តួស្រី ចាំងគីម បរិច្ចាគប្រាក់ជាង 56 លានវ៉ុន ដល់អ្នករងគ្រោះទឹកជំនន់នៅសិរីលង្កា

តារាស្រីជើងចាស់ ដែលមានសម្រស់ស្អាតជួរមុខនៅក្នុងចំណោមតារាស្រីនានាក្នុងពិភពសិល្បៈកូរ៉េ គឺតួឯកស្រី ចាំង គីម ឬមានឈ្មោះពិតថា Lee Young Ae បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 56.2លានវ៉ុន ដើម្បីជួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅប្រទេសសិរីលង្កា។

កាលពីពេលថ្មីៗនេះ សារព័ត៌មានរបស់ប្រទេសសិរីលង្កា បានរាយការណ៍មកថា តារាសម្ដែងស្រីរូបនេះបានចូលរួមបរិច្ចាគថវិកាយ៉ាងច្រើនមហាសាលដល់មូលនិធិប្រទេសកូរ៉េ ដើម្បីពាំនាំថវិកាទាំងនេះទៅជួយដល់ប្រជាជន និងជនពិការដែលកំពុងមានទុក្ខជាទម្ងន់ដោយសារគ្រោះធម្មជាតិ គ្រោះទឹកជំនន់នៅប្រទេសសិរីលង្កា តាមរយៈស្ថានទូតប្រទេសកូរ៉េ ប្រចាំនៅទីនោះ។

តារាស្រីវ័យ 46ឆ្នាំរូបនេះបានពោលអំពីហេតុការណ៍គ្រោះទឹកជំនន់នោះថា «ខ្ញុំមានអារម្មណ៍ឈឺចាប់នៅក្នុងចិត្តខ្លាំងណាស់ ដែលបានទទួលដំណឹងថា គ្រោះទឹកជំនន់នៅក្នុងប្រទេសសិរីលង្កា ហើយមានប្រជាជនបានបាត់បង់ខូចខាតផ្ទះសំបែងអស់ជាច្រើន ព្រមទាំងមានអ្នកស្លាប់បាត់បង់ជីវិតទៀតផង ។ នៅក្នុងគ្រានេះ នាងខ្ញុំចង់ជួយសង្គ្រោះដល់ពួកគេទាំងនោះ បើទោះបីជាមិនបានច្រើនក្ដី តែក៏ខំប្រឹងឱ្យអស់ពីចិត្ត»។

លើសពីនោះទៅទៀតតារាស្រី Lee Young Ae បានបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការកសាងគម្រោងផ្ដល់អាហារូបករណ៍ដល់បណ្ដាសិស្ស និសិ្សតដែលមានឈ្មោះថា «Lee Young Ae Scholarship Fund» ដល់សិស្សានុសិស្សនៅប្រទេសសិរីលង្កា ផងដែរ ៕

Advertisement