រឿង «នាងនាថបាត់ដំបង» កញ្ញានី មុន្នីនាថ អះអាងឃើញវិញ្ញាណខ្មោចពិត

បន្ទាប់ពីមានការកែប្រែផែនការនៃការផលិតភាពយន្ត «នាងនាថបាត់ដំបង» រឿងនេះក៏ត្រូវបានសម្រេច ថានឹងត្រូវចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដវិញម្ដង។

កន្លងមកវណ្ណកម្មមួយនេះធ្លាប់មានគម្រោងថា ក្រោយពីផលិតចប់សព្វគ្រប់ហើយ នឹងត្រូវយកទៅចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ 5 ប៉ុន្ដែដោយសារតែវាជាខ្សែរឿងដែលត្រូវបានចូលរួមដឹកនាំសម្ដែងដោយផលិតករថៃ និងចំណាយដើមទុនច្រើនសន្ធឹកសន្ធាប់នោះ ទើបថ្នាក់ដឹកនាំសម្រេចឱ្យចាក់បញ្ចាំងនៅតាមរោងភាពយន្ដវិញដើម្បីលក់សំបុត្រចូលទស្សនា។

គួរបញ្ជាក់ថា មុននឹងចាប់ផ្តើមសម្ដែងរឿងនេះតារាសម្ដែងស្រីកញ្ញានី មុន្នីនាថ ធ្លាប់អះអាងថា គ្រាន់តែទទួលយកការសម្ដែងរឿងនេះភ្លាម នាងហាក់ដូចជាបានឃើញវិញ្ញាណនាងនាថដោយភ្នែកស្រស់ៗតែម្ដង ដែលធ្វើឱ្យនាងមានការប្រយ័ត្នប្រយែងពាក្យសំដី និងសកម្មភាពនៅពេលថតរឿងនេះ។

តំណាងឱ្យស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ5បានបញ្ជាក់ថា រឿងនេះមានការផលិតឡើងយ៉ាងសម្រិតសម្រាំងដើម្បីឱ្យមានគុណភាពល្អ មានគ្រប់រសជាតិ ប្លែកពីរឿងកន្លងៗមក គួបផ្សំ និងការជ្រើសរើសតួសម្ដែងសុទ្ធតែអ្នកមានកេរ្ដិ៍ឈ្មោះ និងបទពិសោធ ទើបរឿងនេះសម្រេចឱ្យដាក់បញ្ចាំងក្នុងរោងភាពយន្ដមុនការដាក់បញ្ចាំងនៅក្នុងស្ថានីយទូរទស្សន៍ ។

រឿង”នាងនាថបាត់ដំបង” នឹងសម្ពោធចាក់បញ្ចាំងនៅថ្ងៃទី06 មថុនា ឆ្នាំ2017 និងលក់សំបុត្រឱ្យចូលទស្សនានៅថ្ងៃទី08 ខែមិថុនាឆ្នាំ2017ខាងមុខនេះ៕

Advertisement