Katy Perry សុំទោស Taylor Swift ជាសាធារណៈ

នៅទីបំផុត Katy Perry បានអត់ឱន និងសុំទោសនូវអ្វីដែលនាងបានធ្វើខុសចំពោះ Taylor Swift ដែលជាមិត្តចាស់របស់នាង នៅក្នុងសង្គមសិល្បៈហូលីវូដ។

សង្គ្រាមពាក្យសម្ដីមួយឆ្នាំពេញរវាង Taylor Swift និង Katy Perry បានមកដល់ទីបញ្ចប់ហើយ ដោយថ្មីៗនេះ តារាស្រី Katy Perry បានផ្ដល់បទសម្ភាសផ្លាស់ប្ដូរបទពិសោធជាមួយអ្នកនិពន្ធ Arianna Huffington ក្នុងការផ្សាយផ្ទាល់ ហើយនាងបានលើកឡើងពីរឿងរ៉ាវជុំវិញការបញ្ចប់សង្គ្រាមជាមួយ Taylor Swift ។

តារាស្រី Katy Perry បានពោលប្រាប់អ្នកនិពន្ធថា “ខ្ញុំត្រៀមខ្លួនរួចជាស្រេចក្នុងការអត់ឱន និងសូមទោសនូវអ្វីដែលខ្ញុំបានធ្វើ ហើយខ្ញុំរំពឹងទុកថា នាង (Taylor ) ក៏នឹងធ្វើដូចដែលខ្ញុំបានធ្វើនេះដែរ នេះជាក្ដីសង្ឃឹមដែលចង់បានពីនាងវិញ ។ ខ្ញុំគិតថា នាងជាតារាចម្រៀងស្រីដ៏ល្អបំផុត ប្រសិនបើពួកយើងទាំងពីរអាចសម្របសម្រួលគ្នាក្នុងនាមជានារីដូចគ្នានោះ រាល់ជម្លោះរំខានទាំងឡាយ អាចនឹងប្រសើរឡើងវិញ ក៏ព្រោះតែអ្នករាល់គ្នាគិតថា យ៉ាងណាក៏ដោយ ក៏ពួកយើងអាចដោះស្រាយវាបានដែរ” ។

មិនត្រឹមតែប៉ុណ្ណឹងទេ តារាស្រីវ័យ ៣២ ឆ្នាំរូបនេះ បានបន្ដនិយាយទៀតថា ” មានរឿងជាច្រើនទៀតដែលកំពុងបន្ដដំណើរទៅមុខ ដែលមានមនុស្សនៅក្នុងពិភពលោកនេះកំពុងចាប់អារម្មណ៍ពីវា ហើយខ្ញុំបានបួងសួងដល់ព្រះជាម្ចាស់ឱ្យតាមថែរក្សាការធ្វើដំណើររបស់នាង” ។

គួរបញ្ជាក់ផងដែរថា ការឆ្លើយតបវិញរបស់ Taylor Swift ចំពោះបញ្ហានេះ នៅមិនទាន់មានការបកស្រាយនៅឡើយទេ តែតាមរយៈសារព័ត៌មាន Enemies បានសន្យាជាមួយអ្នកគាំទ្រថា នឹងរៀបចំបទសម្ភាសផ្ទាល់រវាងតារាពីរដួងនេះដោយផ្ទាល់ទល់មុខគ្នា នៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរ ៕

 

 

 

Advertisement