ណូម័រ ស៊ាំនឹងពាក្យគេថា មានអ្នកចិញ្ចឹម

 

បន្ទាប់ពីកញ្ញា ណូម័រ បានសំម្ងំខ្លួនមិនសូវលេចមុខក្នុងអាជីពសិល្បៈមួយរយៈកន្លងមក  ស្រាប់តែថ្មីៗនេះលេចឮថា បានទិញផ្ទះមួយកន្លែងក្នុងតម្លៃជាង10ម៉ឺនដុល្លារ ខណៈដែលតារាសិល្បៈផ្សេងទៀតកំពុងតែប្រឹងប្រែងធ្វើការងារ ប៉ុន្ដែមិនទាន់មានលទ្ធភាពទិញផ្ទះបានដូចនាងនៅឡើយ។

អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍លើកញ្ញា ណូម័រ គឺគ្រាដែលនាងពុំសូវមានការងារធ្វើ រកប្រាក់ចំណូលពុំសូវបាន តែនាងបែរជាមានលទ្ធភាពទិញផ្ទះដល់តម្លៃជាង10ម៉ឺនដុល្លារ។ បញ្ហានេះត្រូវបានអ្នកខ្លះលើកឡើងថា នាងអាចនឹងមានអ្នកឧបត្ថម្ភពីក្រោយជាមិនខាន។

ជួបកញ្ញា ណូម័រ កាលពីពេលថ្មីៗនេះ នាងប្រាប់ថា៖”អ្នកណានិយាយអីក៏និយាយទៅ ព្រោះខ្ញុំស៊ាំទៅហើយ ព្រោះវាមិនមែនជាលើកទី1ទេ ដែលគេនិយាយពីខ្ញុំ ថាមានអ្នកនេះអ្នកនោះចិញ្ចឹម ពោលគឺតាំងពីខ្ញុំចូលសិល្បៈដំបូងៗ និងបានទិញផ្ទះមួយល្វែងតម្លៃជាង6ម៉ឺន ក៏គេបានលើកឡើងដូច្នេះដែរ”។

នាងពិតជាបានទទួលស្គាល់ថា បានទិញផ្ទះក្នុងតម្លៃជាង១០ម៉ឺនពិតប្រាកដមែន តែប្រាក់ទាំងនោះជាកម្លាំងញើសឈាមរបស់នាងសុទ្ធសាធគ្មានបុរសណាមកទិញឱ្យនោះទេ។ ជាមួយនឹងចម្ងល់របស់មហាជននេះត្រូវបាននាង បញ្ជាក់ប្រាប់ថាទោះជានាងផ្អាកសម្ដែងមួយរយៈក៏ពិតមែន តែក៏នាងមិនបានពន្លែងចោលអាជីពសិល្បៈទាំងអស់ដែរ ពោលគឺនាងបានចាប់យកអាជីពជាពិធីការិនី ដែលការងារនេះអាចបង្កើតប្រាក់ចំណូលបានយ៉ាងច្រើន។

ពិធីការិនីរូបនេះបញ្ជាក់ថា កាលពីឆ្នាំមុននាងបានទិញផ្ទះមួយទៅហើយក្នុងតម្លៃជាង6ម៉ឺនដុល្លារ តែដោយសារគិតថា ផ្ទះនោះតូចលំបាករស់នៅ ទើបនាងសម្រេចចិត្ដទិញផ្ទះនេះតែម្ដងដោយបង់រំលស់ក្នុងមួយខែជាង1ពាន់ដុល្លារ ដោយសារតែការងារពិធីការិនីរបស់នាងបច្ចុប្បន្នកំពុងតែកាក់កបទើបនាងពុំមានការបារម្ភពីការបង់រំលស់នោះឡើយ។

គួរបញ្ជាក់ថា តម្លៃខ្លួនក្នុងការងារជាពិធីការិនីរបស់កញ្ញា ស្ថិតនៅក្នុងរង្វង់ចាប់ពី300-500 ដុលា្លរអាស្រ័យទៅលើកម្មវិធីធំ តូច ទៅជិត ឬឆ្ងាយ៕

Advertisement