នីតា វរវង្ស ដើម្បីបំពេញចិត្ដម៉ែ…ដាច់ខាតមិនលេងល្បែងស្នេហា

តារាសម្ដែង នីតា វរវង្ស ត្រូវបានមហាជនមានការកោតសសើរជាខ្លាំងទៅលើទេពកោសល្យក្នុងការសម្ដែងជាតួអង្គកាចឆ្នាស រហូតធ្វើឱ្យប្រជាប្រិយភាពមានសម្ទុះកើនឡើងជាបន្ដបន្ទាប់។ ស្របពេលជាមួយគ្នាក៏លេចឮថា តារាសម្ដែងស្រីស្អាតវ័យ 21ឆ្នាំរូបនេះ កំពុងសម្ងំស្វែងយល់ចិត្ដគ្នាជាមួយបុរសម្នាក់នៅក្រៅប្រទេស។

គ្រាន់តែលេចឮថា តារាសម្ដែងស្រស់ស្អាតរូបនេះកំពុងមានស្នេហាជាមួយបុរសម្នាក់រស់នៅក្រៅប្រទេស គេហាក់មានការចម្លែកចិត្ដភ្លាមតែម្តង ព្រោះកន្លងមកម្ដាយរបស់នាងតែងតែដើរតាមនាងគ្រប់ច្រកល្ហក និងម្យ៉ាងទៀតគាត់ជាមនុស្សម្នាក់ដែលមានការរឹតត្បិតរឿងជីវិតស្នេហារបស់កូនស្រីខ្លួនណាស់ ព្រោះតែចង់ឱ្យកូនស្រីប្រឹងសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បៈសិន។

ជួបកញ្ញានីតា វរវង្ស នាងបានប្រាប់ថា រហូតមកដល់ពេលនេះនាងមិនធ្លាប់បានសាងសេ្នហាជាមួយបុរសណាម្នាក់ឡើយ។ កន្លងមកអ្វីដែលមហាជន ក៏ដូចជាមិត្ដភ័ក្ដិក្នុងសិល្បៈបានឃើញសកម្មភាពនៅខាងក្រៅរវាងនាង និងបុរសម្នាក់ដែលមិនមែនជាអ្នកស្ថិតនៅក្នុងរង្វង់សិល្បៈនោះ វាគ្រាន់តែជាការរាប់អានបែបមិត្ដភ័កិ្ដប៉ុណ្ណោះ។

វរវង្ស បានឆ្លើយតបដោយមិនលាក់លៀមថា នាងមិនអាចយកក្រដាសទៅខ្ចប់ភ្លើងបានទេ ការពិតបុរសរស់នៅក្រៅប្រទេសនោះគឺនៅអាមេរិក ជាអ្នកគាំទ្រការសម្ដែងរបស់នាងព្រមទាំងធ្លាប់បានឆាតសួរសុខទុក្ខគ្នាតាមរយៈហ្វេសប៊ុកផងដែរ ព្រោះគាត់ជាអ្នកចូលចិត្ដសិល្បៈ។ នាងបន្ដថា បុរសម្នាក់នោះធ្លាប់បានប្រាប់ថា បើមានឱកាសមកលេងស្រុកខ្មែរ គាត់នឹងមកជួបនាងខ្ញុំផ្ទាល់ ព្រោះគាត់ចង់រាប់អានដូចជាញាតិម្នាក់។ ទើបនៅពេលបុរសនោះមកលេងស្រុកខ្មែរនាងត្រូវរ៉ាប់រងការជូនដើរកម្សាន្ដ ជាពិសេសក៏ធ្លាប់នាំទៅមើលនាងថតកុនផងដែរ។

ទោះជាយ៉ាងណា នីតា វវវង្ស អះអាងដាច់ខាតថានាងអត់ទាន់ចង់មានស្នេហាទេ ព្រោះឱកាសនៃការសាងកេរ្ដិ៍ឈ្មោះក្នុងរង្វង់សិល្បៈនៅមានច្រើន ម្យ៉ាងម្ដាយនាងក៏មិនទាន់ចង់ឱ្យនាងពាក់ព័ន្ធនឹងរឿងស្នេហាទាំងវ័យក្មេងដែរ។ នាងបន្ដថា៖” កន្លងមានអ្នកស្រឡាញ់ច្រើន ប៉ុន្ដែខ្ញុំអត់ចង់គិតទេ ម្យ៉ាងម៉ាក់ជាអ្នកមានគុណ គាត់ប្រឹងមើលថែខ្ញុំ ស្រឡាញ់យកចិត្ដទុកដាក់លើខ្ញុំ គាត់ចង់ឱ្យខ្ញុំសាងកេរ្ដិ៍ឈ្មោះក្នុងសិល្បឱ្យបានយូរ ដូច្នេះខ្ញុំត្រូវតែបំពេញបំណងម៉ាក់”៕

Advertisement