្ទស្រីមុំ ត្រូវបានមហាជនសង្កេតឃើញថា ចាប់តាំងពីនាងមានគ្រួសារ និងទទួលបានកូនស្រីម្នាក់ ជាចំណងដៃរួចមក នាងហាក់មានភាពឃ្លាតឆ្ងាយបន្តិច ពីការងារសិល្បៈ ព្រោះតែ នាងបានងាកទៅពង្រឹង លើការងាររកស៊ី និងយកចិត្តទុកដាក់លើសុភមង្គលគ្រួសារ ខណៈដែលក្នុងវិស័យ សិល្បៈ គឺនាងបង្ហាញខ្លួនតែក្នុងកម្មវិធីជួបជុំ អ្នកសិល្បៈដូចគ្នា ដែលត្រូវបានអញ្ជើញចូលរួមប៉ុណ្ណោះ៕

Advertisement