ករុណា ពេជ្រ ប្រាប់រឿងទិញផ្ទះថ្មីតម្លៃជាង30ម៉ឺនដុល្លារ តែមិនប្រាប់ប្រភពលុយ

បន្ទាប់ពីរស់នៅយ៉ាងមានសុភមង្គលក្នុងទ្រនំចាស់ដែលគេដឹងថា ផ្ទះនោះមានតម្លៃជិតកន្លះលានដុល្លាររួចមក ស្រាប់តែថ្មីៗនេះម្ចាស់បទ “អស់ឱកាស” លោក ករុណា ពេជ្រ តារាចម្រៀងលេចធ្លោប្រចាំផលិតកម្មថោន បានស្រវាទៅទិញផ្ទះស្សបហោស៍ 2 ល្វែងជាប់គ្នាក្នុងគម្រោងបុរីមួយ។

គម្រោងបុរីដែលលោក ករុណា ពេជ្រ បានទិញនោះមានឈ្មោះថា ឌី អូលេន ស៊ីធី របស់បុរី ថៃ ឈុនគ្រី ស្ថិតនៅភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ក្នុងតម្លៃជាង30ម៉ឺនដុល្លារ ដើម្បីជូនឪពុកម្តាយរបស់លោករស់នៅ។

ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនថៃ ឈុនគ្រី លោក ឈន់ សកល បានទទួលស្គាល់ថា លោកករុណា ពេជ្រ បានទិញផ្ទះស្សបហោស៍ ចំនួន 2 ល្វែងជាប់គ្នា គឺផ្ទះលេខ S12 និង S13 មែន។ លោកបានបន្ថែមទៀតថា “ផ្ទះដែលករុណា ពេជ្រទិញ គឺសុទ្ធតែជ្រើសរើសទិញក្នុងគម្រោងបង់ផ្តាច់ទៀតផង។ ការពិតក្រុមហ៊ុនក៏មានកម្មវិធីបង់រំលស់ និងបង់តាមដំណាក់កាលដែរ តែលោកករុណា ពេជ្រ មិនចង់ចង់សាំញ៉ាំច្រើន ម្យ៉ាងដោយសារក្រុមហ៊ុនមានការផ្តល់ជូនពិសេសផងនោះ ទើបលោកសម្រេចទិញបង់ផ្តាច់តែម្ដង” ។

ដោយឡែកលោក ករុណា ពេជ្រ បានឲ្យដឹងថា៖ “ដោយសារផ្ទះរបស់ខ្ញុំនៅម្តុំហ្នឹងស្រាប់ ហើយគម្រោង ឌី អូលេន ស៊ីធី នេះ ក៏មានលក្ខណៈល្អ ម៉ូតស្អាត នៅជាប់នឹងផ្សារបឹងបៃតង និងជិតផ្សារអ៊ីអនម៉ល 2 ទើបខ្ញុំសម្រេចចិត្តទិញផ្ទះនោះទុកតែម្តងទៅ និងខ្ញុំចង់លក់ទៅវិញក៏មិនខាតដែរ ព្រោះទីតាំងដែលខ្ញុំទិញនេះជាតំបន់ល្អ ប៉ុន្ដែខ្ញុំនឹងអាចទុកជូនម៉ាក់រស់នៅមានក្ដីសុខច្រើនជាង”។

ទោះបីលោក ករុណា ពេជ្រ ទទួលស្គាល់ថា លោកពិតជាបានទិញផ្ទះនៅក្នុងគម្រោងនោះក៏ពិតមែន ប៉ុន្ដែលោកពុំបានបង្ហើបប្រាប់ថា ទឹកប្រាក់ដែលលោកយកទៅទិញផ្ទះ 2 ល្វែងនោះមានប្រភពមកពីណាទេ។ គួរបញ្ជាក់ថា កន្លងមកលោកករុណា ពេជ្រ បានបញ្ជាក់ថា ប្រាក់ចំណូលដែលលោកទទួលបានពីអាជីពចម្រៀងនៅមានកម្រិតតិចតួចជាងជំនួញរបស់លោកដែលទទួលបានពីការងាររៀបចំពិធីការក្នុងពិធីជប់លៀងទេ ពោលគឺមួយខែៗលោកអាចទទួលបានប្រាក់ចំណូលរាប់ម៉ឺនដុល្លារឯណោះ៕

Advertisement