គ្រាន់តែ​ថ្ងៃ​ដាក់​សម្ពោធ​ភ្លាម​ ​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​មហាជន​ដាក់​ពិន្ទុ​ឱ្យ​ ​7​/​10​

​ស្នាដៃ​ថ្មី​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដែល​សម្រិតសម្រាំង​យ៉ាង​យកចិត្ត​ទុកដាក់​របស់​ផលិតកម្ម​សិល្បៈ​ភាពយន្ត​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ផលិតករ​ ​និង​អ្នកដឹកនាំ​ដ៏​ពូកែ​ ​ត្រូវ​បាន​អ្នកគាំទ្រ​រំពឹង​ថា​ ​ពិតជា​ទទួល​បានការ​ចាប់អារម្មណ៍​ម្តង​ទៀតហើយ​ ​សម្រាប់​សង្គមភាព​យន្ត​ខ្មែរ​។​ ​ការ​មាន​ជំនឿ​ចិត្ត​បែបនេះ​ ​ព្រោះ​គេ​ទទួលស្គាល់​យ៉ាង​ពេញទំហឹង​លើ​ស្នាដៃ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​ពូកែ​ផលិត​កុន​ ​ប្រកបដោយ​ការ​លាក់​ផ្ទៃរឿង​។​

​នា​យប់មិញ​នេះ​ ​ស្ថិត​ក្នុង​បរិ​វេន​រោងកុន​ទំនើប​នៅ​ផ្សារ​ទំនើប​អ៊ី​អន១​ ​រាជធានី​ភ្នំពេញ​ ​ផលិតកម្ម​សិល្បៈ​ភាពយន្ត​ខ្មែរ​ ​សហការ​ជាមួយ​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នក​សម្តែង​ ​និង​ផលិតករ​ ​រួម​ទាំង​ជា​អ្នកដឹកនាំ​រឿង​ ​បាន​សហការ​គ្នា​ជាមួយ​អ្នកនាង​ ​ចន​ ​ច័ន្ទ​លក្ខិ​ណា​ ​បាន​ប្រារព្ធ​ពិធី​ដាក់​សម្ពោធ​ខ្សែភាពយន្ត​រឿង​ ​«​ទារុណកម្ម​ខ្មោច​»​ ​ដោយមាន​វត្តមាន​តារា​សិល្បៈ​ចូលរួម​ជាច្រើន​កុះករ​ ​រួម​ទាំង​មហាជន​ជា​អ្នកគាំទ្រ​ស្នាដៃ​កន្លងមក​របស់​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ផង​ដែរ​។​ ​ការចូលរួម​នេះ​ ​មិន​ត្រឹមតែ​ដើម្បី​សិក្សា​ឈ្វេងយល់​ពី​វិស័យ​កុន​ខ្មែរ​ ​ជាពិសេស​ចូលរួម​លើកទឹកចិត្ត​ដល់​ផលិតករ​ខ្មែរ​ ​និង​កាន់តែ​ជំរុញ​ឱ្យ​កុន​ខ្មែរ​កាន់តែ​មានគុណ​ភាព​ថែម​មួយ​កម្រិត​ទៀត​។​

​លោក​ ​ហ៊ុយ​ ​យ៉ា​ឡេង​ ​អ្នកដឹកនាំ​រឿង​ ​និង​ជា​អ្នកនិពន្ធ​ ​បាន​អះអាង​ថា​ ​លោក​ពិតជា​មាន​អារម្មណ៍​រំភើប​យ៉ាង​ខ្លាំង​ ​ដែល​ក្នុង​ពិធីសម្ពោធ​រឿង​«​ទារុណកម្ម​ខ្មោច​»​ ​មានការ​ចូលរួម​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​ដោយ​ក្នុង​ពិធី​នោះ​ ​លោក​ ​និង​ក្រុមការងារ​ក៏បាន​អញ្ជើញ​វិរៈ​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​គឺ​លោកតា​ ​គង់​ ​ណៃ​ ​ឱ្យមក​ចូលរួម​ផង​ដែរ​ ​ដោយ​លោក​ប្រកាស​ថា​ដើម្បី​ឱ្យ​មហាជន​មានការ​ចាប់អារម្មណ៍​ចំពោះ​វិរៈ​សិល្បករ​ជើងចាស់​រូប​នេះ​ឱ្យ​បាន​ច្រើន​។​ ​លោក​ថា​ភាពយន្ត​មួយ​នេះ​ ​លោក​មិនទាន់​រំពឹង​ពី​ជោគជ័យ​ខ្លាំង​នោះ​ទេ​ ​ប៉ុន្តែ​ផ្អែក​តាម​ការ​គាំទ្រ​ពី​តារា​សិល្បៈ​យ៉ាងច្រើន​កុះករ​ ​លើស​ពី​ភាព​យន្ត​មុន​ៗ​ដែល​លោក​បាន​ផលិត​ ​លោក​ជឿជាក់​ថា​ស្នាដៃ​មួយ​នេះ​ ​នឹង​ជោគជ័យ​ខ្លាំង​។​ នៅក្នុងការចូលរួមនោះ ​អ្នកនាង ចន ច័ន្ទលក្ខិណា ដែលមាន​នាទី​ជាប្រធាន​សមាគម​សិល្បករ​ខ្មែរ បានចូលរួមឧបត្ថមថវិការចំនួន ១ លាន រៀលជូនព្រឹទ្ធាចារ្យ​ចាប៉ី​ដងវែង គង់ ណៃ ទៀតផង ដែលនេះជាទឹកចិត្តដ៏សែនល្អពេកក្រៃមួយ។

​បើ​ទោះបីជា​ខាង​ផលិតករ​ពោល​ពាក្យ​ដូច​ខាងលើ​ក្ដី​ ​តែ​ក្រោយពី​បញ្ចប់​ការ​ទស្សនា​ភាពយន្ដ​«​ទារុណកម្ម​ខ្មោច​»​ដាក់​សម្ពោធ​នា​យប់មិញ​នេះ​ ​អ្នកគាំទ្រ​ជាច្រើន​បាន​លាន់មាត់​សសើរ​ ​និយាយ​មិន​ដាច់​ពី​សាច់រឿង​ ​ចាប់តាំងពី​ក្នុង​រោង​ភាពយន្ដ​ ​រហូតដល់​បរិវេណ​ក្រៅ​រោង​។​ ​ភាគច្រើន​មហាជន​បាន​ដាក់​ពិន្ទុ​ឱ្យ​រឿង​ដល់​ ​7​/​10​ ​បាន​សេចក្ដី​ថា​ ​ជា​ភាពយន្ដ​មួយ​ដែល​មានគុណ​ភាពល្អ​មើល​ ​និង​សម្រិតសម្រាំង​ខ្លាំង​ ​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​ហើយ​ ​មិន​ខកបំណង​៕​


Advertisement