សន វិជ្ជបុត្រ៖ ខ្ញុំធ្វើសកម្មភាពសប្បុរសធម៌មិនចង់បានផលតបស្នងទេ

បន្ទាប់ពីអ្នកនាង ប៊ូ ស៊ីណា ត្រូវបានគេដឹងថាកំពុងតែជួបការលំបាកក្នុងការខ្វះខាតថវិការហូតយកប្លង់ដីទៅបញ្ចាំ ដើម្បីព្យាបាលជំងឺមហារីកសុដន់ ត្រូវបានតារាចម្រៀង លោក សន វិជ្ជបុត្រ ចេញមុខស្វះស្វែងជួយរកជំនួយបន្ថែមដើម្បីឱ្យនាងមានលទ្ធភាពទៅវះកាត់ជំងឺមហារីកសុដន់នៅប្រទេសថៃ។

អ្នកនាង ប៊ូ ស៊ីណា មានវ័យ 39ឆ្នាំ ត្រូវបានមហាជនជាច្រើនស្គាល់នាងថា ជាអ្នកខេត្តកំពង់ចាម និងបានចាប់អាជីពជាអ្នកចម្រៀងតាំងពីឆ្នាំ 2003មក។ ពិសេស មុនពេលជួបបញ្ហាបែបនេះអ្នកនាងក៏ជាអ្នកធ្លាប់ចូលរួមក្នុងកិច្ចការងារសប្បុរសធម៌ជួយជនក្រីក្រមួយចំនួនដែរ។ ដោយសារតែជំងឺមហារីកសុដន់បានធ្វើឱ្យអ្នកនាង មានអារម្មណ៍តក់ស្លុតជាខ្លាំងក្នុងរង្វង់២០ថ្ងៃចុងក្រោយនេះ។ ពិសេសនៅគ្រាដែលនាងពុំមានថវិកាគ្រប់គ្រាន់ក្នុងការព្យាបាលខ្លួន គឺអ្នកនាងបានបណ្ដោយខ្លួនទៅតាមព្រហ្មលិខិត។

ទោះជាយ៉ាងណាអារម្មណ៍របស់នាងបានធូរស្បើយ និងចាប់ផ្ដើមមានសង្ឃឹមឡើងវិញហើយថា នឹងអាចមានជីវិតរស់នៅបន្ដទៅមុខទៀតបានហើយ ដោយសារតែការប្រឹងប្រែងរបស់លោកសន វិជ្ជបុត្រ និងតារាចម្រៀងកញ្ញា អេណា បានខ្នះខ្នែងខិតខំជួយប្រកូកប្រកាសប្រមែប្រមូលរកជំនួយពីសប្បុរជននានាទាំងក្នុង និងក្រៅប្រទេស ជាពិសេសអ្នកនៅអូស្ត្រាលីដែលបានផ្ដល់ក្ដីស្រឡាញ់ដល់អ្នកនាង ប៊ូ ស៊ីណា ច្រើនជាងគេ។ ពោលគឺលោក វិជ្ជបុត្រ និងកញ្ញា អេណា បានរកជំនួយពីសប្បុរសជននានាបានខ្ទង់ជាង៤ពាន់ដុល្លារជូនដល់អ្នកនាង ស៊ីណា ដែលត្រូវទៅវះកាត់នៅប្រទេសថៃក្នុងថ្ងៃសៅរ៍ទី27 ឧសភា ឆ្នាំ2017នេះ។

អ្នកនាង ប៊ូ ស៊ីណា ប្រាប់ថា នាងគ្មានលុយគ្រប់គ្រាន់ក្នុងការព្យាបាលខ្លួនទេ ដូច្នេះមានតែបណ្ដោយតាមព្រហ្មលិខិត ព្រោះមុននេះអ្នកនាងបានដាក់ប្លង់ដីភូមិនៅស្រុកកំណើត ខេត្តកំពង់ចាមបានតម្លៃ1500ដុល្លារ គេយកក្នុង100ដុល្លារ ការ10ដុល្លារ ប៉ុន្ដែនៅពេលនេះបានគុណនៃការសន្តោសពីសប្បុរសជនទាំងនៅអូស្ត្រាលី និងភ្នំពេញជួយបានជាង៤ពាន់ដុល្លារ ធ្វើឱ្យអ្នកនាងមានសង្ឃឹមរស់រានមានជីវិតឡើងវិញហើយ។

គួរបញ្ជាក់ថា ក្រៅពីជំនួយមកពីបរទេសហើយនោះ លោកសន វិជ្ជបុត្រ តារាសម្តែងកញ្ញា យ៉ាយ៉ាឃ្វីន កញ្ញា អេណាតារាចម្រៀងក្នុងផលិតកម្មអឹម អ្នកនាងចន ច័ន្ទលក្ខិណា បានផ្ញើថវិកា50ដុល្លារ និងលោកឧកញ៉ា ធី ឬទ្ឋិសី ដែលឃើញតាមការផ្សព្វផ្សាយ បានឆ្លៀតពេលចុះទៅផ្ទាល់ និងយកអំណោយថវិកាទៅជូនដល់ដៃអ្នកនាងប៊ូ ស៊ីណាសរុបទាំងអស់បានចំនួន4328ដុល្លារ អាមេរិក។

ដោយឡែកលោកសន វិជ្ជបុត្របានបញ្ជាក់ថា៖ ចំពោះសកម្មភាពសប្បុរសធម៌គឺ ខ្ញុំបានធ្វើជាច្រើនលើកមកហើយដោយមិនសំដៅលើជនណាម្នាក់ទេ ឱ្យតែមានការលំបាក និងខ្ញុំទទួលបានដំណឹងខ្ញុំនឹងជួយទៅតាមលទ្ធភាព”។

លោកបន្ដថា ការប្រឹងប្រែងធ្វើសកម្មភាពនេះលោកពុំដែលរំពឹងថា នឹងបានការតបស្នង ឬក៏ទទួលកុសលផលបុណ្យមកវិញឡើយ។ សំខាន់គឺលោកចង់ឃើញអ្នកជួបការលំបាកទាំងនោះមានស្នាមញញឹមឡើងវិញ នោះជាការសប្បាយចិត្ដរបស់លោកហើយ ព្រោះទម្រាំតែលោកអាចឈរមកដល់ចំណុចដូចសព្វថ្ងៃនេះ លោក និងគ្រួសារបានហែលឆ្លងការលំបាកក្នុងជីវិតជូរចត់អស់ច្រើនណាស់ ដូច្នេះទើបលោកយល់ពីការលំបាកនៃជីវិតអ្នកក្រខ្សត់នោះ៕

Advertisement