ពិនិត្យឃើញកំពូលតារាចម្រៀងកូរ៉េ T.O.P ប្រើប្រាស់ថ្នាំញៀនប្រភេទកញ្ឆា

ជារឿងដ៏ភ្ញាក់ផ្អើល នៅពេលដែលសារព័ត៌មានកូរ៉េ បានចេញផ្សាយថា មន្ត្រីប៉ូលិសបានពិនិត្យរកឃើញសារធាតុថ្នាំញៀនប្រភេទកញ្ឆា នៅក្នុងសរសៃសក់របស់តារាចម្រៀងប្រុសល្បី T.O.P សមាជិកក្រុមចម្រៀងប្រុស Big Bang ដែលតម្រូវឱ្យមានការស៊ើបអង្កេត។

សារព័ត៌មានល្បីរបស់កូរ៉េ បានចេញផ្សាយថា T.O.P ធ្លាប់ប្រើប្រាស់ថ្នាំញៀនប្រភេទកញ្ឆាកាលពី ខែតុលា ឆ្នាំ ២០១៦ តែគ្មានសារព័ត៌មានណាមួយចេញផ្សាយពីការប្រើថ្នាំញៀនរបស់តារាចម្រៀងរូបនេះឡើយ។ យ៉ាងណាក៏ដោយ នេះគឺជាលើកទី២ហើយ ដែលក្រុមចម្រៀងប្រុស Big Bang លេចចេញសារព័ត៌មានប្រើប្រាស់ថ្នាំញៀន ដែលកាលពីឆ្នាំ ២០១១ សមាជិករួមក្រុម G-Dragon ត្រូវបានស៊ើបអង្កេតជារៀងរាល់ថ្ងៃតែម្ដង ប៉ុន្តែតុលាការក៏បានសម្រេចក្ដីមិនដំណើរការបណ្ដឹងវិញ ព្រោះសារធាតុកញ្ឆាដែលមាននៅក្នុងខ្លួន G-Dragon ក៏មានតិចតួចបំផុត។

ជាចុងក្រោយខាងផលិតកម្ម YG Entertainment បានចេញមកថ្លែងការណ៍សុំទោសជាសាធារណៈចំពោះព័ត៌មានដ៏ល្បីល្បាញមួយនេះ ព្រោះខណៈនេះ T.O.P កំពុងបំពេញកាតព្វកិច្ចយោធា តាំងពីខែកុម្ភៈមកម្ល៉េះ៕

Advertisement