កូនៗលោក អ៉ិត សេដ្ឋា រៀបរាប់ពីបំណងប្រាថ្នាចុងក្រោយរបស់ឪពុក

ដោយសារតែទីទ័លខ្លាំងពេក ទើបកូនៗទាំងពីររបស់លោក អ៉ិត សេដ្ឋា លើកដៃសំពះដល់សប្បុរសជនទាំងអស់ ឱ្យមានការជួយជ្រោមជ្រែងដល់គ្រួសារពួកគេ នៅគ្រាដែលឪពុកជាទីស្រឡាញ់ និងជាបង្គោលគ្រួសារដ៏រឹងមាំ បានលាចាកលោកទៅហើយ។

តាមរយៈ Facebook Page របស់នាយ ពែកមី ដែលទើបតែបង្ហោះមុននេះបន្ដិច ក៏បានបង្ហាញឱ្យឃើញនូវអារម្មណ៍តក់ស្លុតរបស់កូនៗលោក អ៉ិត សេដ្ឋា គ្រាដែលពួកគេពុំដឹងថា ខ្លួននឹងត្រូវធ្វើអ្វី ទៅរស់នៅកន្លែងណានាពេលអនាគត?

អ្វីដែលគេចាប់អារម្មណ៍នោះគឺការសារស័ព្ទរបស់កូនប្រុសទីពីរដែលពិការជើង បានបញ្ជាក់នូវបំណងចុងក្រោយរបស់ឪពុកខ្លួនថា ៖ លោក អ៉ិត សេដ្ឋា ធ្លាប់មានបំណងចង់ឱ្យកូនៗមានផ្ទះសំបែងរស់នៅត្រឹមត្រូវដោយពុំចាំបាច់ទៅជួលគេនោះទេ”។ ពិតជាគួរឱ្យសង្វេកមែន ព្រោះពាក្យទាំងនេះវាពិតជាបំណងរបស់លោក អ៉ិត សេដ្ឋា ពិតមែនហើយ គ្រាន់តែពេលគាត់នៅរស់មានជីវិតគាត់គ្មានលទ្ធភាពតែប៉ុណ្ណោះ ដោយសារពាក្យពេចន៍ទាំងនេះវាស្របទៅនឹងសម្ដីរបស់អ្នកនាង ខាត់ សុឃីម បានបង្ហើបប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា មុនពេលលោក អ៉ិត សេដ្ឋា លាចាកលោក ក៏មានបំណងចង់ទិញដី ទិញផ្ទះនៅម្ដុំបាសិតទុកចែកដល់កូនធ្វើជាកម្មសិទ្ធិផងដែរ ប៉ុន្ដែមិនទាន់បានសម្រេចបំណងផងលោកក៏ត្រូវបាត់បង់ជីវិតតែម្ដង៕

Advertisement