ត្រូវតាមក្បួនហុងស៊ុយ ឆ្នាំជ្រូក 2019 ត្រូវរៀបសំណែនអ្វីខ្លះ?

បុណ្យចូលឆ្នាំចិន ឬហៅម្យ៉ាងទៀតថា បុណ្យនិទាឃរដូវ គឺថ្ងៃឈប់សម្រាកដ៏សំខាន់បំផុតសម្រាប់ជនជាតិចិន។ បុណ្យចូលឆ្នាំចិនត្រូវបានប្រើប្រតិទិនឆ្នាំដូចគ្នា និងក៏ត្រូវបានប្រើនៅក្នុងប្រទេសដែលយល់ព្រមទទួល ឬក៏បានទទួលឥទ្ធិពលពីវប្បធម៌នៃជនជាតិហាន ជាពិសេសប្រជាជនតៃវ៉ាន់ ជនជាតិកូរ៉េ ជនជាតិជប៉ុន និងជនជាតិយួន។

គេជឿថា បើតាមក្បួនហុងស៊ុយនៅឆ្នាំ2019 នៃចក្ររាសីសត្វក្នុងតម្រា គឺចំលើសត្វជ្រូកមាសដែលមានសាខារាសី ( 亥ហៃ ) ដែល​នាំនូវជោគជ័យ លាភសំណាង និងសិរីសួស្តី ដែលជនជាតិចិននិយមហៅថា ងូវហេង នាំសុខសប្បាយចូលខ្លួន និងក្រុមគ្រួសារ។ បើតាមតម្រា តង្វាយសំណែនសម្រាប់សត្វជ្រូកទេព គឺមានអាហារប្រភេទផ្លែឈើ ដែលគេហៅថា គ្រឿងទិព្វ និងគ្រឿងអាហារសរសៃ ដែលជាចំណីរបស់សត្វជ្រូក និងមានជំនឿថា នឹងរកស៊ីឡើងដូចសរសៃអំបោះមាស។ តង្វាយនេះនឹងត្រូវរៀបចំសែននៅក្នុងថ្ងៃច័ន្ទ ទី4 ខែកុម្ភៈ ឆ្នាំ2019។

ចំពោះអត្ថន័យនៃការថ្វាយតង្វាយមានដូចជា ៖

*តង្វាយផ្លែឈើ

-ចេក៖ នាំលាភចូលផ្ទះ។

-ប៉ោម៖ នាំមកនូវក្ដីសុខសប្បាយ។

-សារីមាស៖ នាំទ្រព្យមាស ប្រាក់ លុយកាក់មកឱ្យ។

-ក្រូចមាស៖ នាំសុភមង្គល។

-ទំពាំងបាយជូរ៖ នាំមកនូវភាពចម្រើនរុងរឿង។

-ម្នាស់៖ នាំមកនូវជ័យជំនះ បណ្ដេញឧបមង្គល។

*តង្វាយអាហារ

-មាន់៖ រីកចម្រើនក្នុងការងារ។

-ទា៖ ស្មោះត្រង់ បរិសុទ្ធ។

-ត្រី ៖ ទទួលបាននូវគ្រឿងបរិភោគបរិបូរណ៍ហូរហៀរ។

-ជ្រូក៖ ភាពសម្បូរសប្បាយ ឧត្តុង្គឧត្តម។

-គ្រឿងសរសៃមី៖ រកស៊ីឡើងដូចសរសៃអំបោះមាស អាយុវែង។

-សារាយសមុទ្រ៖ ភាពមានបាន រុងរឿង។

*តង្វាយក្រដាស

ក្រៅពីការថ្វាយតង្វាយខាងលើហើយ បុព្វបុរសចិនជឿថា ការដុត និងសែនក្រដាសប្រាក់-មាស និងរបស់ប្រើប្រាស់ផ្សេងៗទៀត គឺទុកសម្រាប់ប្រើនាស្ថានភព ព្រោះជនជាតិចិនជឿថា នៅពេលស្លាប់ទៅ ពួកគេនឹងទៅភពមួយទៀតដែលហៅថា « អ៊ីមកាំង» ដូច្នោះទើបកូនចៅត្រូវដុតក្រដាសលុយ មាស-ប្រាក់ ទៅឱ្យបុព្វបុរសខ្លួន ដើម្បីសម្ដែងភាពកត្តញ្ញូ ដឹងគុណដល់កាលដែលលោកចិញ្ចឹមបីបាច់ថែរក្សាកូនចៅ កាលនៅមានជីវិត៕

Advertisement