កញ្ញា ហ៊ិន ចាន់នីរ័ត្ន ធ្វើឱ្យទស្សនិកជនញ័រខ្លួន ទ្រាំមិនបានក្នុងរឿង «ធ្មប់»

តារាស្រីកញ្ញា ហ៊ិន ចាន់នីរ័ត្ន ដែលជាពិធីការិនីល្បីប្រចាំកម្មវិធី The Style និង Cha Cha Cha របស់ស្ថានីយទូរទស្សន៍បាយ័ន ដែលមានសម្រស់ស្រស់ស្អាតមិនចាញ់តារាបរទេសប៉ុន្មាននោះ បានបង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់បុរាណនាសម័យលង្វែក យ៉ាងស័ក្តិសមជាមួយនឹងទឹកមុខដ៏គួរឱ្យព្រឺព្រួច តាមរយៈខ្សែភាពយន្ដខ្នាតធំរបស់វណ្ណកម្ម មាតុចក្រភាពយន្ដ គឺរឿង «ធ្មប់»។

ពិធីការិនីប៉ុស្ត៍ទូរទស្សន៍ បាយ័នរូបនេះ បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីសម្រស់របស់កញ្ញាក្នុងសម្លៀកបំពាក់មួយឈុតនេះ រហូតដល់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក នាំគ្នាភ្ញាក់ផ្អើលហើយលាន់មាត់ថា ពិតជាទ្រាំរង់ចាំមើលលែងចង់បានទៀតហើយ ដោយសារតែក្តីទទូចអន្ទះសាររង់ចាំចំពោះការដាក់បញ្ចាំងរឿងដ៏គួរឱ្យភ័យរន្ធត់មួយនេះ ។

គួរកត់សម្គាល់ផងដែរថា សម្ទុះនៃការគាំទ្ររបស់ខ្សែភាពយន្ដខ្នាតធំដែលសម្ដែងដោយកញ្ញា ហ៊ិន ចាន់នីរ័ត្ន កំពុងតែពុះកញ្ជ្រោលខ្លាំងឡើងៗ តាមរយៈការបង្ហោះរូបភាពក្រៅឆាកខ្លះៗរបស់នាងនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ផ្ទាល់ខ្លួនរបស់នាង និងដោយសារការជឿជាក់លើការដឹកនាំរឿងរបស់លោក ហ៊ុយ យ៉ាឡេង កាលពីរឿង «វិកលចរិត» កាលពីពេលមុន បានធ្វើឱ្យទស្សនិកជននៅតែបន្ដគាំទ្រស្នាដៃរបស់លោកបន្ទាប់នេះ ដោយរំពឹងទុកថា រឿង «ធ្មប់» នេះនឹងមានគុណភាពភាពយន្ដស្តង់ដារដូចជារឿងមុនដែរ ហើយអ្នកគាំទ្រគ្រប់រូបក៏មានមោទនភាពចំពោះស្នាដៃដឹកនាំរឿងរបស់លោកផងដែរ៕

Advertisement