នាវាយក្ស TitanicII មានតម្លៃជាង 500 លានដុល្លារ គ្រោងចេញដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចនៅឆ្នាំ 2022

អស់រយៈពេលជិត 110 ឆ្នាំមកហើយ ដែលកប៉ាល់ទីតានិចបានលិចទៅក្នុងជម្រៅនៃបាតមហាសមុទ្រអាត្លង់ទិច ក៏ប៉ុន្ដែខណៈនេះក្រុមហ៊ុនដឹកជញ្ជូនអូស្ត្រាលីមួយបានគ្រោងនឹងសម្ពោធនាវាយក្ស Titanic II ដោយគ្រោងចេញដំណើរឆ្លងកាត់មហាសមុទ្រអាត្លង់ទិចជាថ្មីម្ដងទៀតនៅក្នុងឆ្នាំ 2022 តាមរយៈផ្លូវទឹកដែលនាវា Titanic ដំបូងបានបើកឆ្លងកាត់ដូចគ្នា។

លោក Clive Palmer ប្រធានក្រុមហ៊ុន Blue Star Line បានថ្លែងប្រាប់អ្នកសារព័ត៌មានបរទេសថា ក្នុងការសាងសង់នាវាយក្សដែលមានលំនាំចម្លងរចនាបទ្មពីនាវាដើម Titanic ដ៏ល្បីល្បាញមួយនេះ ត្រូវបានធ្វើឡើងនៅក្នុងអំឡុងឆ្នាំ 2013 ម្ដងរួចមកហើយ ប៉ុន្តែគម្រោងនេះត្រូវបានផ្អាកវិញ ដោយសារតែជួបឧបសគ្គរឿងហិរញ្ញវត្ថុ។ លោកថា ការសង់នាវានេះ ទាំងបន្ទះក្ដារក្នុងនាវា និងទឹកថ្នាំព័ណ៌ ត្រូវបានរចនាយ៉ាងផ្ចិតផ្ចង់តាមទម្រង់ដើមមកវិញទាំងស្រុង សូម្បីតែបន្ទប់និមួយៗ ក៏នៅរក្សាទ្រង់ទ្រាយដើមមកវិញផងដែរ។

លោក Palmer បន្ដថា គម្រោងនាវាយក្សនឹងបានបញ្ចប់ក្នុងខ្ទង់ចំណាយជាង 500 លានដុល្លារ។ សម្រាប់នាវាTitantic II នេះ គ្រោងនឹងចេញដំណើររយៈពេល 2 សប្តាហ៍នៅឆ្នាំ 2022 ខាងមុខនេះ ដែលបង្កភាពភ្ញាក់ផ្អើលដល់ពិភពលោកជាថ្មីម្ដងទៀត។

គួរបញ្ជាក់ផងដែរថា ការចេញដំណើរជុំវិញពិភពនេះ លោកបានបំផុសគំនិតទាក់ទាញ និងការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះភាពអាថ៌កំបាំងជាច្រើនដែលមនុស្សគ្រប់គ្នាចង់ដឹងពីរឿងរ៉ាវនៃដំណើរប៉ាល់ទីតានិច។ សូមរំឭកបន្ដិចដែរថា នាវាយក្សធំជាងគេនៅលើពិភពលោកTitanic បានលិចចូលទៅក្នុងបាតមហាសមុទ្រកាលពីព្រឹកថ្ងៃទី 15 ខែមេសាឆ្នាំ 1912 បន្ទាប់ពីបានប៉ះទង្កិចជាមួយផ្ទាំងទឹកកកនៅកណ្តាលមហាសមុទ្រអាត្លង់ទិច បានធ្វើឱ្យមនុស្សប្រមាណ 1500 នាក់បានស្លាប់បាត់បង់ជីវិត ក្នុងចំណោមអ្នកដំណើរចំនួន 2400 នាក់និងសមាជិកនាវិក 900 នាក់៕

Advertisement