លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី 2 ទៀតបន្ដបន្ទាប់ពីរឿង «កូនពស់កេងកង»

កក្រើកទៀតហើយជាមួយស្នាដៃដ៏អស្ចារ្យរបស់កំពូលអ្នកដឹកនាំរឿង លោក ហ្វៃ សំអាង តាមរយៈរឿង «កូនពស់កេងកង» ត្រៀមចូលខ្លួនមកអង្រួនដួងចិត្តទស្សនិកជនលើកញ្ចក់ទូរទស្សន៍ហង្សមាសជាមួយការថតចំណាយ​ដើមទុនខ្ពស់ព្រមទាំងកម្រិតបច្ចេកទេសទំនើបៗ។ រឿងភាគល្អឯកមួយនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជារឿងភាគដំបូងយ៉ាងពិសេសសម្រាប់លើកមុខមាត់វិស័យភាពយន្តខ្មែរឱ្យ​កាន់តែល្បីរន្ទឺ។

តារាច្រើនជំនាន់បានមកជួបជុំគ្នាដើម្បីសម្ពោធជាផ្លូវការរឿង«កូនពសកេងកង»ដែលចាក់បញ្ចាំងជាផ្លូវការនាស្ថានីយទូរទស្សន៍ហង្សមាសនៅថ្ងៃទី 5 ខែវិច្ឆិកា ចាប់ពីថ្ងៃចន្ទ ដល់ពុធ។ ក្នុងពិធីសម្ពោធរឿងនេះ មានវត្តមានតារាក្នុងសាច់រឿងច្រើនដួងបានចូលរួមដូចជាអ្នកដឹកនាំរឿងល្បីឈ្មោះលោក ហ្វៃ សំអាង អ្នកស្រី ប៉ុល ពិសី អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង លី ម៉ារីណា អ្នកនាង ស្វែង សុជាតា កញ្ញា តូតា កញ្ញា ឌុច លីដា កញ្ញា ម៉ៃយ៉ា លោក ញ៉ែម សុគន្ឋ លោក ម៉េង ប៊ុនឡូ ព្រមទាំងតារាកិត្តិយសជាច្រើនទៀត។ រឿង «កូនពស់កេងកង» មានចម្រៀងតាក់តែងនិពន្ធថ្មីដោយលោក ហ្វៃ សំអាង ចំនួន17បទដោយច្រៀងដោយតារាចម្រៀងហង្សមាសល្បីៗ។ លើសពីនេះ ក៏លេចឭថាស្នាដៃរបស់អ្នកដឹកនាំរឿងល្បីរូបនេះ ត្រូវបានស្ថានីយទូរទស្សន៍ថៃដ៏ល្បីមួយចង់ទាក់ទងទិញផ្តាច់មុខយកទៅបញ្ចាំងនៅស្រុកថៃ។ ប៉ុន្តែត្រូវបានលោក ហ្វៃ សំអាង ច្រានចោលក្រោយចុះសិទ្ធិប្រគល់ឱ្យ​ហង្សមាសដាច់ មុននឹងខាងថៃទំនាក់ទំនងមក។

គួរបញ្ជាក់ផងដែរថា លោក ហ្វៃ សំអាង គ្រោងផលិតរឿងថ្មី2ទៀត ដោយលោកមិនទាន់បង្ហាញថា ជារឿងអ្វីហើយក៏នឹងបញ្ចាំងលើកញ្ចក់ទូរទស្សន៍ហង្សមាសដដែល។ រឿង«កូនពស់កេងកង»បានបង្ហាញពីសម័យកាល3មាន លង្វែក ឧដ្តុង ចតុមុខជាមួយការគ្រងសម្លៀកបំពាក់តាមប្រពៃណីខ្មែរសម័យបុរាណ ការទៅវត្តអារាម ការពូនភ្នំខ្សាច់។ អ្វីដែលសំខាន់ក៏មានការបញ្ចូលសត្វមួយចំនួនថតសម្តែងជាមួយតួដូចជាពស់ថ្លាន់ ពស់វែក តុកកែជាដើម ព្រមទាំងបញ្ចូលតួអង្គកំប្លែងល្បីៗជាច្រើនដួងចូលរួមលើកមុខមាត់ខ្សែភាពយន្តដ៏ល្អនេះ៕

Advertisement