បវរកញ្ញា ឌី លីកា វិលមកកម្ពុជាទាំងស្នាមញញឹម និងមានទំនុកចិត្តខ្លាំង

ព្រឹត្តិការណ៍វគ្គផ្ដាច់ព្រ័ត្រ Miss Grand International 2018 ត្រូវបានបញ្ចប់ក្នុងប្រទេសមីយ៉ាម៉ា កាលពីយប់ថ្ងៃទី25 ខែតុលា តំណែងមកុដបវរកញ្ញាស្រីស្អាតបានទៅលើបេក្ខនារីមកពីប្រទេសប៉ារ៉ាហ្គាយ នាងមានឈ្មោះថា Clara Sosa ។ តែយ៉ាងណាមិញ បវរកញ្ញា ឌី លីកា ដែលជាបេក្ខភាពតំណាងប្រទេសកម្ពុជា ក៏បានខិតខំប្រឹងអស់ពីសមត្ថភាព និងទទួលបានកម្លាំងចិត្តពីអ្នកគាំទ្ររបស់ខ្លួនយ៉ាងភ្លូកទឹកភ្លូកដីដែរ បើទោះជានាងមិនជាប់ជយលាភីក៏ដោយ។

ផ្អែកលើគណនីហ្វេសប៊ុក Miss Grand Cambodia ប៉ុន្មានម៉ោងមុន បានបង្ហោះរូបបវរកញ្ញា ឌី លីកា បានត្រឡប់មកមាតុភូមិវិញ ដោយស្នាមញញឹមមកកាន់អ្នកគាំទ្រ ក្នុងនោះក៏មានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមគ្រួសារ និងអ្នកគាំទ្រផងដែរ។ នៅក្នុងផេចហ្វេសប៊ុកដដែលបានរៀបរាប់ថា «សូមស្វាគមន៍មកកាន់មាតុប្រទេសដ៏បវរនៃយើង មាតុភូមិដែលពោរពេញដោយសាមគ្គីភាព ភាតរភាព ការរួបរួម ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក។ ទឹកដីដែលប្រកបដោយភាពរីករាយ គាំទ្រដើម្បីបុព្វហេតុខ្មែរនៅលើវេទិកាអន្តរជាតិ។ សូមថ្លែងអំណរគុណនូវភាពកក់ក្តៅ និងកម្លាំងចិត្តដ៏មហិមានៃប្រជាជនកម្ពុជា » ។

ជាមួយគ្នានោះដែរ ឌី លីកា ក៏បានថ្លែងថា « ជាថ្មីម្តងទៀត នាងខ្ញុំសូមគោរពថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ពីសំណាក់ ក្រុមហ៊ុនអាកាសចរ Emirates ដែលបានយកចិត្តទុកដាក់ និងសម្រួលដល់ការធ្វើដំណើរទៅបំពេញកាតព្វកិច្ចនៃនាងខ្ញុំ។ សូមថ្លែងអំណរគុណអ្នកបង Malen , អ្នកបង Solida, ប្រធានផ្នែកគ្រប់គ្រងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងសហការី , ប្រធានផ្នែកគ្រប់គ្រងនៅអាកាសយានដ្ឋានអន្តរជាតិយ៉ាងហ្គន និងសហការី ដែលអនុគ្រោះចំពោះការលើសគីឡូដល់ទៅ 20kg របស់នាងខ្ញុំទាំងទៅនិងដំណើរមកវិញ។ កុំភ្លេចណាប្រិយមិត្ត ប្រសិនមានបំណងធ្វើដំណើរទៅកាន់ទីក្រុង YANGON ឬDUBAI អ្នកនឹងទទួលបាននូវភាពរីករាយ ក៏ដូចជាផាសុកភាពនៃការធ្វើដំណើរ ជាមួយយន្តហោះដ៏ទំនើបទាន់សម័យ ម្ហូបអាហារក៏ឆ្ងាញ់ ថែមទាំងស្នាមញញឹមនិងភាពរាក់ទាក់ដ៏កក់ក្តៅពីសំណាក់ក្រុមបាហុនិកានៃក្រុមហ៊ុនអាកាសចរ Emirates »៕

 

Advertisement