ក្រុម​បុរាណ​វិទូ​បន្ត​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​មាន​អាយុកាល​ចាស់​ជាងគេ​នៅ​ម្តុំ​ជើងឯក​

​ក្រុម​បុរាណ​វិទូ​ ​នៃ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​បាន​បន្ត​រក​ឃើញ​ស្លាកស្នាម​វប្បធម៌​មាន​អាយុកាល​ចាស់​ជាងគេ​បំផុត​នៅ​ភូមិ​មូល​ ​ម្តុំ​ជើងឯក​ ​ស្ថិតនៅ​ប៉ែក​ខាងត្បូង​ ​នៃ​រាជធានី​ភ្នំពេញ​បច្ចុប្បន្ន​ ​ស្ថានីយ​ជើងឯក​ ​គឺជា​ទីប្រជុំជន​ ​ឬ​ ​ជាទី​ក្រុង​នា​សម័យ​បុរេប្រវត្តិ​សាស្ត្រ​ ​ដែល​មាន​រាង​មូល​ ​ហើយ​ហ៊ុំ​ព័ទ្ធជុំវិញ​ដោយ​គូរ​ទឹក​។​ ​ស្ថានីយ​ជើងឯក​នេះ​ ​មាន​ផ្ចិត​ដល់​ ​800ម៉ែត្រ​ ​ហើយ​ក្នុង​បរិវេណ​មួយ​ដែល​មាន​ទំហំ​ប្រមាណ​ជា​ ​50ហិ​ក​តា​។​

​លោកជំទាវ​ ​ភឿង​ ​សកុណា​ ​រដ្ឋ​មន្រី្ត​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​ល្ងាច​ថ្ងៃទី5​ ​ខែកុម្ភៈ​ ​2019​ ​ក៏បាន​ ​ចុះ​ពិនិត្យ​ ​សកម្មភាព​អ្នក​បុរាណ​វិទូ​ជាតិ​ ​និង​អន្តរជាតិ​ ​សហការ​គ្នា​ធ្វើ​កំណាយ​នៅ​ស្ថានីយ​ភូមិ​មូល​ជើងឯក​ ​ស្ថិត​ក្នុង​ភូមិស្រុក​ចេក​ ​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​រាជធានី​ភ្នំពេញ​នេះ​ដែរ​។​

​លោកជំទាវ​ ​រដ្ឋ​មន្រី្ត​ ​បាន​ថ្លែង​ថា​ ​ការ​ធ្វើ​កំណាយ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ ​រយៈពេល​ជាង01ខែ​នេះ​ ​ក្នុង​គោលបំណង​ ​ដើម្បី​ប្រមែប្រមូល​វត្ថុ​សិល្បៈ​ទាំងអស់​នោះ​ ​យក​មក​ថែរក្សា​ទុកជា​ទ្រព្យសម្បតិ្ត​ជាតិ​ ​ដាក់​តាំង​ក្នុង​សារមន្ទីរ​ជាតិ​កម្ពុជា​ ​សម្រាប់​ទុក​បង្ហាញ​កូនចៅ​ជំនាន់​ក្រោយ​ ​ឱ្យ​បាន​យល់ដឹង​ ​និង​បាន​ស្គាល់​ ​ព្រោះ​សម្ភារ​ទាំងអស់​នោះ​ ​គឺ​សម្គាល់​នូវ​ដួង​ ​ព្រលឹង​ ​អត្តសញ្ញាណ​របស់​ជាតិខ្មែរ​ ​ដែល​កូនខ្មែរ​គ្រប់រូប​ ​គ្រប់​ជំនាន់​ត្រូវ​ស្គាល់​ ​និង​ចូលរួម​ថែ​ការពារ​ឱ្យ​បាន​គត់​មុត​។​ ​ភូមិ​មូល​ជើងឯក​នេះ​ ​មានតែ​មួយ​គត់​ ​នៅ​លើ​ទីតាំង​នេះ​។​ ​ហើយ​ការ​ធ្វើ​កំណាយ​នេះ​ ​មាន​ប្រើប្រាស់​បច្ចេកទេស​ទំនើប​ ​ដោយមាន​ម៉ា​សស៊ីនស្គែ​នរក​វត្ថុ​សិល្បៈ​ ​មាននៅ​ក្រោម​ដី​។​ ​ហើយ​គម្រោង​កំណាយ​ស្រាវជ្រាវ​នៅ​ស្ថានីយ​ភូមិ​មូល​ជើងឯក​នេះ​ ​អនុវត្ត​គម្រោង​ដោយ​ក្រសួងវប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​អគ្គនាយក​ដ្ឋាន​បេតិកភណ្ឌ​ ​នាយកដ្ឋាន​បុរាណវិទ្យា​ ​និង​បុរេប្រវត្តិ​វិទ្យា​ ​រួម​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​ ​នគរបាល​បេតិកភណ្ឌ​ ​និង​រាជបណ្ឌិត្យ​សភា​កម្ពុជា​៕​

Advertisement