Se7en បង្ហោះសារលើកទឹកចិត្តមិត្តជិតដិត T.O.P

តារាចម្រៀងប្រុសមួយដួងដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពសិល្បៈកូរ៉េ គឺ Se7en ដែលជាអតីតសិល្បកររួមដំបូលជាមួយ T.O.P នៅក្នុងផលិតកម្ម YG Entertainment បានបារម្ភពីមិត្តជិតដិតរបស់ខ្លួនជាខ្លាំង ដោយបានបង្ហោះសារខ្លះៗដើម្បីលើកទឹកចិត្ត និងជូនពរដល់ T.O.P ក្នុងនាមជាសម្លាញ់រួមការងារ។

គួររំឭកបន្តិចដែរថា Se7en និង T.O.P ដូចដែលធ្លាប់ដឹងពីមុនមកហើយ គឺជាមិត្តភ័ក្ដិដែលស្និទ្ធស្នាលនឹងគ្នា ព្រមទាំងធ្លាប់រួមការងារបង្កើតបទចម្រៀងកន្លងមកជាមួយគ្នាដូចជាបទ “ Digital Bounce “ ជាដើម។ បើទោះបីតារាចម្រៀង Se7en បានចាកចេញពី YG Entertainment ក៏ដោយ ក៏ពួកគេទាំងពីរនៅតែបន្ដមានទំនាក់ទំនងល្អជាមួយគ្នារហូតមកដដែល។

នៅថ្ងៃទី7 ខែមិថុនា ឆ្នាំ2017 តារាប្រុសវ័យ32 ឆ្នាំរូបនេះបានបង្ហោះរូបភាពនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមរបស់លោក ដែលជារូបភាពបេះដូងជាលក្ខណៈសិល្បៈហត្ថកម្មធ្វើពីក្រណាត់ផ្ញើទៅកាន់ T.O.P ដោយអមជាមួយសារថា “ #StayStrongTOP “ ដែលជាពាក្យលើកទឹកចិត្តដល់មិត្តសម្លាញ់។

គួរបញ្ជាក់ផងដែរថា ខណៈនេះ YG Entertainment បានអះអាងថា នៅក្នុងមន្ទីរពេទ្យពេលនេះ មានការកំណត់ឱ្យចូលសួរសុខទុក្ខ T.O.P ដោយអ្នកដែលអាចចូលទៅបានគឺមានតែសាច់ញាតិ មិត្តជិតស្និទ្ធ និងក្រុមគ្រួសារតែប៉ុណ្ណោះ ដែលអាចនៅមើលថែលោកបាន ៕

Advertisement