អ្នកណាហ្វេនគាត់ខ្លះ!! អ្នកស្រីម៉ៅ សំណាង វិលត្រឡប់មកវិញជាមួយស្នាដៃថ្មី «ប្រលោមចិត្ត»

នៅរយៈពេលប្រមាណ10ឆ្នាំចុងក្រោយនេះ អ្នកស្រីម៉ៅ សំណាង ឬអ្នកពន្ធ ទន្សាយ បានបាត់មុខពីការតែងនិពន្ធ ដែលអ្នកស្រីអះអាងថា ដោយសារតែបញ្ហាសុខភាព និងពេលវេលា។ កាលពីពេលថ្មីៗនេះ​អ្នកស្រីបានបង្ហើបប្រាប់ឱ្យដឹងថា អ្នកស្រីបានសម្រេចចិត្តត្រលប់មក ដោយការចាប់កាន់ស្លាបប៉ាកាឡើងវិញ ក្រោយសុខភាពបានរឹងមាំ និងមានការលើកទឹកចិត្តជាច្រើនពីអ្នកគាំទ្រ។

អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានជូនពរ និងស្នើឱ្យអ្នកស្រីបន្តការសរសេរ រឿងប្រលោមលោកឡើងវិញ។ ឆ្លើយតបចំពោះការទទូចសុំបែបនេះ ​អ្នកស្រី ម៉ៅ សំណាង បានប្រកាសថា អ្នកស្រីនឹងបោះពុម្ភសៀវភៅប្រលោមលោកថ្មីមានចំណងជើង «ប្រលោមចិត្ត» នៅចុងឆ្នាំ2018នេះ។ នៅលើទំព័រហ្វេសប៊ុក​អ្នកស្រី ម៉ៅ សំណាង បានលើកឡើងថា« ខ្ញុំកំពុងតែត្រៀមបោះពុម្ភ ប្រលោមលោកថ្មីមួយ ដែលមានចំណងជើងថា ប្រលោមចិត្ត។ គ្រាន់តែលឺសូរចំណងជើង មិត្តអ្នកអានប្រាកដជាបានយល់ហើយ ប្រលោមចិត្ត គឺមានអត្ថរសអប់រំ តម្លៃសន្ដិភាពផ្លូវចិត្ត បណ្ដុះបណ្ដាលនូវចិត្តមេត្តា ទន់ភ្លន់ ស្មោះត្រង់ ហើយប្រលោមចិត្តក៏ជួយរួមចំណែក ដើម្បីលួងលោមចិត្ត អ្នកមានវិបត្តិទាំងអស់…»។

គួរបញ្ជាក់ដែរថា អ្នកនិពន្ធជើងចាស់ ដែលធ្លាប់ឆក់យកដួងចិត្តអ្នកអាន និងឈ្នះពានរង្វាន់ផ្នែកនិពន្ធជាច្រើន បានបន្តថា អ្នកស្រីនឹងនៅតែធ្វើកិច្ចការតែងនិពន្ធ ដែលអ្នកស្រលាញ់រៀងមកជាបន្តទៀត មិនថា10 ឬ20ឆ្នាំទៀត ប្រសិនបើមានការគាំទ្រ និងលើកទឹកចិត្តពីមិត្តអ្នកអាន៕

Advertisement