តារាចម្រៀងស្រី វ៉ាន់ នីឡា អំពាវនាវដល់សាលាឧទ្ធរណ៍ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាង

គេនៅចាំបានថា មុននឹងទទួលបាននូវពន្លឺយុត្តិធម៌ សម្រាប់តារាចម្រៀង វ៉ាន់ នីឡា កន្លងមកអតីតសង្សាររបស់នាង គឺលោក គុយ សិទ្ធិសក្តិ ដែលកំពុងតែស្ថិតនៅក្រៅសំណាញ់ច្បាប់ បើទោះបីជាទទួលបានការដាស់ទោស ទៅហើយក៏ដោយ និងធ្លាប់បានផ្ញើរសារគំរាមកំហែង ប្រើពាក្យសំដីអសុរោះ មើលងាយលើរូបនាងជាខ្លាំង អាងអំណាចជាកូនមន្រ្តីធំ ធ្វើឱ្យនាងគិតថា ហាក់បីដូចជាអស់សង្ឃឹម នៅក្នុងរឿងនេះម្ដងម្កាលផងដែរ។

សំណុំរឿងតារាចម្រៀងវ័យក្មេងរូបសម្រស់ស្រស់ប្រិមប្រិយ កញ្ញា សុខ ចិន្ដា ហៅ វ៉ាន់ នីឡា នឹងត្រូវសាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី31 ខែតុលា ឆ្នាំ2018 នេះហើយ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាដោយចេតនា និងចែកចាយរូបភាពអាសអាភាស ដែលបានប្រព្រឹត្តិដោយអតីតសង្សារជាមន្ដ្រីនគរបាលក្រសួងមហាផ្ទៃ កាលពីឆ្នាំ2018។ យ៉ាងណាមិញនាងបាន ប្រាប់អ្នកសារព័ត៌មានថា «ស្អែកនេះ ( ថ្ងៃទី 31 តុលា ) សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកា លើសំណុំរឿងរបស់នាងខ្ញុំ ហើយនាងខ្ញុំក៏សូមអំពាវនាវ ដល់សាលាឧទ្ធរណ៍ ជួយបន្ដផ្ដល់យុត្តិធម៌ដល់នាងខ្ញុំ ដូចសាលាដំបូងរាជធានីភ្នំពេញដែរ»។

គួររំឭកផងដែរដា ប៉ុន្មានខែមុនពាក់ព័ន្ធជាមួយនឹងការកាត់សេចក្ដីរបស់តុលាការនេះ វ៉ាន់ នីឡា បានសរសេរនៅក្នុងសង្គមហ្វេសប៊ុក របស់នាងថា «សួស្ដីអ្នកទាំងអស់គ្នា នេះគឺជាដំណឹងល្អ ! តុលាការបានប្រកាសសាលក្រមរួចហើយ នៅសាលាដំបូងរាជធានីភ្នំពេញ។ 1-ផ្តន្ទាទោស គុយសិទ្ធិសក្តិ ចំនួន1ឆ្នាំ, 2-សំណងជំងឺចិត្ត200លានរៀល»។

វ៉ាន់ នីឡា បានបន្តទៀតថា «នាងខ្ញុំសូមអរគុណបងប្អូន ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។ អរគុណសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម, ក្រុមគ្រួសារតារាកម្ពុជា លោកមេធាវី នួន បូរ៉ា និងលោកមេធាវី ជា សុខចាន់ ក៏ដូចជាបងប្អូនសិល្បករ ដែលបានផ្តិតមេដៃលើញត្តិចំនួន600នាក់ជាង តាមរយៈលោកជំទាវរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ដើម្បីជំរុញចំណាត់ការ របស់ក្រសួងមហាផ្ទៃ។ នាងខ្ញុំសូមថ្លែងអំណរគុណមែនទែន។ នាងខ្ញុំនឹងផ្តល់ព័ត៌មានកលម្អិត នាពេលបន្តិចទៀតនេះ»៕

Advertisement