តារាសិល្បៈនិងផលិតករជួបជុំកម្មវិធីជប់លៀងប្រចាំឆ្នាំស្ថានីយ៍ទូរទស្សប៉ុស្តិ៍៥

នៅរាត្រីថ្ងៃទី 08 ខែកុម្ភៈ នេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានរៀបចំពិធីជប់លៀងយ៉ាងអធឹកអធមនៅភោជនីយដ្ឋានទន្លេបាសាក់2 ដោយក្នុងពិធីនោះ តារាសិល្បៈបានចូលរួមនៅក្នុងពិធីនោះរួមមានផលិតករស្ទើរគ្រប់ផលិតករ ដែលធ្លាប់ផលិតរឿងឱ្យប៉ុស្តិ៍លេខ៥ តារាសម្ដែងលោក សុធា ពិសិដ្ឋ លោក យន សុភ័ក្រ កញ្ញា ញឹម ចាន់ថន លោក សូ ឆានី កញ្ញា ព្រះកាយ ច័ន្ទ លោក អៀង ចេនឡា និងតារាៗដែលមានឈ្មោះបោះសំលេងយ៉ាងច្រើនកុះករ។ នៅក្នុងពិធីនោះ ក៏មានប្រកាសចាប់ឆ្នោតផ្ដល់រង្វាន់ធំជាច្រើន ដើម្បីលើកទឹកចិត្តដល់ភ្ញៀវកិត្តិយសដែលបានចូលរួមនោះផងដែរ។

លោក ហួង តារាមុន្នី ប្រធានផលិតកម្មវិធីប្រចាំនៅប៉ុស្តិ៍លេខ៥ បានថ្លែងបញ្ជាក់ថា នេះជាឆ្នាំទី4ហើយ ដែលប៉ុស្តិ៍លេខ៥រៀបចំពិធីជប់លៀងប្រចាំឆ្នាំ ដោយក្រៅពីចំណាយថវិកាជប់លៀង ដើម្បីឱ្យបុគ្គលិក និងក្រុមការងារជួបជុំសប្បាយចិត្ត ក៏បានចំណាយអញ្ជើញតារាសម្ដែងទាំងអស់ ដែលធ្លាប់សម្ដែងនៅប៉ុស្តិ៍លេខ៥ ក៏អញ្ជើញផលិតករគ្រប់ផ្នែកឱ្យចូលរួមផងដែរ។ ក្នុងពិធីនោះលោកថា ស្ថាប័នក៏បានចំណាយមិនតិចទិញជារង្វាន់ដូចជាទូរទឹកកកជាច្រើនគ្រឿង ទូរទស្សន៍42អ៊ីងចំនួន២គ្រឿង ទូរទស្សន៍32អ៊ីង និងរង្វាន់ធំៗជាច្រើនផ្សេងទៀត លើកទឹកចិត្តដល់ក្រុមការងារ និង តារាសិល្បៈដែលបានចូលរួម។

លោកថាពិធីនោះ នឹងប្រារព្ធធ្វើឡើងរៀងរាល់1ឆ្នាំ ដោយលោកចាត់ទុកថា ការជួបជុំមួយឆ្នាំម្ដងនេះ បើទោះជាត្រូវចំណាយច្រើន ក៏ដើម្បីឱ្យក្រុមការងារបានជួបគ្នាសប្បាយចិត្ត និងបង្កើនចំណងមិត្តភាព។ ក្នុងពិធីនោះ លោកថាអញ្ជើញតារា និងផលិតករច្រើននាក់ ដោយកុំបណ្ដាភ្ញៀវជាអ្នកសិល្បៈមួយចំនួនរវល់ថត គឺនឹងមានតារាច្រើនជាងនេះទៅទៀតចូលរួម៕

Advertisement