ទស្សនាខ្សែភាពយន្ដថៃល្បីៗចំនួន 5 រឿង ដោយសេរីនៅអ៊ីអនម៉ល

ខ្សែភាពយន្ដថៃល្បីៗប្រចាំឆ្នាំ2017ចំនួន 5 រឿងនឹងត្រូវដាក់បញ្ចាំងជូនទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី 7 – 11 ខែមិថុនា ឆ្នាំ2017 នៅរោងភាពយន្ដទំនើប Cineplex by Cell Card ស្ថិតក្នុងផ្សារទំនើបអ៊ីអនម៉ល ។


ដើម្បីជាការអបអរសាទរក្នុងពិធីពិព័រណ៌ភាពយន្ដថៃ (Thai Film Festival) ដែលរៀបចំឡើងដោយស្ថានតំណាងពាណិជ្ជកម្មនៃស្ថានឯកអគ្គរាជទូតថៃ នឹងនាំមកនូវខ្សែភាពយន្ដថៃល្បីៗចំនួន 5 រឿងមកចាក់បញ្ចាំងជូនទស្សនា។

លោក ជីរ៉ាវុឍ សុវណ្ណអាត អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានលើកឡើងថា កម្មវិធីនេះបង្កើតឡើងក្នុងគោលបំណងបើកឱកាសដល់ក្រុមហ៊ុនពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មភាពយន្ដរបស់ប្រទេសថៃ និងកម្ពុជា ឱ្យមានការជួបជជែកពិភាក្សាគ្នាលើកិច្ចការនេះ ដើម្បីចែករំលែកបទពិសោធរវាងគ្នា និងបង្កើនកិច្ចសហការធ្វើយ៉ាងណាឱ្យវិស័យភាពយន្ដរបស់ប្រទេសទាំងពីរមានភាពរីកចម្រើនបន្ថែមទៀត។

ភាពយន្ដដែលនឹងត្រូវដាក់បញ្ចាំងមានចំណងជើងថា៖ ”លោកយាយអាយុ20ឆ្នាំ” “តាមប្រមាញ់ខ្មោច” ”ចំនៀន វិវៀន តួម៉ន” “ស្នេហាយើង” និងរឿង ”ព្រះតេជគុណជែស4G”។ សូមបញ្ជាក់ថា ទស្សនិកជនអាចទៅទទួលយកសំបុត្រFree ក្នុងការចូលទស្សនារឿងនីមួយៗនៅបញ្ជរមុខរោងភាពយន្ត Cineplex by Cell Card។

អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃ បានបញ្ជាក់ថា កម្មវិធីពិព័រណ៌ភាពយន្តនេះធ្លាប់បានរៀបចំឡើងចំនួន 3 លើករួចមកហើយ។ នេះគឺជាលើកទី 4 ដែលស្ថានតំណាងពាណិជ្ជកម្មនៃស្ថានឯកអគ្គរាជទូតថៃ បានរៀបចំឡើង ដោយលោកសង្ឃឹមថានឹងមានការគាំទ្រខ្លាំងពីសំណាក់ទស្សនិកជនដែលនិយមទស្សនាភាពយន្ដ។ ពិសេសសង្ឃឹមថា តាមរយៈកម្មវិធីនេះនឹងបង្កើតឱ្យមានកិច្ចសហការកាន់តែមានភាពស្អិតល្មួតជាងមុនរវាងពាណិជ្ជករភាពយន្ដថៃ និងកម្ពុជា។

គួររំឭកដែរថា កាលពីឆ្នាំ2016ខ្សែភាពយន្ដថៃត្រូវបានយកមកចាក់បញ្ចាំងនៅតាមរោងភាពយន្ដនៅក្នុងប្រទេសកម្ពុជាមានចំនួន10 រឿង ហើយនាពាក់កណ្តាលដើមឆ្នាំ2017នេះ ខ្សែភាពយន្ដថៃដែលបានចាក់បញ្ចាំងនៅតាមរោងភាពយន្ដមានចំនួន 5 រឿងហើយ៕

រឿង តាមប្រមាញ់ខ្មោច

រឿង លោកយាយអាយុ ២០ឆ្នាំ

រឿង ចំនៀក វីវៀន តូម៉ន

រឿង ស្នេហាយើង

រឿង ព្រះតេជគុណជេស 4G

Advertisement