ឈុមភូ អារ៉ាយ៉ា បង្ហាញរូបកូនភ្លោះ ក្រោយឆ្លុះអេកូរួច

តារាឯកស្រី ឈុមភូ អារ៉ាយ៉ា និងស្វាមីមហាសេដ្ឋី បានបង្ហោះរូបភាពកូនភ្លោះនៅក្នុងផ្ទៃ ក្រោយពេលថតអេកូរួច ដោយរឿងតាំងគភ៌នៅគ្រានេះ អ្នកនាងបានត្រៀមរួចជាស្រេចក្នុងការដាក់ឈ្មោះឱ្យកូន ថែមទាំងបានកក់សាលារៀន និង មហាវិទ្យាល័យទុកឱ្យកូនភ្លោះអ្នកនាងរួចរាល់ហើយទៀតផង បើទោះបីជាមិនទាន់បានប្រសូតក្ដី។

អ្នកទាំងពីរជាគូស្វាមីភរិយាដែលគួរឱ្យចាប់អារម្មណ៍បំផុតនាពេលបច្ចុប្បន្ននេះ សម្រាប់តារាស្រី ឈុមភូ អារ៉ាយ៉ា ជាមួយស្វាមីដែលរូបសង្ហាបំផុត ពេលនេះអ្នកនាងតាំងគភ៌បាន 23 សប្ដាហ៍ហើយ ដោយរូបសម្ផស្សរបស់អ្នកនាងនៅតែស្រស់ស្អាតដដែល គ្មានផ្លាស់ប្ដូរឡើយ។ គួរកត់សម្គាល់ថា មានបណ្ដាអ្នកគាំទ្រអ្នកនាងជាច្រើនដែលកំពុងរង់ចាំមើលមុខមាត់កូនភ្លោះរបស់អ្នកនាងយ៉ាងអន្ទះសា តែនៅទីបំផុត នៅថ្ងៃទី12 ខែមិថុនា ឆ្នាំ2017 សាមីខ្លួនបានបើកចំហចំពោះរឿងកូនភ្លោះនេះ ដោយបានបង្ហាញនូវរូបភាពថតអេកូ ជាលើកដំបូងនៅក្នុងកម្មវិធី 3 Zab របស់ស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 3 ថៃ។

អ្នកនាងបានពោលថា កាលពីដំណាក់កាលពពោះដំបូងៗ អ្នកនាងធ្វើអ្វីមិនបានឡើយ ចាញ់កូនខ្លាំងណាស់ មានអាការវិលមុខ ក្អួតចង្អោរ ពិបាកក្នុងការញ៉ាំអាហារមែនទែន ជាពិសេសនៅពេលព្រឹកៗដែលអ័រម៉ូនឡើងខ្លាំង បណ្ដាលឱ្យអ្នកនាងបរិភោគអ្វីក៏មិនចូលដែរ។ នៅពេលចាញ់កូនខ្លាំងម្ដងៗ មានអារម្មណ៍ថា ក្ដៅខ្លួនខ្លាំងណាស់ រហូតដល់ថ្នាក់ដាក់ឧបករណ៍ស្អំឱ្យត្រជាក់ជាប់តាមខ្លួនជានិច្ច ។ ទន្ទឹមនឹងនោះ អ្នកនាង ឈុមភូ បានបន្ដពោលទៀតថា នៅអំឡុងពេលដែលខ្លួនទៅដើរបង្ហាញម៉ូដលើកម្រាលព្រំក្រហមនៅទីក្រុងកាន ប្រទេសបារាំង អ្នកនាងបានត្រៀមខ្លួនយ៉ាងខ្លាំង ព្រោះអ្នកនាងចាញ់កូន ទទួលទានអ្វីក៏មិនបាន ញ៉ាំបានតែផ្លែទុរេនតែមួយមុខគត់ ដោយអ្នកនាងត្រូវញ៉ាំវាអស់ឡើង 3ផ្លែ មុនពេលដើរលើកម្រាលព្រំក្រហមនៅថ្ងៃនោះ។ លុះដល់ថ្ងៃបន្ទាប់ ភ្ញាក់ឡើងមកក៏នៅតែញ៉ាំអ្វីមិនបាន ញ៉ាំបានតែផ្លែធូរ៉េនតែមួយមុខគត់ដដែល។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពវីដេអូ និងបទសម្ភាសអ្នកនាង ខាងក្រោមនេះ៖

Advertisement