ចូ អ៊ីប៊យ The Voice Thailand ទម្លាយស្នេហាផ្អែមល្ហែមជាមួយតារាម៉ូដែល

បន្ទាប់ពីតារាបង្ហាញម៉ូដ និងតារាសម្ដែងស្រី Gwang បេក្ខនារី The Face Thailand រដូវកាលទី ២ បានចេញមុខទទួលស្គាល់ការពិតថា កំពុងតែសិក្សាចិត្តថ្លើមគូស្នេហ៍តារាចម្រៀងប្រុស ចូ អ៊ីប៊យ ដែលជាគណៈកម្មការ The Voice Thailand អស់រយៈពេលជិត ១ ឆ្នាំហើយក៏ដោយ ក៏ប៉ុន្ដែមិនទាន់មានលេចចេញរួបភាពស្នេហ៍ស្និទ្ធផ្អែមល្ហែមជាមួយគ្នាជាចំហនៅឡើយទេ។

ទើបតែថ្មីៗនេះ អ្នកទាំងពីរលែងអាចលាក់បាំងបានទៀតហើយ ទើបទម្លាយរូបភាពកៀកកើយស្នេហ៍ស្និទ្ធយ៉ាងផ្អែមល្ហែមជាមួយគ្នានៅលើបណ្ដាញអ៊ីនស្ដាក្រាមរបស់ ចូ អ៊ីប៊យ ដែលអមដោយបទចម្រៀងដែលមានចំណងជើងថា “อยู่คนเดียวไม่ได้แล้ว“ ដែលមានអត្ថន័យក្នុងបទចម្រៀងថា “ ឱ្យនៅតែម្នាក់ឯងដូចមុនប្រហែលជាលែងបានទៀតហើយ ចង់បានជីវិតដែលមានអូន មានអូនតែម្នាក់គត់ដែលធ្វើឱ្យថ្ងៃនេះមានតម្លៃ បងគ្មានអ្វីផ្សេងដែលត្រូវតាមរកទៀតទេ បងចង់ប្រើពេលវេលាដែលបងមាន ដើរទៅជាមួយអូន “ ដែលអត្ថន័យនោះបានធ្វើឱ្យអ្នកគាំទ្រលង់អារម្មណ៍ទៅជាមួយលោកផងដែរ ។

គួរបញ្ជាក់ផងដែរថា រូបភាពទាំងឡាយដែលតារាប្រុសខាងលើបានបង្ហោះនោះ គឺជាដំណើរកម្សាន្ដទៅកាន់ប្រទេសជប៉ុន កាលពីឆ្នាំមុន ដែលធ្វើឱ្យអ្នកគាំទ្រលាន់មាត់ថា នេះជាព័ត៌មានដ៏ធំបំផុតមួយបន្ទាប់ពីក្តីស្នេហារបស់ស្រីស្អាត និងប្រុសសង្ហាមួយគូខំប្រឹងលាក់យ៉ាងស្ងាត់អស់មួយរយៈយ៉ាងយូរមក៕

 

Advertisement