គ្រប់ទឹកតែម្តង! ព្រាប សុវត្ថិ ទទួលការងារមួយបានតម្លៃខ្លួនក្បែរលានដុល្លារ

បើទោះជាបច្ចុប្បន្នបទចម្រៀងរបស់លោក ព្រាប សុវត្ថិ នៅតែមានសម្ទុះខ្លាំងនៅក្នុងទីផ្សារក៏ដោយ តែមួយរយៈចុងក្រោយនេះគេហាក់ដូចជាពុំសូវឃើញមានសារព័ត៌មានក្នុងស្រុកចុះផ្សាយអំពីលោកឡើយ។ ថ្មីៗនេះស្រាប់តែលេចឮព័ត៌មានថា មូលហេតុដែលកំពូលតារាចម្រៀងម្នាក់នេះព្យាយាមមិនបង្ហាញមុខក្នុងទំព័រសារព័ត៌មាន ព្រោះតែលោកមិនចង់ឆ្លើយតបទៅនឹងសំណួរជុំវិញតម្លៃខ្លួនក្នុងការងារ គ្រាដែលលោកទទួលបានការងារថតស្ប៉តពាណិជ្ជកម្មជាច្រើននោះ។

ប្រហែលជាជាងពីរឆ្នាំចុងក្រោយនេះគេសង្កេតឃើញថា លោក ព្រាប សុវត្ថិ ហាក់ទទួលបានការងារជាច្រើនពាក់ព័ន្ធនឹងការថតស្ប៉តពាណិជ្ជកម្ម ដូចជាការធ្វើជាតំណាងឱ្យផលិតផលស្រាបៀរអង្គរ និងផលិតផលខោក្នុងម៉ាក ខ្លាស ជាដើម។ គ្រាន់តែឃើញការងារបែបនេះមានមហាជនជាច្រើនបានលើកឡើងថា លោក ព្រាប សុវត្ថិ ច្បាស់ជាគ្រប់ទឹកមិនខាន ព្រោះគេបាននិយាយថា កាលពីប៉ុន្មានឆ្នាំមុនគ្រាដែលលោកទទួលបានការងារថតស្ប៉តឱ្យសេវាទូរស័ព្ទចល័តក្នុងស្រុកមួយ គឺទទួលបានតម្លៃខ្លួនរាប់សិបម៉ឺនដុល្លារ។

យោងតាមប្រភពមួយចំនួនបានបង្ហើបថា ក្នុងឆ្នាំថ្មីនេះលោក ព្រាប សុវត្ថិ កំពុងតែត្រូវប៉ាន់យ៉ាងខ្លាំង ព្រោះគ្រាន់តែលោកធ្វើការងារជាអ្នកតំណាងឱ្យក្រុមហ៊ុនស្រាបៀរអង្គរមួយ លោកទទួលបានតម្លៃខ្លួនក្បែរលានដុល្លារទៅហើយ បន្ថែមពីលើនេះទៀតតម្លៃខ្លួនសម្រាប់ការងារថតស្ប៉តឱ្យផលិតផលខោក្នុងក៏ទទួលបានរាប់ម៉ឺនដុល្លារផងដែរ។

ទោះបីជាព័ត៌មានខាងលើមិនទាន់អាចចាត់ទុកជាព័ត៌មានផ្លូវការក៏ដោយ ប៉ុន្ដែអ្នកគាំទ្ររបស់លោកជាច្រើនបានសាទរជាមួយលោកគ្រាដែល Idol របស់ពួកគេទទួលបានតម្លៃខ្លួនខ្ពស់មិនចាញ់តារាបរទេសនៃប្រទេសជិតខាង។ តែទោះជាយ៉ាងណាក៏ដោយ ក៏ឡា រ៉ែន សូមជួយចូលរួមសម្តែងក្តីត្រេកអរចំពោះអ្វីដែលល្អៗកើតឡើងសម្រាប់វិស័យសិល្បៈ និងជាមួយគ្រប់សិល្បករទាំងអស់របស់កម្ពុជាយើងដែលទទួលបានភាពជោគជ័យក្នុងអាជីពរបស់ពួកគេដោយក្តីមោទនៈ និងចង់បានការអះអាងពីសាមីខ្លួនតារាទាំងអស់ដើម្បីទុកជាការត្រេកអរទាំងអស់គ្នា៕

Advertisement