ម្ដាយ T.O.P បញ្ជាក់ថា កូនប្រុសដឹងខ្លួនវិញហើយ ក្រោយពីដួលសន្លប់

នៅគ្រាដែលបញ្ហាជាច្រើនបានកើតឡើងចំពោះ T.O.P ខណៈដែលលោកត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ ដោយសារតែខ្វះអុកស៊ីហ្ស៊ែន ហើយមានបញ្ហារឿងខួរក្បាលនោះ ធ្វើឱ្យម្ដាយរបស់កំពូលតារាចម្រៀងរូបនេះ ចេញមុខអះអាងថា កូនប្រុសខ្លួនកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុត រហូតដល់ជិតស្លាប់ដោយសារតែកង្វះអុកស៊ីហ្ស៊ែន ។

តែដំណឹងចុងក្រោយ ថ្មីៗនេះ ពីគេហទំព័រ KoreanBooបានឱ្យដឹងពីសម្ដីអះអាងជាថ្មិម្ដងទៀតរបស់ម្ដាយតារាចម្រៀង T.O.P បានថ្លែងថា កូនប្រុសរបស់លោកស្រីបានបើកភ្នែកដឹងខ្លួនវិញហើយ កាលពីវេលាម៉ោង 1៖45នាទីទៀបភ្លឺ នៅក្នុងមន្ទីពេទ្យ Ewha Woman’s University Mokdong Hospital បន្ទាប់ពីតារាប្រុសខាងលើបានដេកសន្លប់អស់រយៈពេល 3ថ្ងៃ ។

អ្នកម្ដាយ T.O.P បានពោលថា «កូនប្រុសរបស់ខ្ញុំបានដឹងខ្លួន និងសុខភាពប្រសើរឡើងវិញបន្ដិចហើយ ខ្ញុំបាននៅមើលកូនជាប់នឹងភ្នែក »។

ស្ថានភាពសុខភាពរបស់ T.O.P នៅពេលនេះ មានសភាពប្រសើរបន្ដិចហើយ និងមានអ្នកគាំទ្របានចូលទៅជូនពរលោកនៅលើបណ្ដាញសង្គម អ៊ីនស្ដាក្រាមជាច្រើនពាន់នាក់ផងដែរ ដើម្បីបួងសួងឱ្យលោកឆាប់ជាសះស្បើយ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ តារាចម្រៀង T.O.P ត្រូវបានគេរកឃើញថា បានប្រើប្រាស់គ្រឿងញៀន និងត្រូវបានដកសិទ្ធិចេញពីការហ្វឹកហាត់ ជាទាហានការពារជាតិ៕

Advertisement