ខាត់ វៃហាំង លើកពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018

សូមជម្រាបជូនថាភាពយន្តរឿង «អនុស្សាវរីយ៍ថ្ងៃចូលឆ្នាំ»ដែលជារឿងរបស់ផលិតកម្មមហាហង្ស សហការជាមួយផលិតកម្ម មកពីប្រទេសថៃ និងមានការសម្តែងរួមគ្នារវាង តារាសម្តែងបីប្រទេសគឺកម្ពុជា ថៃ និងឡាវ។ ហើយតួឯកប្រុសកម្ពុជា ក្នុងរឿងនេះទទួលបានសំឡេងសា ជាច្រើនលើសអស់តារាប្រុសស្រីជាច្រើនរូប នោះគឺ លោក ខាត់ វៃហាំង ទទួលបានពានរង្វាន់ជាតារាសម្តែងឆ្នើមប្រចាំឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ភាពយន្ត ប្រចាំឆ្នាំលើកទីបី។

លោក អ៊ិន សុភិន បានបង្ហាញស្នាមញញឹមបិតមាត់មិនជិត និយាយថា លោករំភើបនិងសប្បាយចិត្តមែនទែន ដែលរឿងរបស់ផលិតកម្មមហាហង្ស ហើយតារាសម្តែង លោក វ៉ៃហាំង បានទទួលពានរង្វាន់តារាឆ្នើមប្រចាំឆ្នាំនេះ ហើយជឿជាក់ថាការជូនពានឆ្នាំនេះ គឺជាកំលាំងចិត្តឱ្យផលិតកម្មខំប្រឹង ផលិតរឿងល្អៗក្រោយទៀត ឱ្យកាន់តែល្អនិងទទួល បានការចាប់អារម្មណ៍ និងគាំទ្រដូចរឿងនេះអីចឹង។

លោក ខាត់ វៃហាំង ដែលជាសាម៊ីខ្លួន ដែលទទួលបានពានតារាសម្តែងឆ្នើមប្រចាំឆ្នាំ បានប្រាប់ឱ្យដឹងថា ការខិតខំប្រឹងប្រែង អស់ពីលទ្ធភាពកន្លងមក គឺពិតជាធ្វើឱ្យលោកទទួលបានជោគជ័យ និងកិត្តិយសនៅពេលនេះ ហើយក៏បានកើតឡើងពីការចូលរួមជួយជំរុញបង្ហាត់បង្ហាញរបស់ផលិតករ សិល្បករជើងចាស់ និងពីអ្នកគាំទ្រ។ តារារូបនេះថ្លែងដោយភាពរំភើបថាជាមោទនភាពសម្រាប់ការងារជាអាជីពសម្តែង។ លោកពិតជាអរគុណសម្រាប់អ្នកគាំទ្រដែលបានចូលរួមបោះឆ្នោតរហូតលោកមានឱកាសកាន់ពានមួយនេះបាន៕

Advertisement