នូ សុផេន ជោគជ័យតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេសលើកស្ទួលវប្បធម៍នៅប្រទេសជប៉ុន

លោក នូ សុផេន ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​ផលិត​កម្មវិធី​ទម្រង់​​សិល្បៈ​វប្បធម៌​នៅ​ទូរទស្សន៍​អប្សរា​ និង​ជា​អ្នក​ឌីហ្សាញ​ឈុត​បុរាណ​ខ្មែរ​មួយ​រូប​​​មាន​ឱកាស​ទៅ​ចូល​រួម​ព្រឹត្តិការណ៍​Cambodian Week international នៅ​ប្រទេស​ជប៉ុន​បាន​ត្រឡប់​មក​កម្ពុជា​​វិញ​ហើយ​ម្សិលមិញ​នេះ។ បន្ទាប់​ពី​លោក​បាន​ចំណាយ​​ច្រើន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន​ដើម្បី​​រៀបចំ​ទម្រង់​របាំ​ប្រជាប្រិយ​ខ្មែរ និងបានទាំងតំឡើងរឿងទុំទាវ និយាយជាភាសាអង់គ្លេស ផ្សព្វផ្សាយទម្រង់វប្បធម៍ខ្មែរនៅទីនោះ។

លោក នូ សុផេន អនុប្រធាននាយកដ្ឋានផលិតកម្មប្រចាំទូរទស្សន៍អប្សរា បានថ្លែងបន្ទាប់ពីចុះពីលើយន្តហោះមកថា លោកទទួលបានជោគជ័យយ៉ាងខ្លាំង ក្នុងការបង្ហាញជូននូវទម្រង់សិល្បៈច្រើនផ្នែក បន្ទាប់ពីនិស្សិតខ្មែរទទួលអាហារូបករណ៍នៅក្នុងប្រទេសជប៉ុនមួយក្រុម បានធានាឱ្យលោកចេញទៅរៀបចំទម្រង់វប្បធម៌ ដើម្បីបង្កើតជាព្រឹត្តិការណ៍ Cambodian Week ប្រចាំឆ្នាំ ស្របគ្នានឹងប្រទេសប្រមាណ 49 ប្រទេសដែលមាននិស្សិតសិក្សានៅក្នុងប្រទេសជប៉ុនដូចគ្នា ក៏បានរៀបចំជាទម្រង់វប្បធម៌បង្អួតភ្នែកអ្នកចូលរួមខ្លាំងជាងកម្ពុជាភាគច្រើន។

យ៉ាងណាមិញ លោកថាភាពលេចធ្លោមិនលើសពីក្រុមកម្ពុជានោះទេ បើទោះជាទម្រង់សិល្បៈរបស់ខ្មែរទាំងរបាំច្រើនប្រភេទ និងការសម្ដែងរឿងទុំទាវ ជាភាសាអង់គ្លេសដែលបានធ្វើឡើង សម្ដែងដោយនិស្សិតខ្មែរតែ8រូប។ លោកថានិស្សិតបរទេសរហូតដល់49នាក់បានចូលរួមសម្ដែងរបាំ និងសម្ដែងរឿងទុំទាវជួយដល់ក្រុមខ្មែរទើបធ្វើអោយកម្មវិធីទាំងមូលទទួលបានភាពជោគជ័យ ហើយមិនចាញ់ក្រុមសិល្បករថៃ វៀតណាម និងម៉ាឡេជាដើម ដែលគេយកសិល្បករជំនាញៗពីប្រទេសគេផ្ទាល់ យកទៅបង្ហាញនោះទេ។

លោក នូ សុផេន ពន្យល់ថា ទោះជាអ្នកសម្ដែងនៅព្រឹត្តិការណ៍នោះ មិនមែនជាតារាអាជីព ហើយសុទ្ធតែជានិស្សិតទទួលបានអាហារូបករណ៍នៅក្នុងប្រទេសជប៉ុន តែនិស្សិតទាំងនោះមិនសូវមានភាពខុសឆ្គងក្នុងការសម្ដែងនោះទេ ដោយសារតែមុនចេញសម្ដែង4ខែ លោកបានផ្ញើជូននូវវីដេអូឯកសារដើម្បីឱ្យនិស្សិតខ្មែរ និងនិស្សិតបរទេសដែលជួយសម្ដែងហ្វឹកហាត់យ៉ាងស្ទាត់មកហើយ ដោយលោកក៏បានដើរតួកែក្បាច់ និងកែកាយវិកា តាមរយៈវីដេអូផ្ញើទៅផ្ញើមក ទើបធ្វើឱ្យនិស្សិតទាំំងនោះនៅពេលការសម្ដែងលេចឡើងគឺមិនមានបញ្ហា។

លោកថាក្រោយការបង្ហាញឱ្យឃើញពីវប្បធម៌របស់ខ្មែរ មានជនបរទេសច្រើនឡើងបានស្គាល់ពីខ្មែរ ខណៈដែលក្នុងពេលមុនគេដឹងត្រឹមតែថាខ្មែរមានអង្គរវត្ត តែមិនសូវដឹងច្រើនរឿងខ្មែរមានរបាំយ៉ាងមិច នឹងមានសាច់រឿងទុំទាវដ៏ជក់ចិត្តដល់ម្លឹងឡើយ៕

Advertisement