ជំនឿ និងតំណមថ្ងៃចូលឆ្នាំចិន…បើធ្វើបានតាមហ្នឹង ច្បាស់ជារកស៊ីកាន់តែមានឡើងមិនខាន

តាមប្រវត្តិសាស្រ្តចិន មានជំនឿពីបុរាណលើការគោរពបូជាពិធីបុណ្យចូលឆ្នាំថ្មី ឬហៅថា បុណ្យនិទាឃរដូវ យ៉ាងកប់ជ្រៅ និងមានតំណមជាច្រើននៅក្នុងអំឡុងពេលចូលឆ្នាំ 3ថ្ងៃ ជាពិសេសនៅថ្ងៃទី1 ឫហៅថា ឈឺអ៊ិច។ ក្នុងរយៈពេល 3ថ្ងៃនេះ គេចាត់ទុក ជាថ្ងៃពិសេសបំផុតដែលមិនត្រូវធ្វើអ្វីឱ្យល្អក់កករ​​​​​​​​​ប៉ះពាល់ដល់សិរីមង្គល ឫដល់ឆ្នាំថ្មីឡើយ។ គេត្រួវសាងបរិយាកាសឱ្យសប្បាយរីករាយដើម្បីនាំសិរីសួស្តីចូលក្នុងគ្រួសារ និងសមាជិកទាំងអស់។

តំណមទាំងអស់នោះមានដូចជា ៖

1-តំណមមិនយំស្រែក

ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនេះ ជនជាតិចិនមានតំណមមិនឱ្យកើតរឿងសោកសៅ យំស្រែកឡើយ ពីព្រោះវាអាចនាំមក នូវរឿងអពមង្គលដល់ឆ្នាំថ្មី និងរហូតពេញមួយឆ្នាំ។ តំណមនេះសូម្បីតែកូនចៅដែលតែងតែទទឹងរឹងរូស ក៏ឳពុកម្តាយ ឫមនុស្សចាស់មិនវាយប្រៀនប្រដៅដែរ គឺអត់ទ្រាំរហូតចប់បុណ្យចូលឆ្នាំថ្មីសិន។

2-តែងខ្លួនឱ្យស្អាត ប៉ុន្តែមិនឱ្យកក់សក់ទេ

ការស្លៀកពាក់ខោអាវថ្មី និងតុបតែងខ្លួនស្អាតបាត គឺជារឿងសំខាន់បំផុតសម្រាប់ជនជាតិចិនគ្រប់រូបក្នុងការទទួលឆ្នាំថ្មី។ តែទោះបីយ៉ាងណា ក្នុងអំឡុងពេលនេះ គេមានតំណមមួយ គឺហាមកក់សក់ក្បាល ប៉ុន្តែកន្លែងដទៃៗទៀតអាចធ្វើការសម្អាតបានធម្មតា ពីព្រោះថា ការកក់សក់គេមានជំនឿថា ហាក់បីដូចជាការលាងជម្រះជោគសំណាងចេញពីខ្លួនដូច្នោះដែរ។ ចំពោះសម្លៀកបំពាក់ពណ៌ក្រហម គឺជាទីពេញនិយមបំផុត សម្រាប់ស្លៀកពាក់ក្នុងអំឡុងថ្ងៃចូលឆ្នាំចិន។ ពណ៌នេះគេចាត់ទុកជាពណ៌ងូវហេង នាំជោគលាភ សំណាង បណ្ដេញសភាវអាក្រក់ និងនាំយកមកនូវសិរីសួស្តី។ សម្រាប់ក្មេងៗ ឫមនុស្សនៅលីវវិញ គេតែងឱ្យអាំងប៉ាវដែលជាកញ្ចប់លុយពណ៌ក្រហម ព្រមទាំងក្រដាសប្រាក់ថ្មីៗ ដើម្បីទទួលជោគលាភ។

3-ហាមចូលបន្ទប់អ្នកដទៃ

ការចូលទៅរកនរណាម្នាក់នៅក្នុងបន្ទប់ដេករបស់គេក្នុងថ្ងៃបុណ្យចូលឆ្នាំចិន ចាត់ទុកជារឿងអាក្រក់។ ដូច្នេះទោះបីជាមានអ្នកជំងឺ ដែលយើងត្រូវចូលទៅសួរសុខទុក្ខក៏ដោយ ក៏ចាំបាច់ត្រូវតែអង្គុយចាំនៅក្នុងបន្ទប់ទទួលភ្ញៀវរបស់គេដែរ និង មិនគួរលេងកាំបិត ឬកន្រ្តៃក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីទេ ព្រោះគេមានជំនឿថា នេះជាការកាត់ជោគលាភ ហើយបើមានមុតដៃមុតជើងផងនោះ គឺកាន់តែជួបរឿងអាក្រក់ថែមទៀត។

4-មិនឱ្យបែកចាន ឬកែវ

ក្នុងថ្ងៃនេះគេមានការប្រយ័ត្នប្រយែងចំពោះការកាន់ចាន ឬកែវខ្លាំងណាស់ ព្រោះបើមានការបង្កឱ្យមានប្រេះស្រាំ ឬធ្លាក់បែកបាក់ នោះអាចជាប្រផ្នូលនៃការនាំឱ្យបាត់បង់ជោគលាភសំណាង ហើយជីវិតក្នុងឆ្នាំនោះនឹងជួបតែរឿងប្រេះឆាពុំសូវមានសេចក្តីសុខឡើយ៕

Advertisement